ក្រុងប៉ោយប៉ែត ៖ បុរសវ័យជាង ៣០ ឆ្នាំម្នាក់បានជួបគ្រោះថ្នាក់ចរាចរ នៅចំណុចមុខយាយម៉ៅ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ហើយត្រូវបានដឹកបញ្ជូន ទៅព្យាបាលរបួសនៅគ្លីនិកផ្សារអគ្គៈ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត បានស្លាប់នៅក្នុងគ្លីនិកមួយនេះ យ៉ាងអាណោចអាធ័មបំផុត គ្មាននរណាជួយរកខុសត្រូវឲ្យទេ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ វី ជាជាងមាសនៅផ្សារត្រី ហើយក្រោយពីស្លាប់ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅបូជានៅឯស្រុក កំណើត ក្នុងខេត្ដកំពង់ចាម ។ ក្រោយពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះ បម្រុងដាក់ពាក្យប្ដឹង ទៅសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ តែពេលនោះម្ចាស់គ្លីនិក បានសងប្រាក់ ៥ ពាន់ដុល្លារដើម្បីបិទរឿងនេះ កុំឲ្យមានការខ្ចរខ្ចាយទៅខាងក្រៅ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ចេញពីកន្លែងផឹកស៊ី ហើយក៏បានដួល បណ្ដាលឱ្យរបួសផ្នែកដៃធ្ងន់គួរសម។ ពេលនោះក្រុមគ្រួសារជនរងគ្រោះ បានបញ្ជូនជនរងគ្រោះ ចូលទៅព្យាបាលនៅ គ្លីនិកផ្សារអគ្គៈ ហើយពេលចូលទៅព្យាបាល និងវះកាត់ ក្រុមគ្រួសារជនរងគ្រោះ បានទាមទារឱ្យ គ្រូពេទ្យចាក់ថ្នាំតេតាណុស ដើម្បីជៀស វាងគ្រោះថ្នាក់ ប៉ុន្ដែគ្រូពេទ្យមិនបាន ធ្វើតាមសំណូមពរនោះទេ ។
ក្រុមគ្រួពេទ្យក៏បានចាប់ផ្ដើមវះកាត់ មុខរបួសជនរងគ្រោះ ហើយដោយសារគ្មានបច្ចេកទេសត្រឹមត្រូវ បណ្តាលឲ្យជនរងគ្រោះ ប្រកាច់ស្លាប់ភ្លាមៗតែម្តងទៅ។ លោកឌិត ឌីណា ម្ចាស់គ្លីនិកផ្សារអគ្គៈដែលជ្រកក្រោមផ្ទះសំណាក់ហង្សមាស និងជាមន្ដ្រីពេទ្យក្នុងមន្ទីរពេទ្យ បង្អែកប៉ោយប៉ែតផងនោះ បានបដិសេធ ថា គ្លីនិករបស់គាត់ មិនមានការវះកាត់អ្នកជំងឺនោះទេ។
គួររំលឹកថា កាលពីជាង ២ ឆ្នាំមុនបុរសជាមេការខារ៉ាអូខេម្នាក់ នៅហាងភ្នំមាស ក៏បានស្លាប់នៅក្នុងគ្លីនិកនេះដែរ បន្ទាប់ពីបុរសរងគ្រោះមិនស្រួលខ្លួន ហើយចូលទៅចាក់ថ្នាំនៅទីនោះ ធ្វើឱ្យប្រតិកម្មថ្នាំប្រកាច់ស្លាប់ ។ ក្រោយពេលស្លាប់ សពបុរសរងគ្រោះ ជាមេការខារ៉ាអូខេ ត្រូវបានកម្មករគ្លីនិក ដឹកសពយកទៅទុកចោល នៅវត្ដសូរិយារ៉ាមហៅវត្ដថ្មី ។ កាលនោះកាសែតក្នុងស្រុកមួយចំនួន បានចុះផ្សាយករណីមួយនេះ ប៉ុន្ដែគេពុំឃើញ ប្រធានមន្ទីរសុខាបាលខេត្ដ មានវិធានការ ទៅលើគ្លីនិកមួយនេះទេ ។
យ៉ាងណាក៏ដោយលោកកែវ សុភត្រា ប្រធានមន្ទីរសុខាភិបាល ខេត្ដបន្ទាយមានជ័យ បានប្រាប់កាសែតក្នុងស្រុកថា ករណីដែលបុរសជាជាងមាសស្លាប់ នៅក្នុងគ្លីនិកផ្សារអគ្គៈគាត់បានឮផងដែរ ប៉ុន្ដែអ្នកជំងឺ បានស្លាប់ ក្រោយពេលចូលព្យាបាលបានមួយសបា្ដហ៍ ហើយការស្លាប់របស់ជនរងគ្រោះ អាចមកពីជំងឺអ្វីផ្សេង តែពុំមែនជាកំហុសបច្ចេកទេស របស់ពេទ្យនោះទេ។ បញ្ហានេះហាក់ដូចជា គួរឲ្យមានមន្ទិលខ្លាំងណាស់ ដែលទាមទារឲ្យមាន ការស៊ើបអង្កេតឡើងវិញផង៕
Source from: watphnom-news.com























Loading...




Post a Comment