ខេត្តក្រចេះ ៖ សកម្មភាពដឹកឈើប្រណីត កំពុងតែកើតមាន យ៉ាងអនាធិបតេយ្យ តាមរថយន្តកាមរីបាឡែន និងរថយន្តផ្សេងៗទៀត ចេញពីចំណុច ស្រុកសំបូរ និងស្រុកចិត្របុរី ក្នុងទឹកដីនៃខេត្តក្រចេះ គេមិនដែលឃើញលោក ឃ្លាំង រ័ត្ន នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ចាត់វិធានការបង្ក្រាប ម្តងណាឡើយ ហើយបើនិយាយពីលោក ប៉ុក វណ្ណា ដែលជានាយសង្កាត់ រដ្ឋបាលព្រៃឈើថ្មគ្រែ មិនសូវទៅធ្វើការទេ ទុកឲ្យលោក ឃ្លាំង រ័ត្ន ធ្វើអ្វីៗតាមតែទំនើងចិត្ត។
ប្រជាពលរដ្ឋបានរាយការណ៍ថា បច្ចុប្បន្ននេះមានឈ្មួញជាច្រើន បាននាំគ្នាដឹកជញ្ជូនឈើប្រណីត ទាំងថ្ងៃទាំងយប់តាមផ្លូវជាតិមាត់ទន្លេ ចន្លោះពីក្រុងក្រចេះ- ដល់ស្រុកសំបូរ ដោយឆ្លងកាត់តាមមុខ ទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ តែមន្ត្រីរបស់លោក ឃ្លាំង រ័ត្ន ធ្វើមិនឃើញ។ ឈ្មួញដែលរកស៊ីដឹកឈើប្រណីត ដ៏សកម្មម្នាក់ឈ្មោះលោក ហេង គន្ធា កំពុងតែត្រូវប៉ាន់ និងកាក់កបខ្លាំងណាស់ ក្នុងការប្រមូលទិញ និងលក់ឈើប្រណីត។
ជាធម្មតាលោក ហេង គន្ធា បានដឹកឈើតាមទូក យកមកទម្លាក់នៅតាមមាត់ទន្លេ ដោយលាក់តាមច្រាំង ហើយពេលមានឱកាសលោក ហេង គន្ធា បានលើកឈើដាក់តាម រថយន្តបាឡែនដឹកចេញពីចំណុចភូមិធំ បន្តយកទៅលក់នៅព្រំប្រទល់ ខេត្តក្រចេះ-កំពង់ចាម ដោយសុវត្ថិភាព។ លោក ហេង គន្ធា មិនត្រឹមតែជាឈ្មួញ ដឹកឈើខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងអួតអាងថា ខ្លួនមានខ្សែស្រឡាយធំៗណាស់ គ្មាននរណាហ៊ានប៉ះពាល់ទេ ហើយក៏មិនខ្លាចចំណាត់ការ របស់រាជរដ្ឋាភិបាលនោះដែរ។
ប្រជាពលរដ្ឋបានរិះគន់លោក ឃ្លាំង រ័ត្ន នាយរងសង្កាត់ថ្មគ្រែ ដោយចំអកថា ជំនាញរដ្ឋបាលព្រៃឈើមិនដែលហ៊ានចេញមុខ បង្ក្រាបការដឹកឈើ ខុសច្បាប់របស់លោក ហេង គន្ធា ម្តងណាឡើយ ប្រហែលជាលោក ឃ្លាំង រ័ត្ន ទទួលបានសំណែនលោក ហេង គន្ធា ហើយមើលទៅ។ កន្លងមកលោក ឃ្លាំង រ័ត្ន ពូកែខាងបង្ក្រាប និងចាប់បទល្មើស ដឹកជញ្ជូនឈើខុសច្បាប់របស់ប្រជាពលរដ្ឋ និងឈ្មួញតូចតាច តងែមិនដែលហ៊ានប៉ះពាល់ ការរកស៊ីឈើខុសច្បាប់ របស់លោក ហេង គន្ធា នោះទេ សង្ស័យទទួលបានសំណែន ជាប់ជាប្រចាំហើយមើលទៅ៕
Source from: watphnom-news.com























Loading...




Post a Comment