ខេត្តបាត់ដំបង ៖ មន្ដ្រីរាជការនៅក្នុងខេត្ដបាត់ដំបង តែងតែបានលើកឡើង អំពីការស្ថាបនាផ្លូវស្ពាន បណ្តាញលូនៅក្នុងខេត្ដ ហាក់ដូចជាគ្មានគុណភាព បើទោះបីជាគម្រោងទឹកប្រាក់ ដែលក្រសួងទម្លាក់មកឲ្យ មន្ទីរសាធារណការខេត្ដបាត់ដំបង សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ ក៏គេរិះគន់ថា រាល់ការស្ថាបនាទាំងនោះ មានជាប់ពាក់ព័ន្ធទៅនឹង ករណីកិបកេងលើគម្រោង បំប៉ោងតម្លៃ និងកេងចំណេញបច្ចេកទេស ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ដបាត់ដំបង មិនសូវមានគុណភាព ដោយសារតែអំពើពុករលួយ ផ្ដើមឡើងដោយលោក ខាន់ ម៉ាណេ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដបាត់ដំបង ។
មានការលួចបង្ហើបឲ្យដឹងផងដែរថា ក្រៅអំពីចំណូលដែលលោក ខាន់ ម៉ាណេ ទទួលបានកម្រៃយ៉ាងច្រើន ពីការកិបកេងនៅក្នុងអង្គភាព ក៏មានប្រភពចំណូលមួយចំនួនទៀត ក្នុងករណីដែលលោក ខាន់ ម៉ាណេ ឃុបឃិតបិទភ្នែក ឲ្យក្រុមជញ្ជីងថ្លឹងរថយន្ត ផ្ទុកលើសទម្ងន់ នៅឃុំស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ដោយមានលោក ស៊ូ ប៊ុនណារ៉ុង អនុប្រធានមន្ទីរសាធារណការ ជាអ្នកគ្រប់គ្រងរួមក៏បង្កើតឱ្យមាន អំពើពុករលួយក្នុងករណីកំណត់ឱ្យ យកលុយពីឡានដឹកលើសទម្ងន់ ឬឡានដែលមិនលើសទម្ងន់ ដែលបើកបរឆ្លងកាត់ ទីតាំងជញ្ជីងថ្លឹងរថយន្តនោះ ដោយគ្មានការយោគយល់អ្វីឡើយ។
ប្រជាពលរដ្ឋបានត្អូញត្អែរថា ក្នុងករណីដែលពួកគាត់ ដឹកជញ្ជូនថ្ម ខ្សាច់ ឆ្លងកាត់ជញ្ជីងថ្លឹងឡាននេះ បើទោះបីជាដឹកជញ្ជូន ក្នុងការប្រើប្រាស់ក្នុងស្រុក ឬក៏ក្នុងមូលដ្ឋាន ក្រុមមន្ដ្រីសាធារណការ ដែលគ្រប់គ្រងដោយលោក ស៊ូ ប៊ុនណារ៉ុង បានកោសរូសឲ្យបង់លុយ ក្នុងមួយឡាន ២ម៉ឺនរៀលទៅ៤ ម៉ឺនរៀល ក្នុងនោះសូម្បីតែ ការដឹកជញ្ជូនស្រូវ អង្ករ របស់ប្រជាពលរដ្ឋក៏ ក្រុមជញ្ជីងថ្លឹងឡាននេះ យកលុយដូចគ្នា។ចំពោះករណីឡានខ្សែ ដឹកជញ្ជូនដោយប្រភេទឡានយីឌុប សណ្ដោងកន្ទុយ បន្ទាប់ពីយកលុយ ពីក្បាលឡានក្នុងមួយឡាន ចាប់ពី ១០ម៉ឺនរៀលឡើងទៅនោះ ក្រុមជញ្ជីងថ្លឹងឡានរបស់ លោក ស៊ូ ប៊ុនណារ៉ុង ក៏បានយកលុយពីការ ដឹកជញ្ជូនទំនិញរបស់ ឡានខ្សែទាំងនោះ ជាប្រចាំខែផងដែរ ។
ចំណូលដែលបានមកអំពីឡានដឹកទំនិញ ក្នុងមួយថ្ងៃៗមានចំនួនរាប់សិបលានរៀល ដែលក្រុមហ៊ុន ដឹកជញ្ជូនទំនិញ មកពីប្រទេសសៀមឆ្លងកាត់ តាមបណ្ដោយផ្លូវជាតិលេខ៥ ដូចជាទំនិញ មកពីច្រកអន្ដរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកបឹងត្រកួន ខេត្ដបន្ទាយមានជ័យ និងច្រកសំពៅលូន ច្រកភ្នំព្រឹក ច្រកកំរៀង ក្នុងខេត្ដបាត់ដំបង រួមទាំងការដឹកជញ្ជូនទំនិញ មកពីច្រកប៉ៃលិនផង សុទ្ធតែបានឆ្លងកាត់ តាមបណ្ដោយផ្លូវជាតិលេខ៥ ដូច្នេះការដាក់ជញ្ជីងថ្លឹងឡាន ស្ថិតនៅក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដ បាត់ដំបង គឺជាទីតាំងនៃកុងត្រូលជជុះ ចាំយកលុយពីការដឹក ជញ្ជូនទំនិញគ្រប់ប្រភេទ មិនមែនជា កន្លែងសម្រាប់ ទប់ស្កាត់ទៅលើការ ដឹកជញ្ជូនទំនិញលើសទម្ងន់ ឲ្យស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាលនោះទេ ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងជញ្ជីងថ្លឹងឡាន របស់លោក ស៊ូ ប៊ុនណារ៉ុង មិនខុសពីកុងត្រូលជជុះ ក្នុងការគាបសង្កត់ពួកគាត់ ដែលរកស៊ីដឹកជញ្ជូន ស្រូវអង្ករ ខ្សាច់ថ្ម សម្រាប់ធ្វើអាជីវកម្ម ក្នុងមូលដ្ឋាន ហើយការដឹកជញ្ជូន ទោះជាមិនលើសទម្ងន់ ក៏ត្រូវបង់លុយ ២ម៉ឺនរៀលទៅ៤ ម៉ឺនរៀល ឬក៏ឃាត់រថយន្ត ទុកឱ្យមានការយឺតយូរ ប្រសិនបើមានការតវ៉ា មិនព្រមបង់លុយ តាមការទាមទាររបស់ពួកគេ ។ លោក ខាន់ ម៉ាណេ រួមទាំងលោក ស៊ូ ប៊ុនណារ៉ុង ពិតជាបានឃុបឃិតគ្នា ក្នុងការប្រមូលប្រយោជន៍ ពីការរាប់ក្បាលឡាន ដឹកទំនិញយកលុយ និងការចេញប័ណ្ណបើកបរ ក៏ដូចជាការធ្វើស្លាកលេខរថយន្ដ និងម៉ូតូ ព្រោះលោក ខាន់ ម៉ាណេ បានផ្ដល់លទ្ធភាពឲ្យលោក ស៊ូ ប៊ុនណារ៉ុង ប្រមូលប្រយោជន៍ សម្រាប់បុគ្គលច្រើនជាង សម្រាប់អង្គភាព មិនក្រែងញញើតពីច្បាប់ទម្លាប់៕
Source from: watphnom-news.com























Loading...




Post a Comment