កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ សាលារាជធានីភ្នំពេញបានចេញលិខិតមួយច្បាប់អញ្ជើញឯកឧត្តមប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកម្មវត្ថុឲ្យចូលរួមប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣វេលាម៉ោង០៩ព្រឹកនៅសាលារាជធានីភ្នំពេញកុំបីខាន ។
លិខិតរបស់សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងគណបក្សសង្គ្រោះជាតិ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈស្របទៅនឹងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី សាលារាជធានីភ្នំពេញយល់ឃើញថា ការរៀបចំសម្តែងមតិដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ នៅមានប្រការមិនប្រក្រតីជាច្រើនដែលចាំបាច់ត្រូវកែលម្អបន្ទាន់ ៖ ១-បញ្ហាបរិស្ថាន អនាម័យនៅទីលានប្រជាធិបតេយ្យ និងសួនច្បារសាធារណៈ ។ ២-ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ ។ ៣-ការគ្រប់គ្រងកម្លាំងអ្នកចូលរួមបាតុកម្ម ។ ៤-ការសម្តែងមតិ និងប្រើពាក្យសម្តីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថមួយប្រាសចាកពីព្រំដែននៃសិទ្ធិសម្តែងមតិ ដែលមានចែងក្នុងច្បាប់ ។
នៅទីបញ្ចប់នៃលិខិតអញ្ជើញរបស់សាលារាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា "គណៈអភិបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមប្រធាន និងអនុប្រធាននឹងសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានាជាធរមានប្រកបដោយស្មារតីទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ និងបុព្វហេតុប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ។ " ។
គេមិនទាន់ដឹងថា ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ នឹងអញ្ជើញទៅចូលរួមប្រជុំជាមួយគណៈអភិបាលរាជធានីភ្នំពេញតាមការអញ្ជើញរបស់សាលារាជធានីភ្នំពេញនោះដែរឬយ៉ាងណានៅឡើយទេ ៕
Source from: www.dtn7.com























Loading...




Post a Comment