ខេត្តបាត់ដំបង ៖ សពបុរសចំណាស់ម្នាក់ ត្រូវបានប្រទះឃើញ ដេកដួលស្លាប់នៅលើសួន ការ៉ូឡាក្បែរមាត់ស្ទឹងសង្កែ ត្រើយខាងកើត ទល់មុខមន្ទីរពេទ្យសង្កែ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ៩និង១០ នាទីយប់ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះទំនងជាដាច់បាយ អស់កម្លាំងដើរអត់គោលដៅ រហូតដួលស្លាប់តែម្តង។
សាក្សីបាននិយាយថា គេបានឃើញបុរសរងគ្រោះ ដើរតត្រុកតាមសួនក្បែរ មាត់ស្ទឹងសង្កែ ពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែដួលទៅលើការ៉ូឡា ផ្អើលមនុស្សម្នាទៅចោមរោមមើល ប៉ុន្ដែពេលទៅដល់ ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។ គ្មាននរណាម្នាក់បានស្គាល់ អត្តសញ្ញាណរបស់ជនរងគ្រោះនោះទេ គ្រាន់តែធ្លាប់ឃើញ គាត់ដើរសុំទានគេ សឹងគ្រប់ទីកន្លែង ជាជនអនាថាគ្មានផ្ទះសម្បែង ឬសាច់ញាតិឡើយ យប់ត្រង់ណា គាត់រកកន្លែងដេកត្រង់ហ្នឹង មិនថាទីណានោះទេ។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាន ក្រុងបាត់ដំបង បានចុះទៅត្រួតពិនិត្យ សាកសពដោយសន្និដ្ឋានថាជនរងគ្រោះមានក្លិនស្រា ហើយទំនងជាដាច់ចំណីអាហារ និងអស់កំលាំង ក៏ត្រូវទន់ខ្លួនដួលស្លាប់តែម្ដង ពុំមានពាក់ព័ទ្ធនឹងករណី ឃាតកម្មណាមួយឡើយ។ ដោយសារសពបុរសវ័យចំណាស់ ជាជនអនាថាបែបនេះ សមត្ថកិច្ចប្រគល់សព ទៅឲ្យអាជ្ញាធរដឹកយកទៅបូជា នៅវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ទាំងយប់ទៅតាមកិច្ចសាសនា៕
Source from: watphnom-news.com























Loading...




Post a Comment