រាជធានីភ្នំពេញ ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសកាលពីសប្តាហ៍មុនថា មន្ត្រីរាជការរាប់ទាំង នាយនគរបាលក្នុងតំណែង ដែលកាត់ប្រាក់ខែមន្ត្រីថ្នាក់ក្រោម នឹងប្រឈមផលវិបាក រាប់ទាំងបទចោទប្រកាន់ខាងព្រហ្មទណ្ឌផងដែរ ហើយឥឡូវនេះ មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានធ្វើការលាតត្រដាត អំពីរឿងអាស្រូវមួយចំនួន របស់លោក វ៉ាន់ សារឿន ស្នងការនគរបាលខេត្តព្រៃវែង ទាក់ទិនការប្រមូលលុយ ពីក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ និងការកាត់លុយកូនចៅ ផ្គើនទៅនឹងសេចក្តីណែនាំរបស់ថ្នាក់លើ រួមទាំងបញ្ហាមួយចំនួនទៀត។
លោក ស ខេង បានជំរុញឲ្យមន្ត្រីរាជការទាំងអស់ ដែលកាន់បញ្ជីប្រាក់ខែ រាយការណ៍ភ្លាមៗប្រាប់ក្រសួងមហាផ្ទៃ បើសិនជាប្រធានអង្គភាពរបស់ពួកគេ កាត់លុយកូនចៅតាមគ្រប់រូបភាព ហើយក្រសួងនឹងអនុវត្តនូវ វិន័យរដ្ឋបាល ឬអាចបញ្ជូនសំណុំរឿង ទៅកាន់តុលាការ ក្នុងករណីល្មើសបទបញ្ជានេះ។ ក្នុងសេចក្តីប្រកាសនោះលោក ស ខេង បានបញ្ជាក់ថា «ត្រូវចៀសវាងដាច់ខាត នូវការកាត់យកភាគរយណាមួយ នៃប្រាក់បៀវត្សរ៍ បើទោះជាតិចឬច្រើនក្តី ទោះបីជាយកទៅប្រើ ក្នុងបុព្វហេតុអ្វីក៏ដោយ រាប់ទាំងការជួយសង្គម ផ្នែកមនុស្សធម៌ ការអភិវឌ្ឍ និងអង្គភាពជាដើម»។
យ៉ាងណាក៏ដោយ មន្ត្រីនគរបាលខេត្តព្រៃវែង បានដាក់លិខិតជូន លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយបានលាតត្រដាត អំពីរឿងអាស្រូវមួយចំនួន របស់លោក វ៉ាន់ សារឿន ស្នងការនគរបាលខេត្តព្រៃវែង ក្នុងការប្រមូលលុយ ពីក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ និងការកាត់លុយកូនចៅ រួមទាំងបញ្ហាមួយចំនួនទៀត។ នៅក្នុងលិខិតដាក់ជូនលោក នេត សាវឿន បានរៀបរាប់ថា អំពីអំពើពុករលួយ របស់លោកស្នងការ ខេត្តព្រៃវែង មានដូចជា ការចាត់តាំង ការសម្រេចផ្ទេរផ្លាស់ប្តូរតួនាទី ត្រូវសម្រេចលើប្រពន្ធ លោកស្នងការ ព្រោះប្រពន្ធលោកស្នងការ គិតគូររឿងលុយកាក់ជាធំ គ្មានទំនួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ និងបក្ខពួកនិយម ហើយមន្ត្រីមួយចំនួន បានយកអំណាចមេ ទៅបើកបនល្បែងស៊ីសង ធ្វើជាមេចាក់បាល់ជាដើម។
ក្រុមមន្ត្រីបានលើកឡើងទៀតថា ដោយសារឥទ្ធិពលទឹកលុយ ធ្វើឲ្យលោកស្នងការនិងប្រពន្ធ ទទួលសំណូកពីឈ្មួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាម តៀមឡើងស្នងការរង ជំនួសលោក ជួប សារឹម ដែលនឹងផ្លាស់ទៅកាន់ប្រធានពន្ធនាគារ។ ដោយឡែកនៅក្នុងលិខិត ក៏បានរៀបរាប់អំពី រឿងកាត់ប្រាក់ខែ កាត់របបលេខ(១)សូម្បីតែចូលបុណ្យឪពុកសម្តេច ដែលបានមរណៈភាព ក៏មានការកាត់ប្រាក់ខែ មន្ត្រីនគរបាលក្នុងម្នាក់ ២០០០រៀល យកទៅចូលបុណ្យផងដែរ។ តាមរយៈបាតុភាពទាំងនេះ មន្ត្រីតូចតាចក៏បានសំណូមពរ ឲ្យលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយកែសម្រួលបញ្ហានេះ ឲ្យបានទាន់ពេលវេលា និងឲ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ជំនឿចិត្ត សម្រាប់មន្ត្រីនគរបាលតូចតាច អំពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល៕
Source from: watphnom-news.com























Loading...




Post a Comment