ខេត្តបាត់ដំបង ៖ ការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបាត់ដំបង បានកសាងសំណុំរឿង ពីបទរក្សាទុកដឹកជញ្ជូន ដោយសារធាតុញៀនខុសច្បាប់ ២ករណីដែលបង្ក្រាបបានចំនួន ២ថ្ងៃបន្តបន្ទាប់ ឃាត់ខ្លួនមនុស្សសរុប ៤នាក់និងថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ៤ថង់ស្មើ ៣១,២៦ ក្រាមនិងសម្ភារៈប្រើប្រាស់ និងមធ្យោបាយម៉ូតូ ១គ្រឿងរថយន្ត ១គ្រឿង បញ្ជូនទៅកាន់តុលាកា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ចាត់ការតាមនីតិវិធី។
មន្ត្រីការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបាត់ដំបង បានអោយដឹងថា ហេតុការណ៍បង្ក្រាបករណីទី១ ធ្វើឡើងកាលពីម៉ោង ២១និង៤០ នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហួន សុភ័ក្ត្រ ហៅ សឺអាយុ ៣០ឆ្នាំនិងថ្នាំ ២ថង់ស្មើទម្ងន់ ១,២៦ ក្រាម ម៉ូតូហុងដាឌ្រីម ១គ្រឿង។ បុរសសង្ស័យឈ្មោះ ហួន សុភ័ក្ត្រ ហៅសឺ បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ សុខ ស៊ីណាត កាលពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៣។
ដោយឡែកករណីបង្ក្រាបទី២ ធ្វើឡើងកាលពីម៉ោង ១៣និង១៥ នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះសំណាក់ខូល ហៅស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនបុរស ៣នាក់ចំណោម ៤នាក់រួមមានទី១-ឈ្មោះ ប៉ាវ ទិតណារ៉ុង អាយុ ៣០ឆ្នាំ ជាអ្នកកាសែត ខ្មែរម្ចាស់ស្រុក។ ទី២-ឈ្មោះ បរ បូរ៉ាមី អាយុ ៣៦ឆ្នាំ ទាំង ២នាក់មានទីលំនៅ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ទី៣-ឈ្មោះ សុខ ស៊ីណាត ហៅព្រលិត អាយុ ៣៦ឆ្នាំមានទីលំនៅ ក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក និងថ្នាំ ២ថង់ស្មើទម្ងន់ ៣០ក្រាមទូរស័ព្ទ ៥គ្រឿងជញ្ជីងថ្លឹង ២និងរថយន្តកាមរីពណ៌ក្រហម ១គ្រឿង ។
មន្ត្រីការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថាបុរស ៣នាក់ដែលមានអ្នកកាសែតចូលរួមនេះ ជាមុខសញ្ញាចាស់ហើយក៏ជា អ្នកចែកចាយជួញដូរដ៏សកម្ម ក្នុងខេត្តបាត់ដំបងផងដែរ។ ការបង្ក្រាបនេះ មានកិច្ចសហការល្អ ពីម្ចាស់ផ្ទះសំណាក់ និងតាមរយៈការស៊ើបអង្កេតផ្ទាល់ ពីក្រុមសមត្ថកិច្ចជំនាញ ទើបទទួលជោគជ័យ។ បច្ចុប្បន្នជនសង្ស័យទាំង៤ នាក់និងថ្នាំញៀនញៀនប្រភេទម៉ាទឹកក ចំនួន ៤ថង់ស្មើ ៣១,២៦ ក្រាម សម្ភារៈប្រើប្រាស់ និងមធ្យោបាយម៉ូតូ ១គ្រឿងរថយន្ត ១គ្រឿងត្រូវបញ្ជូនទៅកាន់ តុលាកានាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ សុខជា
Source from: watphnom-news.com























Loading...




Post a Comment