រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ឲ្យផ្អាកការនេសាទ និងធ្វើដំណើរកម្សាន្តតាមសមុទ្រ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ដោយសារតែនៅភាគខាងត្បូង ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលសម្ពាធទាបសកម្ម ដែលបង្កឲ្យមានភ្លៀង ពីមធ្យមទៅច្រើន និងខ្យល់កន្ត្រាក់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ វិសម្ពាធមួយ ដែលកើតមាន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើដំណើរឆ្លងចូលមកដល់ សមុទ្រចិនខាងត្បូង និងកំពុងបន្តដំណើរ ឆ្ពោះមកទិសខាងលិច ក្នុងល្បឿន ២២ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ យោងតាមការព្យាករណ៍ វិសម្ពាធនេះនឹងធ្វើដំណើរមកដល់ ភាគអាគ្នេយ៍ប្រទេសវៀតតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នឹងថយឥទ្ធិពលមកជាសម្ពាធទាបសកម្ម ហើយនៅរសៀលថ្ងៃដដែល សម្ពាធទាបសកម្មនេះ នឹងធ្វើដំណើរកាត់ភាគ ខាងត្បូងរបស់ប្រទេសកម្ពុជា។
បាតុភូតធម្មជាតិខាងលើនេះ អាចនឹងបង្កឲ្យស្ថានភាពអាកាសធាតុ នៅប្រទេសកម្ពុជា នៅតំបន់ទំនាបកណ្តាល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ អាចនឹងមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ នៅផ្នែកមួយចំនួន នៃរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិសាត់ ប៉ៃលិន បាត់ដំបង សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម។ នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ អាចនឹងមានភ្លៀងធ្លាក់ ហើយផ្ទៃសមុទ្រអាចនឹងមានភ្លៀង និងខ្យល់បក់បោកខ្លាំង ហើយរលកសមុទ្រ អាចមានកម្ពស់ពី មួយម៉ែត្រទៅពីរម៉ែត្រ៕
Source from: watphnom-news.com























Loading...




Post a Comment