រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃមានគម្រោង ផ្លាស់ប្តូរការប្រើពាក្យ «ពន្ធនាគារ» ទៅជា «មណ្ឌលអប់រំកែប្រែ» វិញ ក្នុងផែនការយុទ្ធសាស្ត្រ រយៈពេល៥ ឆ្នាំដែលជាបេសកកម្ម របស់រដ្ឋាភិបាលលើវិស័យ គ្រប់គ្រងពន្ធនាគារ តាមរយៈការផ្តល់ជំនាញវិជ្ជាជីវៈ ដល់អ្នកទោសដែលជាប់ឃុំ ដើម្បីអាចឲ្យពួកគេមានជំនាញ ចិញ្ចិមជីវិតនៅពេលដែល ពួកគេត្រូវដោះលែង ឲ្យមានសេរីភាពវិញ។
គម្រោងកែប្រែនេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនថា ពន្ធនាគារនៅក្នុង ប្រទេសកម្ពុជា ស្ថិតនៅក្នុង ស្ថានភាពអាក្រក់ ដោយអ្នកទោស និងជនជាប់ចោទ ត្រូវបានគេឃុំនៅក្នុង បន្ទប់ចង្អៀតណែន គ្មានអនាម័យ គ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ អ្នកជាប់ឃុំទើបចូលទៅថ្មី ត្រូវអ្នកជាប់ឃុំចាស់វាយដំធ្វើបាបជាដើម។ លោក នុត សាអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការកែប្រែពាក្យនេះ ជាបំណងរបស់ក្រសួង ដើម្បីបង្ហាញថា ទីនេះជាការផ្តល់ការបណ្តុះវិជ្ជា ដើម្បីអាចឲ្យអ្នកទោស ដែលចេញពីពន្ធនាគារវិញ អាចរកការងារធ្វើបាន។
លោក នុត សាអាន បានបន្តថា ទោះយ៉ាងណា ពន្ធនាគារសព្វថ្ងៃ គឺជា «មណ្ឌលកែប្រែ» ទៅហើយ ព្រោះសុទ្ធតែ មានការបណ្តុះបណ្តាលវីជ្ជាជីវៈ ដូចជា ជំនាញជួសជុល កាត់ដេរ គំនូរ ភាសា កុំព្យូទ័រ តម្បាញ បំណិនជីវិត ឬការអប់រំផ្លូវចិត្ត ហើយបើយើងមិន យកចិត្តទុកដាក់បញ្ហានេះទេ អ្នកជាប់ក្នុងនោះ ពេលចេញទៅវិញ នឹងប្រព្រឹត្តបទល្មើសទៀត។ លើសពីនេះ បទដ្ឋានក្នុងការគ្រប់គ្រងអ្នកទោស ក៏នឹងមានការកែប្រែ មានលក្ខខណ្ឌប្រសើរជាងមុន លែងមានការវាយដំ ឬអ្នកមកមុន គ្រប់គ្រងអ្នកចូលក្រោយទៀតហើយ។
លោក នុត សាអាន បានបន្តទៀតថា ពីមុនពេលមានអ្នកទោសថ្មី ចូលទៅគេបង្រៀនវាយដំ ធ្វើទារុណកម្ម តែឥឡូវនេះគ្មានបញ្ហានេះទេ មន្ត្រីពន្ធនាគារដែល គ្រប់គ្រងពន្ធនាគារនីមួយៗ ត្រូវពិនិត្យបញ្ហានេះឲ្យច្បាស់លាស់។ បើកាលណាមានបញ្ហា បែបនេះកើតឡើង អ្នកដែលប្រព្រឹត្ត ត្រូវទទួលខុសត្រូវ ហើយនៅមុនពេលដែល អ្នកទោសត្រូវបញ្ជូនទៅពន្ធនាគារ ពួកគេនឹងត្រូវធ្វើការអប់រំ ពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ បច្ចុប្បន្ននេះ នៅតាមមន្ទីរអប់រំកែប្រែ របស់ក្រសួងមហាផ្ទៃចំនួន៤ និងពន្ធនាគារនៅតាម រាជធានី-ខេត្តចំនួន ២០ ទូទាំងប្រទេស មានអ្នកទោសចំនួន ១៤៥៦៦ នាក់។
យ៉ាងណាក៏ដោយលោក អំ សំអាត ទីប្រឹក្សាបច្ចេកទេស ស៊ើបអង្កេតនៃអង្គការ សិទ្ធិមនុស្សលីកាដូ បានស្វាគមន៍ចំពោះគម្រោង កែប្រែពីពន្ធនាគារ ទៅជាមណ្ឌលកែប្រែនេះ ប៉ុន្តែលោកបានថ្លែងថា គេមិនត្រូវកែតែពាក្យឲ្យពីរោះស្តាប់ ដោយគ្មានការបណ្តុះបណ្តាល អ្នកទោសជាក់ស្តែងនោះទេ។ លោកបាននិយាយទៀតថា ពាក្យនេះល្អ ព្រោះគេធ្វើខុសច្បាប់ ត្រូវយកមកអប់រំកែប្រែ ផ្តល់ការបណ្តុះបណ្តាល ឲ្យមានមុខរបរ។ បើនៅពន្ធនាគារ ដោយគ្មានធ្វើអ្វីសោះ នោះពេលចេញមកវិញ គាត់គង់តែប្រព្រឹត្តបទល្មើសដដែល ដូច្នេះជាគោលការណ៍ រាល់មណ្ឌលកែប្រែត្រូវតែផ្តល់ការបណ្តុះបណ្តាល។
យោងតាមសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រ ២០១៤ ដល់ ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពន្ធនាគារថ្មីចំនួន៤ ទៀត នៅក្នុងខេត្តរតនគិរី ខេត្តតាកែវ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន កំពុងស្ថិតក្នុង ដំណើរការសាងសង់។ បើតាមលោករដ្ឋលេខាធិការ នុត សាអាន ការសាងសង់ពន្ធនាគារនីមួយៗ ដែលកំពុងដំណើរការ នៅតាមបណ្តាខេត្តទាំងនោះ នឹងត្រូវចំណាយទឹកប្រាក់ជាង ១៤០០ លានរៀល ដែលជាថវិកាបានមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
Source from: watphnom-news.com























Loading...




Post a Comment