នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ សាលារាជធានីភ្នំពេញបានចេញលិខិតសាជាថ្មី ជម្រាបជូនលោកប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកម្មវត្ថុស្តីពីការដង្ហែក្បួនធ្វើបាតុកម្ម និងការស្នាក់នៅលើទីលានប្រជាធិបតេយ្យ ដោយសាលារាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា "សាលារាជធានីភ្នំពេញពិតជាមានការសោកស្តាយណាស់ ដោយសារគម្រោងសកម្មភាពនៃការសម្តែងមតិរបស់គណបក្សសង្គ្រោះជាតិ មិនគោរពតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ។" ។
លិខិតរបស់សាលារាជធានីភ្នំពេញបានលើកឡើងនូវសកម្មភាពមួយចំនួន ដែលអាជ្ញាធរយល់ថា គប្បីគណបក្សសង្គ្រោះជាតិយកចិត្តទុកដាក់ និងកែលម្អដូចខាងក្រោម ៖
-ការគ្រប់គ្រងកម្លាំងបាតុករនៅពុំទាន់បានម៉ត់ចត់ មានការបណ្តែតបណ្តោយឲ្យក្រុមបាតុករមួយចំនួនប្រមូលផ្តុំគ្នាចាកចេញពីទីលានប្រជាធិបតេយ្យ ចេញធ្វើសកម្មភាពតវ៉ានៅតាមដងផ្លូវ ដោយគ្មានជូនដំណឹងមកសាលារាជធានីភ្នំពេញជាមុន ដូចជា មានព្រះសង្ឃ និងសកម្មជនមួយចំនួនបានចេញយកញត្តិតវ៉ាទៅសាលសន្និសីទចតុមុខកាលពីព្រឹកនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ ។
-មិនបានណែនាំឲ្យអ្នកចូលរួមជួយថែរក្សាសណ្តាប់ បរិស្ថានអនាម័យ ដោយមានចតយានយន្ត បោះសំរាមចោលពាសវាលពាសកាលនៅទីលានប្រជាធិបតេយ្យ និងរមណីយដ្ឋានវត្តភ្នំ ។
-មិនបានជូនដំណឹងមកសាលារាជធានីភ្នំពេញមុនរយៈពេល៥ឆ្នាំតាមច្បាប់កំណត់ ។
-មិនបញ្ឈប់ការធ្វើបាតុកម្មតាមច្បាប់កំណត់ ព្រមទាំងបន្តការស្នាក់នៅលើទីលានប្រជាធិបតេយ្យ ដោយគ្មានការអនុញ្ញាត ។
-បានរៀបចំពិធីសាសនាធ្វើរូបទីងមោង រៀបរថយន្តក្បួនដង្ហែ និងប្រើពាក្យសម្តីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថមួយប្រាសចាកពីព្រំដែននៃសិទ្ធិសម្តែងមតិដែលមានចែងក្នុងច្បាប់ ។
ខ្លឹមសារនៅចំណុចចុងក្រោយនៃលិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា "សាលារាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំលើស្មារតីទទួលខុសត្រូវខ្ពស់របស់លោកប្រធានគណបក្សសង្គ្រោះជាតិ ដោយចាត់ចែងឲ្យស្របតាមគោលការណ៍ច្បាប់ជាធរមាន ពិសេសការពង្រឹងនីតិរដ្ឋនៅកម្ពុជា ។ " ៕
Source from: www.dtn7.com























Loading...




Post a Comment