រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ពុទ្ធបរិស័ទរាប់ពាន់នាក់បាន ប្រមូលផ្តុំគ្នាប្រឆាំងតវ៉ាចំពោះក្រុមហ៊ុន អេងកាំង ជារបស់ឈ្មោះ អេង ដែលបានបញ្ជូនគ្រឿងចក្រ ទៅកម្ទេចប៉ាឆា ឬកន្លែងដុតខ្មោច និងរោងបុណ្យ ដែលស្ថិតនៅលើដីទំហំ ២ហិកតា ទល់មុខវត្តខ្ទរ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ បណ្តាលឲ្យមានការបិទផ្លូវជាតិលេខ៦ ដើម្បីទាមទាររកដំណោះស្រាយ ហើយបាតុភាពនេះ ធ្វើឲ្យរដ្ឋាភិបាល អាម៉ាស់មុខយ៉ាងខ្លាំង ទើបលោក ហ៊ុន សែន សម្រេចចេញ ស.ជ.ណ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីបញ្ឈប់ការ ឆក់ប្លន់ដីវត្តអារ៉ាម និងបានកាត់ដីទាំងនោះប្រគល់ជូន ព្រះចៅអធិការវត្តខ្ទរ គ្រប់គ្រងជាសម្បត្តិ សាធារណៈ ដូចដើមវិញ។
បាតុភាពទាំងនេះ ទំនងជាផ្តើមចេញពី អំពើពុករលួយរបស់លោក មិន ឃិន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា នាំឲ្យប្រជាពលរដ្ឋ តវ៉ាប្រឆាំងការលក់ដូរដីវត្ត និងការបញ្ជូនគ្រឿងចក្រ មកប៉ុនប៉ងកម្ទេចទីប៉ាឆា តាមរបៀបពុករលួយ។ ប្រជាពលរដ្ឋបានទាមទារ ឲ្យរក្សាដីវត្តនិងទីប៉ាឆា សម្រាប់ធ្វើបុណ្យទាន និងកសាងសមិទ្ធផលសង្គមផ្សេងៗទៀត ដូចជាសង់សាលាជាដើម ខណៈដែលយើងត្រូវការដី សម្រាប់អភិវឌ្ឍន៍សាលារៀន ឬមន្ទីរពេទ្យ ដើម្បីផលប្រយោជន៍សង្គម។ ប្រជាពលរដ្ឋបានរៀបរាប់ថា មេគំនិតនាំឲ្យមានការលក់ដីវត្ត រួមទាំងសាលាបុណ្យ និងទីប៉ាឆា ដែលពួកគាត់បាននាំគ្នាកសាង យ៉ាងលំបាកលំបិនតាំងពីឆ្នាំ១៩៩២ គឺលោក មិន ឃិន ដែលជារដ្ឋមន្ត្រីក្រសួងធម្មការ។
គណៈកម្មាធិការវត្ត រួមទាំងព្រះចៅអធិការ ផងដែរ បានបំភ្លឺយ៉ាងច្បាស់ថា លោករដ្ឋមន្ត្រីក្រសួងធម្មការ បានព្យាយាមបញ្ចុះបញ្ចូល ឲ្យព្រះសង្ឃរុះរើទីប៉ាឆា ទៅកាន់ទីតាំងផ្សេង ដោយអះអាងថា ទីតាំងប៉ាឆានិងដីទំហំ ២ ហិកតា នោះស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ប៉ុន្តែទាំងព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ មិនបានយល់ព្រមទេ ហើយរឿងសំខាន់បំផុតនោះ គឺអាជ្ញាធរសង្កាត់បានបញ្ជាក់យ៉ាងច្បាស់ថា ឋានៈតូចតាចរបស់ពួកគេ មិនអាចលក់ដីវត្តបានទេ គឺអាចធ្វើឡើងដោយអំណាច ស.ជ.ណ ឬសេចក្តីជូនដំណឹងជាដើម។ អាចចាត់ទុកជាអំពើបាប សម្រាប់ក្រុមហ៊ុនអេងកាំង ដែលប៉ុនប៉ងវាយកម្ទេចប៉ាឆា នាំឲ្យមានភាពក្តៅក្រហាយ ហើយរដ្ឋាភិបាល បានដកហូតដីទាំងនោះ មកប្រគល់សងវត្តវិញ ដើម្បីសម្រេចបំណង របស់ប្រជាពលរដ្ឋ។
រឿងរ៉ាវដែលប្រជាពលរដ្ឋ និងព្រះសង្ឃធ្វើបាតុកម្ម ប្រឆាំងការឃុបឃិតគ្នាលក់ដីវត្ត និងការដុតបំផ្លាញគ្រឿងចក្រ ដែលប៉ុនប៉ងវាយកម្ទេចប៉ាឆា ជាកន្លែង ដុតខ្មោច របស់អ្នកភូមិ និងសាលាបុណ្យ បានក្លាយជាព្រឹត្តការណ៍ ដ៏ហួសចិត្តមួយ។ តើរឿងរ៉ាវនេះ វាកើតឡើងដូចម្តេច? ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីអំឡុងពេល ដីត្រូវប៉ាន់ដីម្ខាងផ្លូវនេះ ត្រូវបានគេលក់ឲ្យទៅ អ្នកមានលុយដែល ក្នុងដីប្រមាណ ២ ហិកតានោះ មានប៉ាឆានិងរោងបុណ្យផងដែរ។ អ្នកទិញដីបានស្រក់ទឹកមាត់ ចំពោះទីតាំងដី ដែលជាប់នឹងផ្លូវជាតិមួយនេះ ដែលសូម្បីតែកន្លែងដុតខ្មោច ក៏មិនខ្វល់ មិនខ្លាចព្រលឹងខ្មោចតាមចងពៀរ ឬបាបកម្មអ្វីឡើយ ធ្វើយ៉ាងណាឲ្យតែខ្លួនបានចំណេញ លុយវាល់លានដុល្លារ។
លោក អេង ជាប្រធានក្រុមហ៊ុនអេងកាំង ដែលជាអ្នកទិញដី បានស្នើសុំឲ្យមានការដោះដូរ ទីតាំងប៉ាឆានេះដោយត្រូវរុះរើទៅសាងសង់ នៅទីកន្លែងផ្សេងមួយទៀត។ ប្រជាពលបានជំទាស់ចំពោះ ដំណោះស្រាយនេះ ដោយហេតុថា ទីតាំងថ្មីនោះនៅឆ្ងាយពីទីតាំងចាស់ ដល់ទៅជាង ៥ គីឡូម៉ត្រ ហើយវាជាឆ្នួននាំឲ្យមានទំនាស់ដី នៅតំបន់ទីដុតខ្មោចនេះ ក្លាយជាដុំភ្លើងឆាបឆេះឡើង គួរឲ្យភ័យខ្លាច។ ក្រុមហ៊ុនអេងកាំង បានបូមខ្សាច់ចាក់បំពេញផ្ទៃបឹង ហើយឈានមករៀបចំកន្លែងបូជាសព ទៅតាមអ្វីដែល ក្រុមហ៊ុនអេងកាំង បានគិតទុកហើយក៏បានបញ្ជូនគ្រឿងចក្រ មកវាយកម្ទេចប៉ាឆា នាំឲ្យមានភាពក្តៅក្រហាយតែម្តង។
សាធារណជនបានលើកជាសំណួរថា ដីមួយនេះជារបស់អ្នកណា? ហើយអ្នកណាជាអ្នកលក់? ហើយក្រុមហ៊ុនអេងកាំង បានដឹងច្បាស់ថា ដីដែលខ្លួនទិញគឺមាន កន្លែងដុតខ្មោចមួយ ដែលពិបាកក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ ។ ពោះករណីប៉ាឆាវត្តខ្ទរនេះ ប្រជាជននៅទីនោះតកូនតចៅ នរណាក៏ដឹងដែរថា វត្តរបស់ខ្លួនមានប៉ាឆាមួយ ហើយសពអ្នកភូមិ ឬអ្នកនៅកន្លែងទីទៃ ក៏អាចនាំមកធ្វើបុណ្យឬពូជា នៅទីនោះដែរ។ នៅក្នុងផ្នែកទំនៀមទំលាប់សាសនា ឈាបនដ្ឋានជាទី គោរពសក្ការៈដ៏ធំមួយ ហើយការប៉ះពាល់ ឬប៉ុនប៉ងវាយកម្ទេច បែបណាមួយ គួរតែមានការប្រុងប្រយត្ន័ ព្រោះវាទាក់ទងទៅនឹងជំនឿ ឬអំពើបាបជាដើម ហើយព្រលឹងខ្មោចច្បាស់ជាមិនអធ្យាស្រ័យ ដល់ជនទមិឡទាំងនេះទេ៕
Source from: watphnom-news.com























Loading...




Post a Comment