រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានស្រាវជ្រាវ តាំងពីយប់រហូតមកដល់ម៉ោងជាង ១ រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ដែលបានធ្វើសកម្មភាព វាយប្លន់យកម៉ូតូជនរងគ្រោះ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដែលអាចចាត់ទុកជាការ បំបែកសំបុកក្រុមក្មេងទំនើង និងស្ត្រីរកស៊ីផ្លូវភេទ ដែលស្ទាក់ប្លន់អ្នកដំណើរពេលយប់ តាមផ្លូវមុនីរ៉េត។។
ជនសង្ស័យមានឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងឈ្មោះ អ៊ុក កុសល ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រីឯជនសង្ស័យ ២នាក់ទៀត ដែលត្រូវបានសមត្ថកិច្ច ធ្វើការដោះលែងមានឈ្មោះ ហុង ចាន់សុខា ភេទប្រុស អាយុ ២៩ឆ្នាំ រកស៊ីបើកអ៊ីធើណេត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះ វ៉ា វ៉ានថន ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ វណ្ណ វីត ភេទប្រុស អាយុ ២០ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិព្រៃគុយ សង្កាត់ព្រៃស ខណ្ឌដង្កោ បាននិយាយថា ក្រុមក្មេងទំនើង រួមនិងស្ត្រីរកស៊ីផ្លូវភេទ បានស្ទាក់វាយប្លន់ យកម៉ូតូរបស់ខ្លួន ម៉ាក Icon ពណ៌ស លាយក្រហម ស្លាកលេខភ្នំពេញ 1AA 1259 ហើយក្នុងហេតុការណ៍នោះ ជនរងគ្រោះ ក៏បាត់ខ្សែកផ្លាកទីន ១ ខ្សែ ទម្ងន់ ៣,៥ ជីផងដែរ។
មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មក ពីដើរលេងនៅកោះពេជ្រ វេលាម៉ោង១០ យប់ថ្ងៃទី១ ខែវិច្ឆិកា ខ្លួនក៏ធ្វើដំណើរមកដល់ផ្លូវមុនីរ៉េត ហួសអាងទឹកបន្តិចមកដល់ មុខសាលាប៊ែលធីអន្តរជាតិ ក៏ជួបប្រទះក្មេងទំនើង និងស្ត្រីរកស៊ីផ្លូវភេទ ដែលឈរក្រោមដើមឈើ ក្នុងកន្លែងងងឹតៗ រួចហើយពួកគេ បានហៅជនរងគ្រោះឲ្យឈប់។ ជនរងគ្រោះមិនទាន់បានឈប់ម៉ូតូផង ស្រាប់តែពួកក្មេងទំនើង បានព្រួតគ្នាវាយ ដណ្តើមយកម៉ូតូ រួចគេចខ្លួនបាត់អស់៕
Source from: watphnom-news.com























Loading...




Post a Comment