ខេត្ដបន្ទាយមានជ័យ ៖ សាកសពបុរសវ័យចំណាស់ម្នាក់ បានលង់ទឹកស្លាប់ ចោលប្រពន្ធកូន បន្ទាប់ពីផឹកស្រាស្រវឹង ហើយទៅបង់សំណាញ់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្ដែតទឹក កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣នៅម្ដុំសំណង់ទំនប់ចាស ស្ថិតក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ដោយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹក ព្រោះតែផឹកស្រាស្រវឹង ហើយមកបង់សំណាញ់ម្នាក់ឯង។
ជនរងគ្រោះមានឈ្មោះ ស៊ូ ឌិន អាយុ ៥០ឆ្នាំ រស់នៅភូមិ អន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ។ ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ព្រឹកថ្ងៃទី៩ ជនរងគ្រោះបានផឹកស្រាសអស់ ១លីត្រ ក្រោយមកថែមអស់ ១ លីត្រទៀត ទើបស្ពាយសំណាញ់ ទៅបង់ត្រីនៅចំណុច កើតហេតុខាងលើ ហើយបន្ទាប់ពីទៅបង់សំណាញ់ ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ ដោយបានត្រី ១សម្លរផងដែរ ។
លុះក្រោយពីហូបបាយថ្ងៃត្រង់រួច សម្រាកបានមួយសន្ទុះ ជនរងគ្រោះ ក៏បានប្រាប់ប្រពន្ធថា ចេញទៅបង់សំណាញ់ ជាលើកទី២ តែរហូតដល់ម៉ោង ៥ល្ងាចថ្ងៃដដែល មិនឃើញជនរងគ្រោះ ត្រឡប់មកផ្ទះវិញទេ ។ គ្រានោះប្រពន្ធជនរងគ្រោះ បានស្វះស្វែងដើររកប្ដី គ្រប់ច្រកល្ហកតែមិនឃើញ ក៏ត្រឡប់មក ផ្ទះវិញ រហូតដល់ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលជាអ្នកនេសាទ ក៏បានប្រទះឃើញ សាកសពជនរងគ្រោះ ក៏បានរត់មកប្រាប់ប្រពន្ធ និងរាយការណ៍ទៅ នគរបាលមូលដ្ឋាន៕
Source from: watphnom-news.com























Loading...




Post a Comment