Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​មាន​ព័ស្តុតាង​យ៉ាងច្រើន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ច្បាប់​នៅ​កម្ពុជា​ឋិត​នៅ​លើ​បបូរមាត់​និង​ការ​សម្រេច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ រហស្សនាម​"​បុរស​ខ្លាំង​"​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​រយៈពេល​២០​ឆ្នាំ​កន្លង​ទៅ​ ជា​ហេតុ​ធ្វើ​ឲ្យ​អំណាច​រដ្ឋ​ទាំងមូល​ធ្លាក់​មក​លើ​បុរស​ខ្លាំង​តែ​ម្នាក់​ប៉ុណ្ណោះ​ ទោះបី​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​បញ្ញត្តិ​ឲ្យ​មានការ​បែងចែក​ដាច់​ពី​គ្នា​ រវាង​អំណាចនីតិប្បញ្ញត្តិ​ អំណាចនីតិប្រតិបត្តិ​ និង​អំណាចតុលាការ​ក៏​ដោយ​ ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ហៅ​ "​ព្រះរាជាណាចក្រ​កម្ពុជា​"​ថា​ជា​"​ព្រះរាជាណាចក្រ​ហ៊ុន​ សែន​"​ទៀត​ផង​ ។​

​នៅ​ពេល​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​សូម​លើកយក​ព័ស្តុតាង​មួយ​ចំនួន​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​អំណាច​ដ៏​មហិមា​របស់​បុរស​ខ្លាំង​ រហូត​ដល់​មាន​ឥទ្ធិពល​ធំ​ជាង​ច្បាប់​ ដូច​ខាងក្រោម​ ៖

១-​ទីតាំង​ឈាបនដ្ឋាន​វត្ត​ពោធិ៍ព្រឹក្ស​ ហៅ​វត្ត​ខ្ទរ​ ទំហំ​ប្រមាណ​៣​ហិ​កតា​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ ក្រោម​ការ​លើក​យោបល់​របស់​ក្រសួង​ធម្មការ​និង​សាសនា​ សម្រេច​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី​ ឋិត​នៅ​ចំណុច​ស្ពាន​ទី​៥​ សង្កាត់​ព្រែក​លៀប​ ខណ្ឌឫស្សីកែវ​ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង​មុន​ ដោយ​ទីតាំង​ចាស់​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ អេ​ង​ កាំ​ង​ ឌី​វេឡុ​ប​មេន​ ខ​ប​ភើ​រេ​សិន​ អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ តាម​ស្មារតី​លិខិត​លេខ​៤៤៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ក្រោយ​ពី​មានការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ខ្ទរ​យ៉ាង​គគ្រឹកគគ្រេង​នា​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ ដោយ​បិទ​ការ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​មួយ​រយៈ​ និង​ដុត​កម្ទេច​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ ព្រមទាំង​ទុយោ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​អេ​ង​ កាំ​ង​ ផង​នោះ​ ទើប​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្លាស់​ប្តូរ​ជំហរ​សា​ជា​ថ្មី​យ៉ាង​ប្រញាប់ប្រញាល់​ ដោយ​សម្រេច​លុប​ចោល​គោល​ការ​ផ្លាស់​ប្តូរ​ទីតាំង​ឈាបនដ្ឋាន​វត្ត​ពោធិ៍ព្រឹក្ស​ ហៅ​វត្ត​ខ្ទរ​ ឲ្យ​ទៅ​ក្រុមហ៊ុន​អេ​ង​ កាំ​ង​ ហើយ​រក្សា​ទុក​ទីតាំង​ចាស់​ដដែល​វិញ​ តាម​ស្មារតី​លិខិត​លេខ​១៩០៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ បាន​ធ្វើការ​រិះគន់​ថា​ នេះ​គឺជា​ការ​សម្រេច​ត្រឡប់ត្រឡិន​ម្តង​អ៊ីចេះ​ ម្តង​អ៊ីចុះ​តាម​ការ​នឹកឃើញ​ គ្មាន​ការ​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ ល្អិតល្អន់​ជាង​មុន​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​អេ​ង​ កាំ​ង​ ក៏​ទទួល​រង​ការ​ខាតបង់​ ប្រជាពលរដ្ឋ​ក៏​ទទួល​អារម្មណ៍​ធុញទ្រាន់​ រីឯ​អ្នក​ទទួលផល​ចំណេញ​ គឺ​ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​សមគំនិត​គ្នា​ធ្វើការ​ដោះ​ដូរ​ដី​ឈាបនដ្ឋាន​វត្ត​ខ្ទរ​កន្លង​មក​ ហើយ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​សម្រេច​ដូរ​ឬ​មិន​ដូរ​ លុប​ចោល​ឬ​មិន​លុប​ចោល​គោល​ការ​ចាស់​ស្រេច​លើ​បុរស​ខ្លាំង​ ទោះ​ចង់​សម្រេច​ទាំង​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​ក៏​បាន​ដែរ​ ។​

