
ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ត្រូវភ្លើងប្រចណ្ឌ ឆាបឆេះពេញដើមទ្រូង មិនឃើញប្តីចូលផ្ទះ ក៏ដាច់ចិត្តទៅតាម រកប្តីនៅផ្ទះបងថ្លៃ តែរកអត់ឃើញក៏កើត រឿងក្តៅក្រហាយគិតថា បងថ្លៃបានជួយលាក់ប្តីរបស់ខ្លួន ក៏ទាញដបសាំងជះដុតទៅលើ កុមារាម្នាក់អាយុ ១ខួប៣ ខែត្រូវជាក្មួយ ហើយបុរសវ័យកណ្ដាលម្នាក់ បានស្ទុះមកជួយ បណ្តាលឲ្យរងរបួសរលាក ពេញខ្លួនយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៦និង២០ នាទីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងក្រុមទី៣០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ស្ត្រីបង្កមានឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង អាយុជាង ២២ឆ្នាំ បានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាព ជះសាំងដុតទៅលើ កុមារារងគ្រោះឈ្មោះ សុខ ចំរ៉ុង ភេទប្រុស អាយុ ១ឆ្នាំ៣ ខែ រួមជាមួយបុរសវ័យកណ្ដាលម្នាក់ទៀត ត្រូវជាបងប្រុសម្តាយកុមាររងគ្រោះ ឈ្មោះ ចន អាយុ ៣៣ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ ទាំងអ៊ុំទាំងក្មួយ គួរអោយអាណោចអាធម៌បំផុត។
សាក្សីបានឲ្យដឹងថា ប្ដីរបស់ស្ត្រីបង្កហេតុ បានទៅធ្វើការនៅប៉ោយប៉ែត លុះពេលត្រលប់មកវិញ អត់បានចូលផ្ទះ ប្រហែល ៤ឬ៥ ថ្ងៃមកហើយ ទោះបីស្ត្រីបង្កទូរស័ព្ទ ហៅយ៉ាងណាក៏ដោយ ក៏ពុំព្រមទៅដែរតែបែរជាមក ដេកនៅផ្ទះបងស្រីទៅវិញ។ នៅពេលនោះស្ត្រីបង្ក តាមមករកអត់ឃើញ គិតថាបងថ្លៃលាក់ប្ដីរបស់ខ្លួន ក៏មានការខឹងសម្បារ រួចទាញដបសាំង ជះដុតលើកុមារារងគ្រោះ ដែលកំពុងគេងលើ គ្រែអត់ដឹងអីសោះ ឆាបឆេះពេញខ្លួនតែម្តង។
ភ្លាមៗនោះ បុរសដែលត្រូវជា បងប្រុសម្តាយកុមាររងគ្រោះ ឃើញក្មួយប្រុសត្រូវបាន ភ្លើងឆេះសន្ធោសន្ធៅ គួរអោយអាណិត ក៏ស្ទុះទៅអោបក្មួយប្រុស យកចេញពីអណ្ដាតភ្លើង មកខាងក្រៅបណ្ដាលឲ្យ រលាករបួស ពេញខ្លួនប្រាណទាំង ២នាក់តែម្តង។ សូមបញ្ជាក់ផងដែរថា ក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការនេះ គឺជាគ្រួសារក្រីក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួល កន្លែងកើតហេតុខាងលើ ដោយមានមុខរបរជាកម្មករសំណង់ទាំងប្ដី ទាំងប្រពន្ធ សូម្បីតែលុយដឹកកូន មកសង្គ្រោះនៅភ្នំពេញ ក៏អត់មានដែរ៕
Source from: watphnom-news.com
Post a Comment