ឯកឧត្តម ឡេង ប៉េងឡុង ត្រូវបានតែងតែងឲ្យធ្វើជាអគ្គលេខាធិការរដ្ឋសភានីតិកាលទី៥បន្តទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១១៦៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ការតែងតាំងឯកឧត្តម ឡេង ប៉េងឡុង ជាអគ្គលេខាធិការរដ្ឋសភា នីតិកាលទី៥បន្តទៀតនេះ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកច្បាប់មានការចាប់អារម្មណ៍ និងងឿងឆ្ងល់យ៉ាងខ្លាំងនៅត្រង់ថា ឯកឧត្តម ឡេង ប៉េងឡុង ឋានន្តរស័ក្តិឧត្តមអភិបាលថ្នាក់លេខ១ ក្របខ័ណ្ឌមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវបានដាក់ឲ្យចូលនិវត្តន៍រួចហើយចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣តទៅ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១១៤៩ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ដូច្នេះ ហេតុអ្វីមន្ត្រីចូលនិវត្តន៍រួចហើយ បែរជាអាចតែងតាំងឲ្យធ្វើជាអគ្គលេខាធិការរដ្ឋសភាតទៅទៀតបាន ?
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានធ្វើការពន្យល់ថា អនុលោមតាមព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១១៤៩ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ គឺឯកឧត្តម ឡេង ប៉េងឡុង ត្រូវចូលនិវត្តន៍ជាធរមាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ដែលជាថ្ងៃព្រះមហាក្សត្រព្រះអង្គឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យ ដាក់ឲ្យឯកឧត្តមរូបនេះចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ។ មានន័យថា ឯកឧត្តម ឡេង ប៉េងឡុង ដែលជាមន្ត្រីចូលនិវត្តន៍ហើយ គឺមិនអាចតែងតាំងឲ្យបំពេញការងារជាអគ្គលេខាធិការរដ្ឋសភាតទៅទៀតបានទេ វៀរលែងតែក្នុងករណីឯកឧត្តមរូបនេះជាប់ឆ្នោតធ្វើជាអ្នកតំណាងរាស្ត្រជាសមាជិករដ្ឋសភា ទើបមិនគិតអាយុដែលត្រូវចូលនិវត្តន៍ ដ្បិតឋិតក្នុងក្របខ័ណ្ឌមន្ត្រីនយោបាយ ។
ដូច្នេះ សូមថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី៥របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា មេត្តាពិចារណាត្រួតពិនិត្យមើលករណីតែងតាំងឯកឧត្តម ឡេង ប៉េងឡុង ដែលជាមន្ត្រីចូលនិវត្តន៍រួចហើយ ឲ្យធ្វើជាអគ្គលេខាធិការរដ្ឋសភានីតិកាលទី៥បែបនេះផង ឬក្នុងស្ថាប័នរដ្ឋសភាទាំងមូលខ្វះមន្ត្រីដែលមិនទាន់ដល់អាយុត្រូវចូលនិវត្តន៍ចេះធ្វើអគ្គលេខាធិការរដ្ឋសភានីតិកាលទី៥ ដូចឯកឧត្តម ឡេង ប៉េងឡុង ? ៕
Source from: www.dtn7.com























Loading...




Post a Comment