ខេត្តកណ្ដាល ៖ ស្ត្រីកូនខ្ចីម្នាក់ដែលមាន ទំនាស់ក្នុងគ្រួសារ ខឹងប្តីមានស្រីថ្មី បានស្រែកឡូឡាប្រមាថស្វាមី ក្នុងបរិវេណតុលាការ ខេត្តកណ្តាល ហើយបង្ខំឲ្យចៅក្រម ចេញដីកាលែងលះប្តីភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង២០ នាទី រហូតដល់ម៉ោង ១២និង៣០ នាទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ទើបមានភាពស្ងប់ស្ងាត់ទៅវិញ។
ស្ត្រី ដែលមកស្រែកឡូឡានោះមានឈ្មោះ សោម ណៃ អាយុ ២៤ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបុរសជាប្តី មានឈ្មោះ ងួន វីរៈ មានអាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តសៀមរាប។ ឈ្មោះ សោម ណៃ បានមកដាក់ពាក្យប្តឹង សុំលែងលះប្តី កាលពីសប្តាហ៍មុន ដោយចៅក្រមបានកំណត់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ឲ្យចូលខ្លួនមកបំភ្លឺ ស្រាប់តែនៅព្រឹកថ្ងៃទី ៩ ខែធ្នូនេះក៏មកអុកឡុក ពេញតុលាការតែម្តង។
សាក្សីបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក គេឃើញប្តីប្រពន្ធខាងលើ បានបីទារកអាយុប្រហែល ៤ខែ មកកាន់សាលាដំបូង ខេត្តកណ្តាល ហើយភាគីខាងស្រី បានស្រែកឡូឡា ជេរបុរសជាប្តី ថែមទាំងដើរអុកឡុក តាមបន្ទប់របស់ក្រឡាបញ្ជី ដែលកំពុងតែធ្វើការងារ យកទូរស័ព្ទចាក់ចម្រៀង ច្រៀងរាំរំខានការងារ របស់មន្ត្រីតុលាការ រហូតដល់បងប្អូន រួមទាំងសាច់ញាតិខាងប្តី ចាប់សែងចេញ ពីបន្ទប់តុលាការបង្កឲ្យ មានការភ្ញាក់ផ្អើល ។
យ៉ាងណាក៏ដោយឈ្មោះ សោម ណៃ បាននិយាយថា គាត់ទើបតែឆ្លងទន្លេ បានចំនួន ៤ខែ ហើយប្តីទៅមានស្រីថ្មី និងឲ្យស្រីថ្មីនោះ ទូរស័ព្ទមកជេរគាត់ នាំឲ្យមានកំហឹង ពុះកញ្ជ្រោល ហើយក៏នាំប្តីមកកាន់តុលាការ ដើម្បីធ្វើការលែងលះគ្នា ប៉ុន្តែដោយប្តីចេះតែគេចវេះ មិនព្រមមកជួបរូបគាត់ ទើបនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣នេះ គាត់ត្រូវតែយកកូន និងហៅប្តីមកឲ្យតុលាការ ចេញសាលក្រមលែងលះ តែតុលាការមិនសម្រេច តាមការទាមទាររបស់គាត់ ទើបមានរឿងរ៉ាវតែម្តងទៅ។
បើតាមស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយរបស់ស្ត្រីខាងលើ បាននិយាយឲ្យដឹងថា កូនស្រីគាត់ឈ្មោះសោម ណៃ ទើបតែឆ្លងទន្លេ បានកូនស្រីអាយុ ៤ខែ ហើយខឹងនឹងប្តីមានស្រីថ្មី ក៏ផ្ទុះកំហឹងធ្វើឲ្យទាស់សរសៃ ទើបមានចរិត ឆេវឆាវបែបនេះ ហើយគាត់ក៏សូមអរគុណផងដែរ ដល់មន្ត្រីតុលាការខេត្តកណ្តាល ដែលបានអត់ធ្មត់ ចំពោះទង្វើរបស់កូនស្រីគាត់ ដែលមកអុកឡុករំខាន ការងារទាំងព្រឹក៕
Source from: watphnom-news.com























Loading...




Post a Comment