ខេត្តព្រះសីហនុ ៖ ទំនាស់ដីធ្លីនៅតំបន់ព្រែកទប់ នៃអាងស្តុកទឹកស្អាត ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានជម្លោះដ៏រ៉ាំរ៉ៃរវាងលោកស្រី ប៉ុល ពិសី ជាភរិយាលោក អ៊ីង សារិន អតីតអភិបាលរង ក្រុងព្រះសីហនុ ជាមួយលោកផ្កាយ៣ តេង សួន ប្រធាននាយកដ្ឋាន នគរបាលព្រំដែនទឹក នៃក្រសួងមហាផ្ទៃ ឥឡូវនេះលោកស្រី ប៉ុល ពិសី បានដាក់ពាក្យបណ្ដឹង សុំអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធមួយចំនួន ឲ្យជួយផ្តល់ភាពយុត្តិធម៌ ជូនគាត់ដែលជាជនរងគ្រោះ។
ក្នុងពាក្យបណ្តឹងទាំងពីរច្បាប់នោះ គឺទី១ ដាក់ជូនរដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្ម សុរិយោដីនិងសំណង់ និងមួយច្បាប់ទៀតដាក់ជូន ឧបនាយករដ្ឋមន្ត្រី អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដើម្បីសុំកិច្ចអន្តរាគមន៍តាមផ្លូវ ច្បាប់ ក្រោយពេលយល់ឃើញថា សាលាដំបូងខេត្តព្រះសីហនុ មានភាពលំអៀង កាត់សេចក្តីមិនយុត្តិធម៌ ហើយទំនាស់ក៏បានចាប់ផ្តើមឡើង ដោយសារតែលោក តេង សួន មានគំនិតទន្ទ្រាន យកដីរបស់អ្នកដទៃ ដោយអាងលើសិទ្ធិអំណាច របស់គាត់ពាក់ផ្កាយ ៣ ពេញស្មារ។
លោកស្រី ប៉ុល ពិសី បានលើកឡើង ក្នុងលិខិតសុំអន្តរាគមន៍នោះ ដោយចោទប្រកាន់លោក តេង សួន និងមនុស្សចំនួន ៣ នាក់ផ្សេងទៀតគឺទី១-ឈ្មោះ អ៊ឹង សែនសម្បត្តិ ប្រធានវរៈលេខ២៤០ នគរបាលព្រំដែនទឹកទី២-ឈ្មោះ អ៊ូច ឡាយ អតីតមេប៉ុស្តិ៍ប៉ូលិស សង្កាត់លេខ២ ដែលបានចូលនិវត្តន៍និងទី៣-លោក កាន់ ឡឹង ជាចៅសង្កាត់លេខ៣ តំបន់ដីទំនាស់នេះ ដោយចោទពីបទឃុបឃិតគ្នា ក្លែងបន្លំយកដីរបស់គាត់។ លោកស្រី ប៉ុល ពិសី បានរៀបរាប់ដំណើររឿង និងភស្តុតាងជាច្រើន ដើម្បីសុំកិច្ចអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធផងដែរ។
ពាក់ពន្ធ័ទំនាស់ដីធ្លីខាងលើនេះ បើពិនិត្យទៅលើឯកសារមួយចំនួន របស់លោកស្រី ប៉ុល ពិសី ក៏ដូចជាលោក តេង សួន សុទ្ធសឹងបានបញ្ជាក់ យ៉ាងច្បាស់លាស់ ពីការទិញលក់ពីមនុស្ស ២ នាក់ដូចគ្នា គឺឈ្មោះ ប៉ូច ចំរើន និងប្រពន្ធឈ្មោះ នូ ស៊ីម៉ាឡា ប៉ុន្តែទីតាំងដីខុសគ្នា គឺដីលោកស្រី ប៉ុល ពិសី ដែលទិញនោះមានព្រំប្រទល់ ខាងត្បូងទល់និងលោក ខាត ប៊ុនណា ខាងជើងទល់និងឈ្មោះ អ៊ូច ឡាយ ខាងកើតទល់និងផ្លូវកៅស៊ូ និងខាងលិចទល់នឹងបឹង។
ចំណែកឯដីលោក តេង សួន វិញ មានព្រំប្រទល់ខាងត្បូង ទល់និងឈ្មោះ អ៊ូច ឡាយ ខាងជើងទល់និងឈ្មោះ ឆាយ ថូង ខាងកើតទល់និងផ្លូវកៅស៊ូ និងខាងលិចទល់និងឈ្មោះ ចេង សាវុធ ។ សរុបសេចក្តី មក រវាងលោក តេង សួន និងលោកស្រី ប៉ុល ពិសី គឺសុទ្ធតែបានទិញដីពីឈ្មោះ ប៊ូច ចំរើន និងប្រពន្ធឈ្មោះ នូ ស៊ីម៉ាឡា ដូចគ្នានិងទីតាំងដី ដាច់ដោយឡែកពីគ្នា ប៉ុន្តែដោយសារតែលោក តេង សួន គាត់មានគំនិតចង់បានដី របស់លោកស្រី ប៉ុល ពិសី វាផ្ទុយនិងឯកសារ ទិញលក់ដីរបស់គាត់ ទើបបង្កបញ្ហារហូតមានការប្តឹងប្តល់។
អ្វីដែលលោកស្រី ប៉ុល ពិសី ចង់បានភាពយុត្តិធម៌នោះ គឺលោក តេង សួន បានទិញដីនៅចំណុចណា ឲ្យគាត់ទៅគ្រប់គ្រង កន្លែងនោះវិញទៅ ចប់រឿងហើយគ្មានអ្វី ទំនាស់គ្នាទៀតទេ។ គួររំលឹកផងដែរថាបច្ចុប្បន្នដីជុំវិញបឹងព្រែកទប់ ដែលជាដីរបស់រដ្ឋ កំពុងត្រូវបានគេឃុបឃិតគ្នា ធ្វើការវាស់វែងដើម្បីចេញប្លង់កម្មសិទ្ធិ ជាលក្ខណៈឯកជនអស់ហើយ មិនមានសេសសល់នោះឡើយ ក្រោមលេសដែលគេបានយក ប្រជាពលរដ្ឋរស់នៅពិតប្រាកដ ៥១ គ្រួសារជាតំណាង។ ចំណុចមិនប្រក្រតីនេះ សូមឲ្យក្រសួង ពាក់ព័ន្ធ គួរពិនិត្យឡើងវិញ ដើម្បីពង្រឹងច្បាប់ គ្រប់គ្រងដីរដ្ឋនិងដីឯកជន ឲ្យបានច្បាស់លាស់៕
Source from: watphnom-news.com























Loading...




Post a Comment