ខេត្តកំពង់ចាម ៖ មនុស្ស ២ ក្រុមមានគ្នា ៨ នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងករណីប្រើអំពើហិង្សាវាយតប់គ្នា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា នៅក្នុងបរិវេណកាស៊ីណូ GMG ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម ដោយសារតែរឿងជម្លោះ ក្នុងការដណ្តើមម៉ូយ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមទី១ ដែលត្រូវបានឃាត់ខ្លួនមានគ្នា ៤នាក់ក្នុងនោះ ទី១-ឈ្មោះ ឈាង សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ ឈាង សុកណា ភេទស្រី អាយុ ១៧ឆ្នាំ ៣-ឈ្មោះ ឈាង ស្រីលាភ ភេទស្រី អាយុ ២៥ឆ្នាំ និង៤-ឈ្មោះ ដាំ សារវ័ន្ត ភេទប្រុស អាយុ ៣៥ឆ្នាំ ទាំង ៤នាក់ មានទីលំនៅជាមួយគ្នា ក្នុងភូមិអន្លុងសាឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចំណែក ក្រុមទី២ រួមមាន១-ឈ្មោះ ម៉ី ស្រីរ័ត្ន ភេទស្រី អាយុ ២១ឆ្នាំ ២-ឈ្មោះ ប៊ុន ស្រីនិត ភេទស្រី អាយុ ២៣ឆ្នាំ ៣-ឈ្មោះ ម៉ី ចន្ធី ភេទស្រី អាយុ ១៨ឆ្នាំ និង៤-ឈ្មោះ ណេ ពិភពសរណា ភេទប្រុស អាយុ ២២ឆ្នាំ ទាំង ៤នាក់នេះ មានរស់នៅជាមួយគ្នា ក្នុងភូមិទី៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កាលពីយប់ថ្ងៃកើតហេតុនារី ២នាក់ ជាមេរ៉ូលីងដូចគ្នា បានដណ្តើមភ្ញៀវដែលចូលមកដូរកាក់ សម្រាប់ចាក់រ៉ូលីង ក៏មានការជជែកនិងជេរគ្នា យ៉ាងចាស់ដៃ ក្នុងក្លឹបកាស៊ីណូ GMG ។ បន្ទាប់មកខាងសន្តិសុខ កាស៊ីណូ បានសម្របសម្រួល ក៏ស្ងប់ស្ងាត់វិញ។ រហូតដល់ម៉ោង ២១និង២០ នាទី ថ្ងៃដដែលពេលឈ្មោះ ស្រីរ័ត្ន បានមកហូបសាច់គោអាំង នៅខាងមុខកាស៊ីណូ ជាមួយបង ប្អូន និងពេលហូបរួចខណៈដែលឈ្មោះ ស្រីរ័ត្ន ដើរចេញមកវិញស្រាប់តែឈ្មោះ សុកណាង និងឈ្មោះ ស្រីលាភ បានមកស្ទាក់ពីមុខ ដោយឈ្មោះ សុកណាង បានបាចអំបិល ម្ទេសទៅលើឈ្មោះ ស្រីរ័ត្ន ហើយបងប្រុសរបស់ សុកណាង ក៏បានទាញកាបូបពីឈ្មោះ ស្រី រ័ត្ន យកខ្សែកាបូបមករឹត.ក ហើយឈ្មោះ សុកណាង បានបោចសក់ និងបានយករបស់រឹងមកឆូតលើផ្ទៃមុខ ស្រីរ័ត្ន រួចទាញបោកទៅលើដី។
ហេតុការណ៍វាយតប់គ្នានេះ ធ្វើឲ្យភាគីជម្លោះ មានអ្នកខ្លះរងរបួស ខ្លះជាំមុខ និងខ្លះទៀត រងរបួសដោយ ស្នាមក្រចក ហើយ សមត្ថកិច្ចបានសន្និដ្ឋានថា ភាគីទាំងសងខាង គឺពិតជាបានវាយប្រតាយប្រតប់គ្នា ទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ស្រាលរៀងៗខ្លួន ហើយការកាត់ក្តីយ៉ាងណានោះ វាស្ថិតនៅលើសាលាដំបូង ខេត្តកំពង់ចាម ចាត់ការទៅតាមនីតិវិធី។ ករណីនេះឈ្មោះ ម៉ី ស្រីរ័ត្ន រងរបួស លើផ្ទៃមុខដោយស្នាមក្រចក និងក្បាលធ្ងន់ធ្ងរ, ឈ្មោះ ម៉ី ចន្ធី រងរបួសលើផ្ទៃមុខស្រាល និងភាគីម្ខាងទៀតឈ្មោះ ឈាង ស្រីលាភ រងរបួសមុខនិងក្បាល ក្បាលជង្គង់ទាំង២ ហើយឈ្មោះ ឈាង សុកណាង ក៏រងរបួសលើផ្ទៃមុខផងដែរ ៕
Source from: watphnom-news.com























Loading...




Post a Comment