២-​ករណី​វិវាទ​ការងារ​រវាង​ក្រុម​កម្មករ​ កម្មការិនី​តំណាង​ដោយ​សហជីព​ស៊ីខាវ​ឌូ​ប្រចាំ​រោងចក្រ​អេស​អិ​ល​ និង​ថៅកែ​រោងចក្រ​ SL​ Garment​ Processing​ (Cambodia)​ Ltd.​ ជា​ជនជាតិ​សិង្ហ​បុរី​ មាន​ទីតាំង​ឋិត​នៅ​អគារ​លេខ​៦១៥​ ផ្លូវ​លេខ​៣៧១​ ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​អូស​បន្លាយ​ពេលវេលា​រ៉ាំរ៉ៃ​អស់​ចំនួន​ជាង​៣​ខែ​មក​ហើយ​នោះ​ មាន​សំណុំរឿង​នៅ​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផង​ នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ផង​ នៅ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ "​គ​.​ក​.​ប​"​ ផង​ និង​នៅ​ស្ថាប័ន​តុលាការ​ផង​ ប៉ុន្តែ​នៅ​តែ​ដោះស្រាយ​មិន​ចេញ​លទ្ធផល​ផ្លែផ្កា​អ្វី​ទាល់តែ​សោះ​ ខណៈ​ឃើញ​មាន​តែ​កម្មករ​ធ្វើ​កូដកម្ម​ប្រកបដោយ​អំពើ​ហិង្សា​ឥត​ឈប់​ឈរ​ ហើយ​ស្រប​ពេល​ដែល​ថៅកែ​រោងចក្រ​ប្រកាស​ថា​ ក្នុង​រយៈពេល​ប្រមាណ​៣​ខែ​ដែល​ក្រុម​កម្មករ​នាំ​គ្នា​ធ្វើ​កូដកម្ម​ មិន​ធ្វើ​ការងារ​ គឺ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អេស​អិ​ល​ខាតបង់​ប្រាក់​អស់​ចំនួន​ជាង​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ក្រោយមក​ ក្រុម​កម្មករ​រោងចក្រ​អេស​អិ​ល​នាំ​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ឆ្ពោះទៅ​កាន់​ភូមិ​គ្រឹះ​នាយក​រដ្ឋមន្ត្រី​ ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ ក៏​ត្រូវ​បាន​បង្ក្រាប​ដោយ​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ចម្រុះ​យ៉ាង​សាហាវ​ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ត្រង់​ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​គួរ​ឲ្យ​ខ្លោចផ្សា​ និង​នឹក​ស្មាន​មិន​ដល់​ ។​

