ខេត្ដកណ្ដាល ៖ សមត្ថកិច្ចនគរបាលខេត្ដកណ្ដាល បានបញ្ជូនខ្លួនជនសង្ស័យ ៥ នាក់ទៅកាន់សាលាដំបូង ខេត្ដកណ្ដាល កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ដែលជាប់ពាក់ព័ន្ធករណី បាត់វត្ថុបុរាណមានតម្លៃ និងព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុ ក្នុងព្រះសក្យមុនីចេតិយ នៅលើកំពូលភ្នំព្រះរាជទ្រព្យ កាលពីយប់ថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានតុលាការឃុំខ្លួន បណ្តោះអាសន្ន ដោយសារ មានតម្រុយនិងភស្តុតាងជាច្រើន។
ជនសង្ស័យទាំង ៥នាក់នោះរួមមានឈ្មោះ កា សាត អាយុ ៤៧ឆ្នាំ , ឈ្មោះ ស៊ាង សារិន អាយុជាង ៥០ឆ្នាំ , ឈ្មោះ ថៃ ,ឈ្មោះ ផា សុខែម អាយុ ៤៦ឆ្នាំ ជាប្រធានឆ្មាំ និងឈ្មោះ កាន់ ស៊័ក្រ អាយុ ៣៨ឆ្នាំ ។ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ កម្លាំងនគរបាល បាននាំខ្លួនលោក ផា សុខែម អាយុ ៥៦ឆ្នាំ ប្រធានឆ្មាំ ព្រះសក្យមុនីចេតិយ ទៅឆែកឆេរលំនៅឋាន នៅផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌសែនសុខ រយៈពេលជាង២ ម៉ោងបានរកឃើញ ព្រះបដិមានិងវត្ថុបុរាណមួយចំនួន មានច្រើនប្រភេទ រហូតដល់ទៅ ២៨មុខបានលាក់ក្នុងផ្ទះ និងរកឃើញក្នុងរថយន្ដ ដែលគាត់ជិះ ។
ក្រោយការឆែកឆេររួចមក កម្លាំងនគរបាលបានសម្រេច ឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្នុងនោះមានម្នាក់ជាប្រធានឆ្មាំ យាមនៅភ្នំព្រះរាជទ្រព្យ ក្នុងចំណោមបុគ្គលិកជាង ២០នាក់ ដែលមានជាប់ពាក់ព័ន្ធ ត្រូវបាននគរបាលឃាត់ខ្លួន នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីធ្វើការសាកសួរ ហើយក៏បានបញ្ជូនខ្លួន ជនសង្ស័យទាំង ៥នាក់ទៅសាលាដំបូងខេត្ដកណ្ដាល ចាត់ការតាមច្បាប់ ។ ជនទាំង ៥នាក់នោះ ត្រូវបានតំណាងអយ្យការលោក សម ឫទ្ធីវាសនា ព្រះរាជអាជា្ញរងអម សាលាដំបូងខេត្ដកណ្ដាល និងលោក វេង ហ៊ត់ អនុប្រធានតុលាការបានសម្រេច ឃុំខ្លួនជនសង្ស័យទាំង ៥នាក់នោះរួចហើយ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣៕
Source from: watphnom-news.com























Loading...




Post a Comment