អនុលោមតាមមាត្រា៥, មាត្រា៩ និងមាត្រា១០ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ គឺបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា សម្រាប់រថយន្តដែលប្រើប្រាស់ដោយសមាជិករដ្ឋសភា ដែលបានមកពីការប្រើប្រាស់ថវិការដ្ឋត្រូវពាក់ស្លាកលេខ រដ្ឋ០២.២-XXXX ដោយមិនសំដៅចែងថា រដ្ឋសភានីតិកាលទីប៉ុន្មាននោះទេ។ លើសពីនេះ រថយន្តដែលបានដោយថវិកាឯកជនរបស់សមាជិករដ្ឋភាត្រូវពាក់ស្លាកលេខឯកជន និងនៅក្នុងអាណត្តិរបស់ខ្លួនយានយន្តរបស់សមាជិករដ្ឋសភាដែលពាក់ស្លាកលេខឯកជនត្រូវបិទសញ្ញារដ្ឋសភា។
ទោះបី មានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះក្នុងគោលបំណងបង្កការងាយស្រួលក្នុងការគ្រប់គ្រងយានយន្តគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា, បែងចែកច្បាស់លាស់នូវប្រភេទម្ចាស់កម្មសិទ្ធិយានយន្ត និងប្រភេទយានយន្ត, កំណត់និងផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានយន្ត និងធានាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមយ៉ាងណាក៏ដោយក៏បែរជាស្ថាប័នរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ «ស្ថាប័នតាក់តែង និងអនុម័តច្បាប់» ប្រើប្រាស់ស្លាកលេខរថយន្តប្រភេទរដ្ឋសភា3 រដ្ឋសភា4 និងរដ្ឋសភា5 ទៅវិញ។
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកថ្មីៗនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភានីតិកាលទី៥ ចុះហត្ថលេខាដោយឯកឧត្តមឡេង ប៉េងឡុង ជាមន្ត្រីចូលនិវត្តន៍រួចហើយ តែត្រូវបានតែងតាំងឲ្យធ្វើជាអគ្គលេខាធិការរដ្ឋសភានីតិកាលទី៥នោះ បានប្រកាសនិរាករណ៍ស្លាកលេខរថយន្តប្រភេទរដ្ឋសភា1 រដ្ឋសភា2 រដ្ឋសភា3 និងរដ្ឋសភា4 ចោលជាអសារបង់ និងដាក់ឲ្យប្រើប្រាស់ស្លាកលេខរថយន្តប្រភេទរដ្ឋសភា5 សម្រាប់តំណាងរាស្ត្រជាសមាជិករដ្ឋសភានីតិកាលទី៥។
ការកំណត់ប្រើប្រាស់ស្លាកលេខរថយន្តប្រភេទរដ្ឋសភា5 របស់ស្ថាប័ននីតិប្បញ្ញត្តិ «រដ្ឋសភា»នេះ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងលើសពីនេះធ្វើឲ្យមានផលលំបាកក្នុងការបែងចែកថា តើរថយន្តដែលប្រើប្រាស់ដោយសមាជិករដ្ឋសភានោះ រថយន្តណាបានមកដោយប្រើប្រាស់ថវិការដ្ឋ និងរថយន្តណាដែលបានមកដោយថវិកាឯកជនទៀតផង។
នេះគឺជាព័ស្តុតាងមួយក្នុងចំណោមព័ស្តុតាងជាច្រើនទៀតដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់លាស់ដូចខាងក្រោម៖
១- រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិទាំងមូលបែរជាវង្វេងច្បាប់មិនស័ក្តិសមជាស្ថាប័នគំរូក្នុងការអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
២- រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិទាំងមូលបែរជាបិទភ្នែកបណ្តែតបណ្តោយឲ្យអនុក្រឹត្យដែលជាលិខិតគតិយុត្តរបស់ខ្លួនក្លាយជាក្រដាសអនាម័យ ព្រោះត្រូវបានស្ថាប័ននីតិប្បញ្ញត្តិរំលោភបំពានអស់រយៈពេលជាង១០ឆ្នាំ។
៣- ជាកំហុសឆ្គងក្នុងការគ្រប់គ្រងអំណាចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីជាង២០ឆ្នាំ បែរជាបុរសខ្លាំងរូបនេះមើលមិនឃើញនូវកំហុសរបស់ខ្លួនឯងថាខ្សោយទៅវិញ ដ្បិតមានមន្ត្រីរាជការជាច្រើនទាំងស៊ីវិល ទាំងប្រដាប់អាវុធ បានប្រព្រឹត្តរំលោភបំពានទៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាផ្ទាល់ដោយបុរសខ្លាំងនេះ ហើយត្រូវបានគេហទំព័រសារព័ត៌មានដើមត្នោត ធ្វើការចុះផ្សាយអស់ជាច្រើនអត្ថបទរួចមកហើយ ប៉ុន្តែបុរសខ្លាំងមើលមិនឃើញ ឬធ្វើមើលមិនឃើញ៕
Source from: www.dtn7.com























Loading...




Post a Comment