មានរឿងភ្ញាក់ផ្អើលមួយនៅភូមបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាវេលាម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមានស្ត្រីម្នាក់អះអាងថា ជាប្រពន្ធដើមលែងលះគ្នាមិនទាន់ដាច់ស្រេចបានបីកូនស្រីអាយុ១ឆ្នាំ មកអុកឡុកពិធីមង្គលការរបស់ប្តីដើមជាមួយកូនក្រមុំថ្មីអាយុ១៦ឆ្នាំ បន្ទាប់ពីដឹងព័ត៌មានតាមការបង្ហោះក្នុងFacebook មួយមានAccountឈ្មោះ S.C .T.Cធ្វើឲ្យផ្អើលរោងការនិងសមត្ថកិច្ចកីបានចុះទៅផ្អាកដំណើរការអាពាហ៍ពិពាហ៍នោះទាំងព្រឹក ដើម្បីដោះស្រាយគ្នាសិន ។
ស្ត្រីឈ្មោះ គិត សិរីផលិ្លកា អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអះអាងថា ជាប្រពន្ធដើមរបស់បុរសឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ៣៣ឆ្នាំ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ នាងបានមើលតាមFacebookឃើញកូនក្រមុំថ្មីឈ្មោះ ឆ.ស.ជ.ត អាយុ១៦ឆ្នាំ បង្ហោះរូបភាពនិងជូនដំណឹងអំពីគម្រោងរៀបការជាមួយប្តីរបស់ខ្លួនឈ្មោះ ប៉ាង ថ្លៃថ្លា មានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ បន្ទាប់ពីបានដឹងព័ត៌មាននេះហើយ នាងជាប្រពន្ធដើមបានដាក់ពាក្យបណ្តឹងមកអាជ្ញាធរមូលដ្ឋានស្នើសុំផ្អាកពិធីរៀបមង្គលការនោះសិន ពីព្រោះសំណុំរឿងលែងលះគ្នាជាមួយប្តីកាលពីឆ្នាំ២០១០មិនទាន់ដាច់ស្រេច ។
នាងជាប្រពន្ធដើមបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយរៀបការជាមួយប្តីនាងរួចមកទទួលបានចំណងដៃកូនស្រីម្នាក់អាយុទើបបាន១ឆ្នាំ ហើយដោយសារការលែងលះគ្នាតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យបុរសជាប្តីនិងជាឪពុកបង់ថ្លៃអាហារកិច្ចដល់កូនស្រីចំនួន៥០ដុល្លារអាមេរិកក្នុង១ខែ រហូតដល់កូនអាយុ៦ឆ្នាំ លុះកូនមានអាយុចាប់ពី៦ឆ្នាំដល់១៨ឆ្នាំ ត្រូវបង់១០០ដុល្លារអាមេរិកក្នុង១ខែ ប៉ុន្តែការសម្រេចចេញជាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ត្រូវបាននាងប្តឹងឧទ្ធរណ៍កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ពោលគឺសំណុំរឿងលែងលះមិនទាន់ដាច់ស្រេចនៅឡើយ ។
ដោយឡែកបុរសឈ្មោះ ប៉ាង ថ្លៃថ្លា ជាភាគីខាងប្តី មានមុខរបរជាវេជ្ជបណ្ឌិត បានបញ្ជាក់ថា លោកបានលែងលះជាមួយប្រពន្ធដើមឈ្មោះ គិត សិរីផល្លិកា កាលពីឆ្នាំ២០១០ និងតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញសាលក្រមចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ដោយវិនិច្ឆ័យឲ្យកូនស្រីឈ្មោះ ប៉ាង ប៉លី ទៅភាគីម្តាយនិងបង្គាប់ឲ្យលោកបង់ថ្លៃអាហារកិច្ចឲ្យទៅកូនស្រីរហូតដល់អាយុ១៨ឆ្នាំ ។ រីឯ ការរៀបអាពាហ៍ពិពាហ៍ថ្មីរបស់លោកនេះ គឺលោកបានសុំច្បាប់ទម្លាប់ត្រឹមត្រូវរួចហើយ ។
រីឯ ក្រុមគ្រួសារខាងកូនក្រមុំ ដែលត្រូវបានប្រពន្ធដើមមកអុកឡុកដល់រោងការនោះ មានបំណងចង់ប្តឹងទៅលើនាង គិត សិរីផល្លិកា ដែលជាប្រពន្ធដើមធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារកូនក្រមុំថ្មីថ្មោង ៕
Source from: www.dtn7.com























Loading...




Post a Comment