ខេត្តកំពង់ចាម ៖ ច្រើនឆ្នាំមកហើយដែលលោក ផ្លង់ អោន បានកាន់តំណែង ជាប្រធានច្រកដារ ហៅដូង ៧ដើម ស្ថិតក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ហើយគាត់បានប្រើប្រាស់ សិទ្ធិអំណាចក្នុងការបង្កើតប៉ុស្តិ៍ជជុះ ដើម្បីគាបជំរិតបង្ខំឲ្យ ប្រជាពលរដ្ឋនិងអ្នករកស៊ី ដឹកជញ្ជូនទំនិញ ជាពិសេសក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ បង់លុយទៅតាមការទាមទារ ជាថ្នូរនៃការបិទភ្នែក មិនអនុវត្តន៍បទបញ្ជា របស់រដ្ឋាភិបាល ហើយក្រុមអ្នករកស៊ី ដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ បានទទូចសុំឲ្យលោក លន់ លឹមថៃ ជាអភិបាលខេត្តកំពង់ចាម ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយពិនិត្យមើលភាពអសកម្ម របស់លោក ផ្លង់ អោន ឡើងវិញផង។
សេចក្តីរាយការណ៍ពីច្រកព្រំដែនដូង ៧ដើម បានឲ្យដឹងថា លោក ផ្លង់ អោន មានឱកាសប្រើប្រាស់ មុខតំណែងរបស់ខ្លួន ក្នុងការកោសរូស បង្ខំឲ្យកសិករ ដែលដឹកជញ្ជូនកសិផល មានពោត សណ្តែក ល្ង និងដំឡូង មកពីបណ្តាខេត្តនានា ចេញទៅស្រុកយួន តាមច្រកដារ ឬដូង ៧ដើមបង់លុយ ដោយមិនខ្វល់ខ្វាយ ពីការកែទម្រង់ ឬបទបញ្ជារបស់ថ្នាក់លើនោះទេ ធ្វើយ៉ាងណាឲ្យតែគាត់ អាចប្រមូលលុយយកទៅ ច្រកហោប៉ៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន។ សម្រាប់រថយន្តដឹកជញ្ជូន កសិផលចេញ ទៅស្រុកយួនតាមច្រកដូង ៧ដើមនេះ ក្នុងមួយថ្ងៃៗមានរាប់រយគ្រឿង ហើយក្នុងមួយគ្រឿង ត្រូវបង់លុយថ្លៃក្បាលឡាន ឲ្យលោក ផ្លង់ អោន ចាប់ពី ៨ម៉ឺនដល់១២ ម៉ឺនរៀល ហើយសម្រាប់ម៉ូតូ ដឹកជ័រកៅស៊ូ ក្នុងមួយគ្រឿង ត្រូវបង់លុយប្រមាណ ៣ម៉ឺនរៀល គ្មានការយោគយល់អ្វីទេ។
ប្រជាកសិករបានលើកឡើងថា ក្នុងរដូវប្រមូលផល ដំឡូងមីឆ្នាំ២០១៣នេះ ពួកគាត់ទទួលបានទិន្នផលខ្ពស់ ហើយតម្លៃលើទីផ្សារក៏សមរម្យ ក៏នាំគ្នាដឹកជញ្ជូន យកទៅលក់ឲ្យឈ្មួញយួន ឆ្លងកាត់តាមច្រកដារ ហៅដូង ៧ដើម។ ពេលទៅដល់បារ៉ាស់ច្រកព្រំដែន មន្ត្រីរបស់លោក ផ្លង់ អោន បង្ខំឲ្យបង់លុយ ទៅតាមការកំណត់ គឺសម្រាប់រថយន្តច្នៃ ឬគោយន្តមួយគ្រឿង ត្រូវចំណាយប្រាក់ ៦ម៉ឺនទៅ៨ ម៉ឺនរៀល ហើយសម្រាប់ រថយន្តធំៗ ត្រូវបង់លុយចាប់ពី ១០ទៅ១២ ម៉ឺនរៀល ទើបគេបើកបារ៉ាស់ឲ្យឆ្លងកាត់ បើមិនព្រមបង់លុយទេ កុំសង្ឃឹមថាគេបើកបារ៉ាស់ ឲ្យដឹកកសិផលចេញ ទៅលក់ឲ្យឈ្មួញយួនឲ្យសោះ។ ប្រជាកសិករមួយចំនួន បានទទូចសុំឲ្យមន្ត្រី កាន់បារ៉ាស់ព្រំដែន មេត្តាយោគយល់បញ្ចុះតម្លៃ ប៉ុន្តែគ្មាននរណាអើពើទេ ព្រោះគេអនុវត្តន៍តាមបទបញ្ជា របស់លោក ផ្លង់ អោន ហើយលុយដែលប្រមូលបាន ក៏ត្រូវធ្វើបញ្ជីស្នាមឲ្យបានត្រឹមត្រូវ។
