រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានដាក់ពាក្យប្តឹង ស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថ រាជធានី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយចោទប្រកាន់ ពីបទមនុស្សឃាតដោយចេតនា ពាក់ព័ន្ធទៅនឹងការប្រើកាំភ្លើង បាញ់បង្ក្រាបដោយហិង្សា ទៅលើបាតុករដែលបណ្តាលឲ្យ មានមនុស្សស្លាប់ និងរបួស នៅក្នុងព្រឹត្តិការណ៍ពីរ ដាច់ដោយឡែកពីគ្នា។
លោក នាង សុខុន អាយុ ២៥ឆ្នាំ ជាយុវជននៃសម្ព័ន្ធកូនខ្មែរ គណបក្សសង្គ្រោះជាតិ បានបានបញ្ជាក់ថា បណ្តឹងមួយ គឺប្តឹងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ដែលបានចេញបញ្ជា ឲ្យកងកម្លាំងនគរបាល បាញ់បុរសម្នាក់ឈ្មោះ ម៉ៅ សុខចាន់ អាយុ ២៩ឆ្នាំ ស្លាប់កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ខណៈនគរបាលកំពុងបិទផ្លូវ នៅស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌមានជ័យ ដែលបណ្តាលឲ្យមាន ការប៉ះទង្គិចគ្នា រវាងប្រជាជននិងនគរបាល។
ចំពោះបណ្តឹងមួយទៀតលោកនាង សុខុន ប្តឹងទាំងលោក ជួន សុវណ្ណ និងលោក រ័ត្ន ស្រ៊ាង ដោយអះអាងថា មេកងកម្លាំងប្រដាប់អាវុធទាំងពីររូបនេះ បានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួន ប្រើកាំភ្លើង និងដំបង បាញ់និងវាយបង្ក្រាបបាតុករ រោងចក្រ SL កាលពីថ្ងៃអង្គារ នៅមុខស្ទឹងមានជ័យ ដែលបានបណ្តាលឲ្យស្ត្រីម្នាក់ ដែលមិនមែនជាបាតុករ ត្រូវគ្រាប់កាំភ្លើងស្លាប់ និងអ្នករងរបួស យ៉ាងហោចណាស់ ៩ នាក់ផ្សេងទៀត។
លោក នាង សុខុន បានបញ្ជាក់ថា គាត់មានភ័ស្តុតាង រូបថត និងឯកសារដទៃៗទៀត ហើយគាត់ក៏មានជនរងគ្រោះ ក្នុងព្រឹត្តិការណ៍នោះផងដែរ ហើយក្នុងសំណុំរឿងនេះ គាត់ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីតតាំងតាមផ្លូវច្បាប់។ មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែងថា អាជ្ញាធរសមត្ថកិច្ច ដែលបង្ក្រាបទៅលើការតវ៉ា ត្រូវតែទទួលខុសត្រូវ ចំពោះការបាត់បង់ អាយុជីវិតមនុស្ស។
លោក អំ សំអាត បានបញ្ជាក់ថា ចំពោះការបាញ់ ទៅលើបាតុករគាត់ បានឃើញហើយថា បាតុករនៅម្ខាង សមត្ថកិច្ចនៅម្ខាង។ ប៉ុន្តែគ្រាប់ដែលត្រូវគោលដៅ គឺចេញពីសមត្ថកិច្ច។ ដូច្នេះនេះជាការទទួលខុសត្រូវមួយ។ ការប្តឹងគឺជាសិទ្ធិ ហើយអ្វីដែលសំខាន់ គឺការស៊ើបអង្កេត។ តើនរណាបញ្ជា ឲ្យមានការបាញ់? ហើយប្រសិនបើមិនមាន ការស៊ើបអង្កេតធ្វើឡើងទេ កំហុសគឺនៅតែត្រូវដាក់ ទៅលើរដ្ឋាភិបាល ដែលជាអ្នកគ្រប់គ្រងអំណាច៕
Source from: watphnom-news.com























Loading...




Post a Comment