Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រឿង​រ៉ាវ​​ដ៏​​ក្តៅ​គ​គុក​​ទាក់​ទិននឹង​​ការ​បំ​ផ្លាញ​​ព្រៃ​ឈើក្នុង​​តំ​បន់​​ទំ​នប់​​វា​រី​​អគ្គិ​ស​នីសេ​​សាន​​២លើ​​ផ្ទៃ​ដី​​ទំ​ហំ៣៦​០០០​

​រាជធានី​ភ្នំពេញ ៖ រឿង​រ៉ាវ​​ដ៏​​ក្តៅ​គ​គុក​​ទាក់​ទិន នឹង​​ការ​បំ​ផ្លាញ​​ព្រៃ​ឈើ ក្នុង​​តំ​បន់​​ទំ​នប់​​វា​រី​​អគ្គិ​ស​នី សេ​​សាន​​២ លើ​​ផ្ទៃ​ដី​​ទំ​ហំ ៣៦​០០០​ ហិក​តា និង​​ព្រៃ​ឈើ​​នៅ​ក្បែរ​តំ​បន់​​នោះ នៅ​តែ​​ជា​​សំ​ណួរ​​ដ៏​​ស្មុ​គ្រ​​ស្មាញ ហើយ​​រដ្ឋ​មន្ត្រី​​ក្រ​សួង​ ក​សិ​កម្ម លោក អ៊ុក រ៉ាប៊ុន មិនទាន់បាន​បំភ្លឺ​តប ទៅកាន់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅឡើយ​ទេ មិនដឹង​ជាមាន​រឿងរ៉ាវ អាថ៌កំបាំង​អ្វី ព្រោះ​គេ​ដឹងថា មាន​កំពូល​ឧកញ៉ា​ចំនួន ៣​នាក់ ដែលមាន​ឥទ្ធិពល​ជាន់ដី​ស្រុក​ខ្មែរ​ផ្អៀង មាន​ជំពាក់ជំពិន​យ៉ាង​វែង​អន្លាយ ជាមួយ​ការកាប់បំផ្លាញ ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ ដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ វិនិយោគ​អាង​ទំនប់​វា​រី អគ្គិសនី​សេសា​ន​២ ដូច្នេះ​រាជរដ្ឋាភិបាល​គួរតែ ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​នាំខ្លួន​មេ​ឈ្មួញ​ខិលខូច ទាំងនោះ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

 

​មន្ត្រីជាន់ខ្ពស់​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា មាន​សេចក្តីរាយការណ៍ ជា​បន្តបន្ទាប់​ទាក់ទិន នឹង​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​បាត​អាង ទំនប់​វា​រី​អគ្គិសនី ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ឈានដល់​ការកាប់បំផ្លាញ ឈើ​ប្រណីត​នៅ​ជុំវិញ​តំបន់​នោះ ប្រមូល​យកមក​ដាក់ នៅក្នុង​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី ដើម្បី​នាំចេញ​ទៅ​លក់ នៅក្រៅ​ប្រទេស ទើប​រដ្ឋាភិបាល​សម្រេច ចេញ​សេចក្តីជូនដំណឹង​មួយ  កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឲ្យ​ផ្អាក​ការប្រមូល អនុផល​ព្រៃឈើ ដែល​កាប់​នៅក្នុង​អាង​ស្តុក​ទឹក នៃ​គម្រោង​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២​។ លិខិត​របស់​គណៈរដ្ឋមន្ត្រី បាន​លើកឡើងថា សំណង់​វា​រី​អគ្គិសនី​មិនទាន់​ចាប់ផ្តើម សាងសង់​នៅឡើយ​ទេ បែរជា​មានការ​កាប់បំផ្លាញ​ព្រៃឈើ និង​ការប្រមូលទិញ​ឈើ នៅ​ជុំវិញ​តំបន់​បាត​អាង ស្តុក​ទឹក​យ៉ាង​អនាធិបតេយ្យ ផ្ទុយ​ពី​គោលការណ៍ របស់​រាជរដ្ឋាភិបាល​។

 

​លិខិត​របស់​គណៈរដ្ឋមន្ត្រី ក៏បាន​សុំ​ឲ្យ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម ធ្វើ​របាយការណ៍​ឡើងវិញ អំពី​ការអនុវត្ត​សេចក្តីជូនដំណឹង របស់​រដ្ឋាភិបាល ជុំវិញ​ការផ្អាក​សកម្មភាព កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ដែល​អនុវត្តន៍​ដោយ​ក្រុមហ៊ុន   Ang & associates lawyers Co.,Ltd ប៉ុន្តែ​មកដល់ពេលនេះ លោក អ៊ុក រ៉ាប៊ុន មិនទាន់​បំភ្លឺ​តប​ទៅវិញ​ទេ​។ មានការ​បញ្ជាក់​ផងដែរ​ថា ជាគោលការណ៍​សម្រាប់ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​មុនៗ គឺ​ត្រូវ​កំណត់​តំបន់​លិច​ទឹក មុនពេល​ដាក់​ឲ្យ​ដេញថ្លៃ ដើម្បី​កាប់​ឈើ​និង​សម្អាត​បាត​អាង  ទន្ទឹម​ពេលដែល​សំណង់​វា​រី​អគ្គិសនី ចាប់ផ្តើម​សាងសង់ ទើប​គេ​អនុវត្តន៍​ការកាប់​ឈើ ដើម្បី​បោសសម្អាត​បាត​អាង​តាម​ក្រោយ​។