ប្រជាកសិករមួយចំនួន បានលើកឡើងទៀតថា ទាំងកសិផល និងកសិឧស្សាហកម្ម ត្រូវបានប្រជាពលរដ្ឋដឹកជញ្ជូន ពីតាមតំបន់នានា យកទៅលក់នៅស្រុកយួន ដោយឆ្លងកាត់តាមច្រកដារ ហៅដូង ៧ដើម ដូចជាដំឡូងមី ពោតក្រហម និងជ័រកៅស៊ូស្អុយ ត្រូវបានដឹកជញ្ជូនតាមម៉ូតូ និងរថយន្តក្នុង ១ថ្ងៃៗរាប់រយគ្រឿង សុទ្ធតែជាប់កាតព្វកិច្ចបង់លុយ ជូនលោក ផ្លង់ អោន ជាទៀងទាត់ ទើបគេបើកបារ៉ាស់ព្រំដែនឲ្យឆ្លងកាត់ ពោលគឺសម្រាប់រថយន្តមួយគ្រឿង ត្រូវចំណាយពី ៨ម៉ឺនទៅ១២ ម៉ឺនរៀល គ្រាន់តែម៉ូតូមួយគ្រឿង ក៏ត្រូវបង់លុយប្រមាណ ៣ ម៉ឺនរៀលផងដែរ។ ផលប៉ះពាល់ខ្លាំងជាងគេ គឺបងប្អូនប្រជាពលរដ្ឋ ដែលដឹកកសិផលតាម គោយន្តកន្ត្រៃក៏ត្រូវគេបង្ខំ ឲ្យបង់លុយ ៤ម៉ឺនរៀល ធ្វើឲ្យពួកគាត់ជួបផលលំបាកយ៉ាងខ្លាំង ព្រោះជីវភាពទីទាល់ក្រស្រាប់ផង បែរជារងទុក្ខដោយសារតែ ការកោសរូសបង្ខំឲ្យបង់លុយ តាមតែអំពើចិត្តពី លោក ផ្លង់ អោន។
គេមិនទាន់គិតដល់ករណី ឃុបឃិតបិទភ្នែក ឲ្យទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ហូរចូលពីស្រុកយួនយ៉ាងអនាធិបតេយ្យ ដែលលោក ផ្លង់ អោន រក្សាទុកជាផលប្រយោជន៍ សេដ្ឋកិច្ចផងដែរ ពោលគឺបើក្រុមឈ្មួញ និយាយជាមួយ សមត្ថកិច្ចពាក់ព័ន្ធរួចហើយនោះ ក៏មិនអាចមើលរំលងលោក ផ្លង់ អោន បានដែរ ព្រោះការអនុញ្ញាត ឲ្យនាំទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ចូលប្រទេសកម្ពុជា ទាល់តែមានការឯកភាព ឬក៏មានភ្លើងខៀវពីលោក ផ្លង់ អោន គ្មាននរណាម្នាក់ អាចមើលរំលងពីសិទ្ធិអំណាច របស់គាត់បានទេ។ ជាធម្មតា លោក ផ្លង់ អោន មានតួនាទីសម្របសម្រួល ដឹកនាំការងារប្រចាំថ្ងៃនៅច្រកដារ ហៅដូង៧ដើម ប៉ុន្តែគាត់បានប្រើសិទ្ធិអំណាច ដោយបំពានលើអនុក្រឹត្យ របស់រាជរដ្ឋាភិបាល តាមរយៈការលូកដៃជ្រៀតជ្រែក ការងាររបស់មន្ត្រីជំនាញ ហើយសម្ងំកើបលុយការហូរចូលទំនិញគេចពន្ធ យកមកច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងងងើល។
យ៉ាងណាក៏ដោយក្រុមឈ្មួញ ជាច្រើនទៀត ដែលរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ចេញទៅ ស្រុកយួន តាមច្រកដារ ហៅដូង ៧ដើម ក៏ជាប្រភពឆ្នាំងបាយ មិនចេះរីងស្ងួតរបស់លោក ផ្លង់ អោន ផងដែរ ទើបឈ្មួញទាំងនោះ អាចដឹកជញ្ជូនឈើគ្រញូងនិ ងឈើប្រណីតដទៃទៀត ចេញទៅលក់នៅស្រុកយួន ដោយរលូនល្អគ្មាននរណាហ៊ានប៉ះពាល់។ ឈ្មួញខ្លះដើម្បីឲ្យការងារ រកស៊ីដឹកជញ្ជូនទំនិញ របស់ពួកគេសុខស្រួល បានពឹងអាស្រ័យឬឧស្សាហ៍ អញ្ជើញលោក ផ្លង់ អោន ទៅកាន់កន្លែងកម្សាន្ត លំហែអារម្មណ៍ ដើម្បីរក្សាទំនាក់ទំនងល្អ ហើយគេដឹងថា ឈ្មួញជាច្រើនដែលនិយម ការរកស៊ីដឹកជញ្ជូនឈើនិងទំនិញខុសច្បាប់ ឆ្លងកាត់ច្រកដារ ហៅដូង ៧ដើមនេះ ត្រូវតែជូនដំណឹងជាមុន ទៅកាន់លោក ផ្លង់ អោន រៀងរាល់ពេលដឹកទំនិញឆ្លងកាត់ បើមិនដូច្នេះទេនឹងត្រូវលោក ផ្លង់ អោន បង្ក្រាបយ៉ាងកំរោល៕
Source from: watphnom-news.com























Loading...




Post a Comment