ខេត្តមណ្ឌលគិរី ៖ មកដល់ពេលនេះលោក ឃិន ម៉េងស្រេង ជាមេយោធាខេត្តមណ្ឌលគិរី ដែលមានអតីតកាលដិតដាម ដោយការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ នៅតែទុកឱកាសឲ្យលោក សាំង កុសល ជាមេបញ្ជាការ កងអនុសេនាធំទី៣ប្រចាំស្រុកកោះញែក ចំណុះឲ្យតំបន់សឹករង ខេត្តមណ្ឌលគិរី ក្លាយខ្លួនជាស្តេចត្រាញ់ រកស៊ីដឹកជញ្ជូនឈើប្រណីត ចេញទៅលក់នៅស្រុកយួន យ៉ាងអនាធិបតេយ្យបំផុត មិនខ្វល់ពីការកែទម្រង់ របស់ថ្នាក់លើឬបទបញ្ជា របស់រាជរដ្ឋាភិបាលនោះទេ។
លោក សាំង កុសល ជាមេបញ្ជាការ កងអនុសេនាធំទី៣ ប្រចាំស្រុកកោះញែក បានប្រឡូកក្នុងជំនួញឈើខុសច្បាប់ ឡើងដុះស្លែទៅហើយ រហូតសល់លុយរត់ការឡើងតំណែងជា មេបញ្ជាការកងអនុសេនាធំទី៣ ដោយមានការជួយជ្រោមជ្រែងពីលោក ឃិន ម៉េងស្រេង ផងដែរ ហើយគេមិនច្បាស់ទេថា រវាងលោក ឃិន ម៉េងស្រេង និងលោក សាំង កុសល មានទំនាក់ទំនង អាថ៌កំបាំងអ្វីឬមានភាគហ៊ុន រកស៊ីឈើជាមួយគ្នា ឬក៏យ៉ាងណានោះទេ ព្រោះលោក ឃិន ម៉េងស្រេង មិនដែលហ៊ានហើបមាត់ ម្តងណាឡើយ។ លោក សាំង កុសល ចាប់ផ្តើមមានឱកាសពង្រឹង ពង្រីកមុខជំនួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ នៅក្នុងស្រុកកោះញែក តាំងពីពេលដែលគាត់ ឡើងតំណែងជាមេកងអនុសេនាធំទី៣ ចំណុះឲ្យវរៈសេនាតូច ការពារព្រំដែនលេខ១០៣ ដែលមានលោក អ៊ុំ សុវណ្ណ ជាមេបញ្ជាការ ។
គ្រប់ជំនួញឈើខុសច្បាប់ នៅក្នុងស្រុកកោះញែក សុទ្ធតែកើតឡើងដោយសារ មានការបិទភ្នែករបស់លោក សាំង កុសល ហើយបើនិយាយពីទូទាំង ខេត្តមណ្ឌលគិរីវិញ ក្រុមអ្នករកស៊ីឈើទាំងអស់ សុទ្ធតែមានទំនាក់ទំនងជិតដិត ជាមួយលោក ឃិន ម៉េងស្រេង ព្រោះមុនពេលរត់ការ ជ្រែយកតំណែងជាមេយោធា ខេត្តមណ្ឌលគិរី ក៏លោក ឃិន ម៉េងស្រេង ចំណាយប្រាក់អស់មិនតិចដែរ ទើបគាត់ទុកឱកាសឲ្យមន្ត្រីក្រោមឱវាទ រកស៊ីដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ។ ជាធម្មតាលោក សាំង កុសល បានដឹកជញ្ជូនឈើប្រណីត ចេញទៅលក់នៅស្រុកយួន តាមច្រករបៀងព្រំដែនចំនួន៣ គឺប៉ុស្តិ៍អូរលាវ ប៉ុស្តិ៍១៤ និងប៉ុស្តិ៍ម្រេច ដែលស្ថិតក្រោមការក្តោបក្តាប់ របស់កងអនុសេនាធំទី៣ ដែលមានលោក សាំង កុសល ជាមេបញ្ជាការ។
នៅក្នុងខេត្តមណ្ឌលគិរី គេសង្កេតឃើញមន្ត្រីយោធា ពាក់ព័ន្ធជាមួយការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ តែលោក ឃិន ម៉េងស្រេង នៅតែរក្សាភាពស្ងៀមស្ងាត់ ជាពិសេសជំនួញឈើខុសច្បាប់ របស់លោក សាំង កុសល ដែលមានទ្រង់ទ្រាយធំជាងគេ សឹងតែផ្តាច់មុខនៅក្នុង ទឹកដីស្រុកកោះញែក ក៏លោក ឃិន ម៉េងស្រេង មិនដែលកោះហៅលោក សាំង កុសល ទៅណែនាំដើម្បីកែទម្រង់ លុបបំបាត់ភាពអសកម្ម នាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។ ថ្នាក់លើគួរតែពិនិត្យមើលឡើងវិញ អំពីភាពអនាធិបតេយ្យ នៃការរកស៊ីដឹកជញ្ជូនឈើប្រណីត ខុសច្បាប់របស់លោក សាំង កុសល ដែលបំពានដោយកំរោលចំ ពោះបទបញ្ជា០០២ របស់រាជរដ្ឋាភិបាល ក្នុងការបង្ការបង្ក្រាប ជំនួញឈើខុសច្បាប់។
យ៉ាងណាក៏ដោយ មន្ត្រីយោធាមួយចំនួនបានលួចបង្ហើបឲ្យដឹងថា រឿងដែលលោក ឃិន ម៉េងស្រេង មិនហ៊ានប៉ះពាល់ ជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ ប្រចាំស្រុកកោះញែក របស់លោក សាំង កុសល ក៏ព្រោះតែលោក ឃិន ម៉េងស្រេង មានជាប់ពាក់ព័ន្ធ យ៉ាងវែងអន្លាយជាមួយ ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ព្រោះកន្លងមកខ្សែស្រឡាយ សាច់ញាតិ និងកូនចៅជំនិតៗ របស់លោក ឃិន ម៉េងស្រេង មានការពាក់ព័ន្ធជាមួយ ជំនួញឈើខុសច្បាប់ ដែលគ្មាននរណាហ៊ានប៉ះពាល់ បង្កើតជាគំរូអាក្រក់ សូម្បីតែលោក សាំង កុសល ដែលជាមេឈ្មួញ រកស៊ីឈើខុសច្បាប់ ឡើងដុះស្លែប្រចាំស្រុកកោះញែក ក៏ក្លាយជាមន្ត្រីយោធា ដ៏មានឥទ្ធិពលប្រចាំស្រុកនោះ មានឳកាសពង្រឹងពង្រីក មុខជំនួញរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment