រាជធានីភ្នំពេញ ៖ ដោយសារក្រុមចោរឆក់កាបូប តែមិនបានសម្រេច នៅមុខក្រសួងសាធារណការ ជិតវត្តភ្នំ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ត្រីវ័យក្មេងម្នាក់បានបើកម៉ូតូ ប្រដេញក្រុមចោរ តាមផ្លូវព្រះនរោត្តម លុះមកដល់វិមានឯករាជ្យ ក៏ជ្រុលចង្កូតទៅបុកខឿន ដួលរងរបួសធ្ងន់តែម្នាក់ឯង ហើយក្រុមចោរ បានបើកម៉ូតូគេចខ្លួន បាត់ដោយសុវត្ថិភាព មិនឃើញមានសមត្ថកិច្ច ដែលប្រចាំការនៅតាមផ្លូវ ចេញជួយអន្តរាគមន៍នោះឡើយ ។
ស្ត្រីរងគ្រោះបើកម៉ូតូស្កុបពី ស៊េរីឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BC-4491 ជិះម្នាក់ឯងទៅបុកខឿនវិមានឯករាជ្យ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិរបស់ខ្លួន ជួយដឹកបញ្ជូនទៅកាន់ មន្ទីពេទ្យកាល់ម៉ែត តាមរ៉ឺម៉កម៉ូតូកង់ ៣។ មុនពេលកើតហេតុ នាងបានបើកម៉ូតូចេញពី ម្តុំវត្តភ្នំតែម្នាក់ឯង លុះ មកដល់មុខក្រសួង សាធារណការ ស្រាប់តែក្រុមចោរ បានមកឆក់យកកាបូប ស្ពាយ តែមិនបានសម្រេច ។
ពេលនោះនាងបានស្រែកថាចោរៗ និងបានជិះម៉ូតូដេញតាមពីក្រោយ តាំងពីកន្លែងកើតហេតុ ដោយឆ្លងកាត់ភ្លើងស្តុប និងគោលដៅ សមត្ថកិច្ចជាច្រើនកន្លែង តែមិនមាននរណាម្នាក់ ចេញមកជួយអន្តរាគមន៍នោះទេ រហូតទាល់តែស្ត្រីរងគ្រោះ បានបើកម៉ូតូទៅបុក ខឿនវិមានឯករាជ្យ រងរបួសបាក់ដៃម្ខាង ហើយក្រុមចោរបានគេចខ្លួន ដោយសុវត្ថិភាព។ ស្ត្រីរងគ្រោះម្នាក់នោះ មិនទាន់ត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយ៕
Source from: watphnom-news.com























Loading...




Post a Comment