ពិតជាគួរឲ្យចាប់អារម្មណ៍មែនទៅនឹងស្រីស្រស់ក្មេងអាយុ១៧ឆ្នាំម្នាក់ចេញមុខប្រកបមុខរបរធ្វើចោរតែថ្លើមធំ ហ៊ានធ្វើសកម្មភាពគាស់ទ្វារបន្ទប់សណ្ឋាគារទន្លេសេកុង ឋិតនៅអគារលេខ៧៧ ផ្លូវលេខ២២៥ កែងផ្លូវលេខ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង០៥ និង ១៥នាទីព្រឹកព្រលឹម នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ។
ក្នុងការធ្វើសកម្មភាពគាស់ទ្វារបន្ទប់សណ្ឋាគារទន្លេសេកុង ដើម្បីលួចទ្រព្យសម្បត្តិរបស់ភ្ញៀវ ដែលស្នាក់នៅក្នុងសណ្ឋាគារនោះ គឺចោរស្រីវ័យក្មេងបានប្រើប្រាស់ឧបករណ៍ជាច្រើនដូចជា ដែកស្តើងសំប៉ែតមុខស្រួចចំនួន២,ដង្កាប់មុខស្រួចចំនួន១,កូនកាំបិតកៃចំនួន១,ទួណឺវីសចំនួន១និងកូនសោសម្រាប់ចាក់បន្ទប់ចំនួន២ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូ៣បានឲ្យដឹងថា ជនរងគ្រោះជាប្តី-ប្រពន្ធដែលត្រូវចោរស្រីវ័យក្មេងលួចទ្រព្យសម្បត្តិក្នុងបន្ទប់សណ្ឋាគារទន្លេសេកុងនោះ មានឈ្មោះ លន់ ហឿន អាយុ៥២ឆ្នាំ ជាប្តីមានមុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងភរិយាឈ្មោះ ស្រេង ស្រីអូន អាយុ៤៧ឆ្នាំ ។
ដោយឡែកចោរស្រីវ័យក្មេងដែលជាជនសង្ស័យមានឈ្មោះ កែវ ស្រីលក្ខណ៍ អាយុ១៧ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្តី-ប្រពន្ធ បានធ្វើដំណើរពីខេត្តកំពង់ចាមមកស្នាក់នៅក្នុងសណ្ឋាគារទន្លេសេកុង បន្ទប់លេខ៣០៦ មានតម្លៃឈ្នួលចំនួន១៦ដុល្លារអាមេរិកក្នុង១ថ្ងៃ ។ លុះដល់វេលាម៉ោងប្រមាណជាង០៥ព្រឹកនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ខណៈជនរងគ្រោះកំពុងសម្រាកលក់ស្កប់ស្កល់ ស្រាប់តែឮសំឡេងទ្វារ ភ្លាមនោះស្ត្រីជាប្រពន្ធក៏បានក្រើកពីដំណេកស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់កំពុងឆ្កឹះ ទ្វារបន្ទប់របស់ខ្លួន និងបើកទ្វារចូលមកក្នុងបន្ទប់ ទើបបុរសជាប្តីស្ទុះទៅប្រតាយប្រតប់ជាមួយជនសង្ស័យ ដែលជាស្ត្រីវ័យក្មេង ។ ពេលកំពុងប្រតាយប្រតប់ជាមួយជនសង្ស័យនោះ ជនរងគ្រោះក៏បានទូរស័ព្ទហៅសន្តិសុខសណ្ឋាគារឲ្យមកជួយអន្តរាគមន៍ ប៉ុន្តែរយៈពេលជិត១០នាទីក្រោយទើបក្រុមសន្តិសុខមកដល់ក៏បានចាប់ជនសង្ស័យប្រគល់ឲ្យទៅនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ៣ ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ខ្លួនធ្លាប់មកស្នាក់នៅសណ្ឋាគារទន្លេសេកុងនេះជាច្រើនលើកមកហើយ មិននឹកស្នានថា បច្ចុប្បន្នសណ្ឋាគារនេះ មានស្ថានភាពអសន្តិសុខដោយចោរអាចចូលមកលួចទ្រព្យសម្បត្តិបានដក់ក្នុងបន្ទប់ស្នាក់នៅធ្វើឲ្យបាត់បង់ចិញ្ចៀន១វង់តម្លៃ១.៤០០.០០០ រៀល ដូច្នេះឡើយ ៕
Source from: www.dtn7.com























Loading...




Post a Comment