ប៉ុន្តែ​សម្រាប់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ នេះ ធ្វើ​ខុសពី​គោលការណ៍ របស់​រាជរដ្ឋាភិបាល​ទាំង ៣​ចំណុច ពិសេស​ត្រង់ចំណុច​ទី​១ និង​ទី​៣ គឺ​មិនទាន់​កំណត់​ទីតាំង និង​មិនទាន់បាន​សាងសង់ វា​រី​អគ្គិ​នៅឡើយ​ទេ បែរជា​នាំគ្នា​កាប់​ឈើ​លក់ យ៉ាង​អនាធិបតេយ្យ មិនដឹង​ជាមាន​មូលហេតុ​អ្វី​។ យ៉ាងណាក៏ដោយ គេ​លើក​ជា​ចម្ងល់​ថា ក្រុមហ៊ុន វិនិយោគ សាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ជា​ក្រុមហ៊ុន​ធ្វើ​នំ​អត់​ម្សៅ ព្រោះថា គេ​កាប់​ឈើ​ប្រណីត យកទៅ​លក់ដូរ ដើម្បី​យកលុយ​មក​អភិវឌ្ឍន៍​តាម​ក្រោយ ដែល​រហូតមក​ដល់ពេលនេះ អត់​ទាន់​បានធ្វើ​អ្វី​សោះ ក្រៅពី​កាប់​ឈើ​លក់ ហើយ​គេ​ចាំបាន​ថា​ក្រុមហ៊ុន Royal Group របស់លោក​ឧកញ៉ា គិត ម៉េង បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា  ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Hauneng សម្រាប់​ការផ្តល់​ហិរញ្ញវត្ថុ រយៈពេល​២​ឆ្នាំ​។

ក្រោយមកទៀត​ក្រុមហ៊ុន Royal Group ក៏បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​យួន ដ៏​ធំ​មួយ​ក្នុងការ​ស្តា​របាត​អាង ប៉ុន្តែ​ក្រុមហ៊ុន​នោះ មាន​ភាពយឺតយ៉ាវ​អនុវត្តន៍​ការងារ មិនបាន​គ្រប់​ជ្រុងជ្រោយ ដោយសារតែ​កត្តា​ផ្សេងៗ ស្រាប់តែ​ក្រុមហ៊ុន Royal Group បង្វែរ​មក​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​មួយទៀត របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ ឈន់ និង​ឈ្មោះ សាន ច​យ ជា​មេការ ផ្តើម​ឲ្យ​មានការ​កាប់បំផ្លាញ ព្រៃឈើ​យ៉ាង​វិនាស​ហិនហោច​តែម្តង​។ គេ​ដឹងថា ក្រុមហ៊ុន Ang & associates lawyers Co.,Ltd  បាន​ចុះ​កិច្ចព្រមព្រៀង វិនិយោគ​រួមគ្នា ជាមួយ​លោក សុខ វណ្ណា ដែលជា​ប្អូនប្រុស​បង្កើត របស់​ឧកញ៉ា សុខ គង់ ដើម្បី​ឈូសឆាយ​តំបន់ បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែលមាន​ទំហំ​ដល់​ទៅ ៣៦០០០​ហិកតា ក្នុង​គម្រោង​ទឹកប្រាក់ ៨១៦​លាន​ដុល្លារ សម្រាប់​ការសាងសង់ ទំនប់​វា​រី​អគ្គិសនី​។

 

​សរុប​យ៉ាងខ្លី​មក​គឺ កំពូល​ឧកញ៉ា​ចំនួន ៣​នាក់ រួមមាន​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា មេ​ឈ្មួញ សុខ វណ្ណា និង​លោក​ឧកញ៉ា គិត ម៉េង បាន​ឃុបឃិត​គ្នា កាប់បំផ្លាញ​ឈើ​ប្រណីត នៅក្នុង​តំបន់​បាត​អាង និង​ប្រមូល​ទិញ​ឈើ ពី​ក្រៅ​តំបន់​បាត​អាង យកទៅលក់​ផ្ទុយ​ពី គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី បង្កើត​ឲ្យ​មាន​បាតុភាព​ចម្រូងចម្រាស រហូតដល់​ពេលនេះ​។ នៅក្រោម​រូបភាព​នៃ​ការ កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ ដែលមាន​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​មានឈ្មោះ សាន ច​យ ជា​មេការ បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​មុខមាត់ លោក​ឧកញ៉ា គិត​ម៉េង ហើយ​បញ្ហា​នេះ គេ​វាយតម្លៃថា លោក​ឧកញ៉ា គិត​ម៉េង ក៏បាន​រួមចំណែក​ខុស​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ រហូតដល់​មាន​បញ្ហា ទើប​រាជរដ្ឋាភិបាល​ស​ម្រេច ប្រកាស​ដកហូត​អាជ្ញាប័ណ្ណ ដើម្បី​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ ដ៏​រាលដាល​នៅ​តំបន់​នោះ​៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item