ខេត្តបាត់ដំបង ៖ ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ បានដើរតាមក្រោយ ស្ត្រីជាម្តាយទៅងូតទឹកស្រះ ចម្ងាយ ១៥ម៉ែត្រនៅក្រោយផ្ទះ បានធ្លាក់ទឹកលង់ស្លាប់ យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣នៅភូមិឆ្កែកូន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈដែលស្ត្រីជាម្តាយ អត់បានដឹងថា កូនដើរមកតាមក្រោយ។
កុមារាដែលលង់ទឹកស្លាប់មានឈ្មោះ ស៊ាន រ៉ាវីន អាយុ ២ឆ្នាំមានឪពុកឈ្មោះ ស៊ាន ភាព អាយុ ២៨ឆ្នាំជាកម្មករនៅថៃ និងម្តាយឈ្មោះ ជា ម៉ារ៉ាត់ អាយុ ២៦ឆ្នាំជាកម្មករទើបមក ពីប្រទេសថៃ មានទីលំនៅក្នុងភូមិកើតហេតុ បានលង់ទឹកស្រះស្ថិតនៅ ក្រោយផ្ទះចម្ងាយ ១៥ម៉ែត្រ មានទំហំ ៤គុណនឹង១២ ម៉ែត្រជម្រៅ ៣ម៉ែត្រ ហើយសមត្ថកិច្ចរកឃើញ ប្រអប់ទឹកដោះគោ ឡាក់តាសយចំនួន ១នៅក្នុងស្រះទឹក។
ស្ត្រីជាម្តាយបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុវេលាម៉ោង ៤និង២០ នាទីកុមារារងគ្រោះ នៅលេងជាមួយក្មេងៗចំនួន ៥នាក់នៅក្រោមផ្ទះ ហើយគាត់បានរៀបចំ ទៅងូតទឹកស្រះនៅក្រោយផ្ទះ។ ក្រោយពីងូតទឹករួច ត្រឡប់មកវិញ មិនឃើញកូននៅក្រោមផ្ទះ ក៏សួរនាំអ្នកជិតខាង គ្មាននរណាដឹង ក៏ដើរទៅមើលស្រះទឹក ឃើញប្រអប់ទឹកដោះគោ ឡាក់តាសយ ដែលកូនធ្លាប់បៅ អណ្តែតក្នុងស្រះទឹកពេលនោះក៏មិនចាប់អារម្មណ៍ថា កូនលង់ទឹកដែរ។
លុះដល់ម៉ោង ៥រសៀលទើបសពកូន អណ្តែតចេញពីទឹកស្រះ ហើយជីដូនស្រង់យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែគ្រូពេទ្យប្រាប់ថា ហួសពេលសង្គ្រោះហើយ។ សមត្ថកិច្ចបានសន្និដ្ឋានថា កុមារាលង់ទឹកស្លាប់នេះ ដោយសារការធ្វេសប្រហែស របស់អាណាព្យាបាល ដែលអត់ដឹងថា កូនដើរតាមក្រោយ ហើយគាប់ជួនធ្លាក់ដប ទឹកដោះគោចូលស្រះទឹក ក៏ចុះតាមរើសប៉ះចំទឹកជ្រៅ បណ្តាលអោយលង់ស្លាប់តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment