រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលយកឈ្មោះ អគ្គស្នងការនគរបាលជាតិ ទៅឆបោកលុយពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមួយចំនួន ក្រោមរូបភាពយកទៅជួយ ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះមានទាំង អធិការស្រុកឈូក ខេត្តកំពត ផងនោះត្រូវបានសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ពីបទឆបោក មានស្ថានទម្ងន់ទោស និងបទកាន់កាប់អាវុធខុសច្បាប់។
ជនឆបោកកាលីបម្នាក់នេះ មានឈ្មោះ ឌៀប រ៉ាដែន អាយុ ៤៤ ឆ្នាំ មានទីលំនៅផ្ទះលេខ២២៥ ភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ កាលពីដើមខែវិច្ឆិកានេះ ឈ្មោះ ឌៀប រ៉ាដែន បានអះអាងថា ខ្លួនបានស្គាល់ ឧត្តមសេនីយ៍ទោ ថោង សំអាត ជំនួយការ អគ្គស្នងការនគរបាលជាតិ ដោយមាននាមប័ណ្ណ ឧត្តមសេនីយ៍ទោ ថោង សំអាត មួយសន្លឹកផងដែរ រួចហើយ ឈ្មោះ ឌៀប រ៉ាដែន បានយកនាមប័ណ្ណ ឧត្តមសេនីយ៍ ថោង សំអាត ទៅថតចម្លងជាច្រើនសន្លឹក យកទៅចែកចាយតាមបណ្តាខេត្តមួយចំនួន។
ឈ្មោះ ឌៀប រ៉ាដែន បានអះអាងថា អគ្គស្នងការនគរបាលជាតិ ត្រូវការប្រាក់ឧបត្ថម្ភមួយចំនួន ដើម្បីជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ ហើយពេលនោះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន ដែលមានចិត្តសប្បុរសធម៌ បានឧបត្ថម្ភប្រាក់ដល់ឈ្មោះ ឌៀប រ៉ាដែន ក្នុងនោះ លោក ស្រ៊ុន ឡាំ អធិការនគរបាលស្រុកឈូក ខេត្តកំពត ក៏បានឧបត្ថម្ភប្រាក់ចំនួន ៥៦០០ ដុល្លារផងដែរ។
ក្រោយមក ប្រជាពលរដ្ឋមានការងឿងឆ្ងល់ ក៏បានសាកសួរបញ្ហានេះ ដល់អគ្គស្នងការនគរបាលជាតិ ទើបដឹងថា ខាងអគ្គស្នងការ ពុំមានការប្រមូលប្រាក់ ឧបត្ថម្ភជួយជនរងគ្រោះ ដោយសារទឹកជំនន់ឡើយ។ ហេតុនេះហើយទើប ជនរងគ្រោះនាំគ្នា ប្តឹងឈ្មោះ ឌៀប រ៉ាដែន តែម្តង។
រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ ក៏បានឃាត់ខ្លួនឈ្មោះ ឌៀប រ៉ាដែន ដោយដកហូតកាំភ្លើងម៉ាក កា៥៤ មួយដើម និងឯកសណ្ឋានប៉ូលិស មួយកំប្លេព្យួរក្នុងរថយន្ត ដោយមានស្លាកឈ្មោះថា ឧត្តមសេនីយ៍ទោ ឌៀប រ៉ាដែន៕
Source from: watphnom-news.com























Loading...




Post a Comment