ខេត្តឧត្តរមានជ័យ ៖ មនុស្សចំនូន ២នាក់បានរងរបួសធ្ងន់ និង ៥នាក់ផ្សេងទៀតរបួសស្រាល ដោយសារគ្រាប់បែកប្រភេទកូនឃ្លី មួយគ្រាប់បានផ្ទុះកាលពីវេលាម៉ោង ១១និង១៥ នាទីថ្ងៃទី២០ ខែវិច្ឆិកា នៅត្រង់ដីស្រែមួយកន្លែង ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រី ស្រុកអន្លង់វែង ខណៈជនរងគ្រោះ និងមនុស្សចំនួន ៣១ នាក់ផ្សេងទៀត កំពុងសម្រាក ពេលច្រូតស្រូវ។
សាក្សីបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ក្រុមអ្នកច្រូតស្រូវចំនួន ៣៨ នាក់ បាននាំគ្នាឈប់សម្រាក នៅក្រោមដើមឈើមួយ ក្បែរចង្ក្រានដាំបាយ នៅក្បាលស្រែ និងរៀបចំដួសបាយហូប ហើយពេលនោះ បុរសម្នាក់ឈ្មោះ សែម ភា អាយុ ២២ ឆ្នាំ បានកាន់ចានបាយ ដើរទៅអង្គុយម្ខាង នៃវង់ហូបបាយ យកជើងឈូសសំរាមស្លឹកឈើ ក្នុងបំណងដាក់គូទអង្គុយ ហើយក៏ប៉ះចំ គ្រាប់បែកប្រភេទកូនឃ្លី បណ្តាលឲ្យផ្ទុះភ្លាមៗ។
ហេតុការណ៍នោះបង្ក ឲ្យមានការភ្ញាក់ផ្អើល ហើយមនុស្សចំនួន ៧ នាក់ដែលអង្គុយក្បែរនោះ បានរងបួសស្រាល ត្រូវបានគេដឹកបញ្ជូនយកទៅ សង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ បង្អែកស្រុកអន្លង់វែង ផងដែរ។ ទោះបីយ៉ាងណាក៏ដោយ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ប្រភេទកូនឃ្លីនោះ មិនបណ្តាលឲ្យ អ្នកណាម្នាក់បាត់បង់ជីវិតនោះទេ ហើយអាជ្ញាធរបានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន៕
Source from: watphnom-news.com























Loading...




Post a Comment