ខេត្តបាត់ដំបង ៖ នគរបាលស្រុកសំពៅលួន បានបង្ហាញឯកសារ ដកហូតសម្ភារៈឆែកឆេរផ្ទះ អ្នកលក់ថ្នាំញៀន និងបានប្រគល់ប្រាក់និងសម្ភារៈ ឆែកឆេរជូនជីដូនចាស់ ទុកចិញ្ចឹមចៅតូចៗ ៤នាក់ដោយយល់ថា ឪពុកម្តាយជាប់ពាក់ព័ន្ធករណីគ្រឿងញៀន គ្មានអ្នកថែរទាំកាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅអធិការស្រុកសំពៅលូន មិនដូចសំដីស្ត្រីឈ្មោះ ម៉ក់ សឿន ជាប្រពន្ធជនសង្ស័យ ដែលបាននិយាយប្រាប់ អ្នកកាសែតពេលវិលត្រឡប់ មកផ្ទះវិញនោះទេ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣ មានករណីបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ប្ដីប្រពន្ធ ករណីលក់ចែកចាយថ្នាំញៀន និងដកហូតបានយ៉ាម៉ា ៩គ្រាប់ ដោយឆែកឆេរផ្ទះ ដកហូតសម្ភារៈមួយចំនួន នៅភូមិគីឡូ១៣ ឃុំសន្តិភាព ហើយបញ្ជូនទៅកាន់ ការិយាល័យជំនាញ និងបានបន្តបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ទាក់ទិនករណីនេះ ក៏មានលេចឮព័ត៌មានថា អធិការរងស្រុកសំពៅលូន ស៊ីដាច់លុយខ្សែ.ក ខ្សែដៃ និងចិញ្ចៀន ពេលចុះបង្ក្រាបគ្រឿងញៀន ហើយអ្នកយកព័ត៌មាន បានទំនាក់ទំនងចុចទូរស័ព្ទ ទៅលោក ឈិត សេង ជាអធិការងស្រុកសំពៅលូន តែគ្មានអ្នកលើក ផ្ដល់ការបំភ្លឺបកស្រាយ។
យ៉ាងណាក៏ដោយ សេនាធិការដ្ឋាន អគ្គស្នងការនគរបាលជាតិ បានចេញដីការបញ្ជូន លេខ ០២៧ដអ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ជូនលោកស្នងការ នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ឲ្យអធិការដ្ឋាន នគរបាលស្រុកសំពៅលូន ពិនិត្យស្រាវជ្រាវហើយបំភ្លឺជូន បណ្ដាញសារព័ត៌មាន និងសាធារណមតិ ព្រមទាំងរាយការណ៍ ជូនមកឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តាមរយៈសេនាធិការវិញក្នុងពេលឆាប់នេះ។
ទាក់ទិនករណីនេះលោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូន បានអោយដឹងថា ស្ត្រីឈ្មោះ ម៉ក់ សឿន អាយុ ២៦ឆ្នាំជាប្រពន្ធជនសង្ស័យ ករណីចែកចាយថ្នាំញៀន ដែលតុលាការសម្រេច ឲ្យវិលត្រឡប់មកផ្ទះវិញ បាននិយាយនៅមុខនគរបាលថា នាងបានផ្ដល់ព័ត៌មាន ដល់ក្រុមអ្នកកាសែត កាលពីនៅជាប់ក្នុងការសាកសួរ នៅឯខេត្តបាត់ដំបងថា មិនដឹងម្ដាយបង្កើត និងប្អូនប្រុសនៅផ្ទះ បានទទួលសម្ភារៈវត្ថុតាង ពីនគរបាលស្រុកសំពៅលូន វិញហើយឬនៅទេ។
លោក ពេជ្រ សារ៉ែន បានបញ្ជាក់ថា វត្ថុតាងដែលដកហូត កាលពីឆែកឆេរផ្ទះ ករណីថ្នាំញៀន នៅភូមិគីឡូ១៣ ឃុំសន្តិភាពនោះ មានប្រាក់ថៃចំនួន ៣០០០បាត ប្រាក់ដុល្លារចំនួន ៦០៦ដុល្លារ ប្រាក់ខ្មែរ ៤សែនរៀល ខ្សែកពណ៌ទង់ដែង មួយខ្សែ រថយន្តម៉ាកនីសាន់ពណ៌ស មួយគ្រឿង និងម៉ូតូមួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង នគរបាលសំពៅលូន បានប្រគល់ទៅឲ្យឈ្មោះ ប្រាក់ មឿន ភេទស្រី អាយុ ៦០ឆ្នាំជាម្ដាយបង្កើត និងឈ្មោះ ឃី មករា ភេទប្រុស អាយុ ២០ឆ្នាំត្រូវជាប្អូនប្រុស របស់ប្ដីប្រពន្ធសង្ស័យ ដែលនគរបាលឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅ តុលាការតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣។
មួលហេតុដែលនាំឲ្យមានការប្រគល់នេះ គឺសមត្ថកិច្ចស្រុកសំពៅលូន មើលឃើញថា ជនសង្ស័យ ២នាក់ប្ដីប្រពន្ធ ត្រូវបញ្ជូនទៅតុលាការ ហើយឈ្មោះ ប្រាក់ មឿន ជាម្ដាយនិងប្អូនប្រុស ជនសង្ស័យបានមកសុំ និងរៀបរាប់ប្រាប់ថា ជនសង្ស័យនៅមានកូនតូចៗ ៤នាក់រស់នៅ ជាមួយម្ដាយចាស់ គ្មានអ្វីចិញ្ចឹមក្មេងទាំងនោះទេ។ ក្រោយពីពិចារណា សមត្ថកិច្ចបានឯកភាព ហើយប្រគល់វត្ថុតាងទាំងនោះ ទុកចិញ្ចឹមក្មេងៗ ៤នាក់ដែលជាកូនតូចៗ របស់ជនសង្ស័យតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣។ ការប្រគល់ទទួល ដោយមានលិខិតត្រឹមត្រូវតាមច្បាប់ មានភ្ជាប់ជួនជាឯកសារស្រាប់ ទាំងពាក្យស្នើរសុំសម្ភារៈ វត្ថុតាងរបស់ ក្រុមគ្រួសារផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment