ខេត្តក្រចេះ ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន ៧នាក់ក្នុងនោះមានស្រី ៥នាក់ និងប្រុស ២នាក់បានស្លាប់បាត់បង់ជីវិត ហើយកម្មករ ១៧នាក់ទៀតរងរបួសធ្ងន់និង ៤នាក់ទៀតបានរងរបួសស្រាល កាលពីវេលាម៉ោង ១០និង៤៥ នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសាររថយន្ត ដឹកដំឡូងមួយគ្រឿង ចេញពីចម្ការជាន់ហ្វ្រាំងមិនស៊ី បានជ្រុលចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង នៅត្រង់ចំណុចភូមិត្រៀក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងនោះ មានផ្ទុកដំឡូងមី ពេញប្រៀបប្រមាណ ១០ តោននិងមានកម្មករជិះខាងលើ ចំនួន ២៨ នាក់ ហើយមូលហេតុដែលបណ្តាលឱ្យ ក្រឡាប់រថយន្តកែច្នៃខាងលើនោះ ត្រូវបានគេសនិដ្ឋានថា បណ្តាលមកពីរថយន្ត ដឹកលើសទម្ងន់ បើកចុះចំណោត ចំផ្លូវកោងខ្លាំងនិង បានប្រើប្រាស់ល្បឿនលឿន ក៏រេចង្កូតក្រឡាប់តែម្តង។
កម្មករចំនួន ៧ នាក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះស្រី ៥ នាក់ និង១៧ នាក់ទៀតរងរបួសធ្ងន់ និង៤នាក់ទៀតរងរបួសស្រាល ហើយជនរងគ្រោះ ទាំងធ្ងន់និងស្រាល ដែលកប់នៅក្រោមឡាន ដឹកដំឡូង ត្រូវបាននាំមក សង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកស្នួល។ ជនរងគ្រោះប្រុសស្រីទាំង ៧ នាក់ ដែលបានស្លាប់គឺសុទ្ធសឹង ជាកម្មករមានទីលំនៅក្នុងភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។
សាកសពជនរងគ្រោះ ត្រូវបានអាជ្ញាធរ ចាត់ចែងដឹកបញ្ជូន តាមរថយន្តសាមុយ យកទៅដល់លំនៅដ្ឋាន រៀងៗខ្លួនអស់ទៅហើយ ។ រថយន្តបង្ក ម៉ាកហ៊ីយ៉ុនដាយ ផលិតនៅប្រទេសកូរ៉េ ចំណុះ ៥ តោន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4560 បើកបរដោយបុរសម្នាក់ឈ្មោះ នាថ បានរងរបួស បានរត់គេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿង និងយករថយន្តបង្ក មករក្សាទុក នៅឯអធិការដ្ឋានស្រុកស្នួល រង់ចាំធ្វើការដោះស្រាយ៕
Source from: watphnom-news.com























Loading...




Post a Comment