​បន្ទាប់​ពី​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោងចក្រ​អេស​អិ​ល​នោះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្គាប់បញ្ជា​ឲ្យ​ក្រុមហ៊ុន​អេស​អិ​ល​ ទទួលយក​តំណាង​កម្មករ​ចំនួន​១៩​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​ ដើម្បី​បញ្ចប់​វិវាទ​ និង​ក្នុង​ករណី​ក្រុមហ៊ុន​រឹងរូស​ ត្រូវ​ចាត់វិធានការ​តាម​នីតិវិធីតុលាការ​ តាម​ស្មារតី​លិខិត​លេខ​១៨៦៣​ស​ជ​ណ​.​អ​វ​ ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​មាន​លើក​ឡើង​ថា​ ករណី​វិវាទ​ការងារ​នៅ​រោងចក្រ​អេស​អិ​ល​ មិន​ត្រូវ​បាន​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់​ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការងារ​នោះ​ទេ​ គឺ​បែរជា​យក​មក​ដោះស្រាយ​នៅ​ក្រោម​ឥទ្ធិពល​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​វិនិយោគិន​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ ដោយសារ​ច្បាប់​ឋិត​នៅ​លើ​មាត់​ និង​ការ​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់​ ។​

៣-​រឿងរ៉ាវ​វិវាទ​ដីធ្លី​រវាង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ ឋិត​នៅ​ភូមិ​កែវ​ផុស​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ "​អតីត​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​"​ ដែល​មាន​រយៈពេល​រ៉ាំរ៉ៃ​អស់​ជាង​៧​ឆ្នាំ​ ធ្វើ​ឲ្យ​អ្នក​ភូមិ​ខ្លះ​ជាប់គុក​ច្រវាក់​ និង​អ្នក​ភូមិ​ខ្លះ​ទៀត​រត់​ចោល​លំនៅ​ឋាន​ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​សាចុះសាឡើង​ត្រឡប់ត្រឡិន​រហូត​ដល់​ទៅ​ចំនួន​៧​លើក​ ដោយ​ម្តង​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជា​ពលរ​រដ្ឋ​ និង​ម្តងទៀត​ប្រគល់​ដី​ទំនាស់​ឲ​យ​ទោះ​លោក​ឧកញ៉ា​ ជៀម​ ផែន​ វិញ​ ទោះបី​ករណី​វិវាទ​ដីធ្លី​នេះ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ដោះស្រាយ​សម្រេច​ចេញ​ជា​សាលក្រម​រួច​ហើយ​ក៏​ដោយ​ ។​

​នៅ​ទីបំផុត​ សំណុំរឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ ត្រូវ​បាន​វះកាត់​បញ្ចប់​ដោយ​បុរស​ខ្លាំង​ តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១២​សសរ​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៣​ និង​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺ​សម្រេច​ ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​គ្រប់គ្រង​កាន់កាប់​ជា​កម្មសិទ្ធិ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ ក្នុង​រឿង​វិវាទ​ដីធ្លី​នេះ​ ថ្វី​ដ្បិត​ក្រុម​ប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌​វិញ​ក៏​ដោយ​ ប៉ុន្តែ​ការ​សម្រេច​សាចុះសាឡើង​ច្រើន​ដង​កន្លង​មក​ ក៏​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​រង​ទុក្ខវេទនា​អស់​រយៈពេល​ជាង​៧​ឆ្នាំ​ និ​ង៏​បាន​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ ជៀម​ ផែន​ ទទួល​រង​ការ​ខាតបង់​ តាម​ការ​ចំណាយ​លុយកាក់​ទៅ​ក្រុម​មន្ត្រី​ពុក​រលួយ​ក្នុង​សាច់​រឿង​ជា​ហូរហែ​ ។​

​ទាំងនេះ​ គឺជា​ព័ស្តុតាង​មួយ​ចំនួន​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ច្បាប់​នៅ​កម្ពុជា​ឋិត​នៅ​លើ​បបូរមាត់​ និង​ការ​សម្រេច​របស់​បុរស​ខ្លាំង​តែ​ម្នាក់​គត់​ប៉ុណ្ណោះ​ ក្រោម​រូបភាព​នៃ​ការ​ប្រមូលផ្តុំ​អំណាច​ឲ្យ​ឋិត​លើ​មនុស្ស​តែ​ម្នាក់​ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ ហើយ​ដែល​អាច​នាំ​ឲ្យ​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​ ៕​

Hun-Sen-09SL-Garment-Letter-2 Wat-Khtor-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item