ព្រះសង្ឃចៅអធិការវត្តចំនួន៣អង្គមកពី៣វត្ត ប្រចាំស្រុកអង្គរបុរី ខេត្តតាកែវ ដែលល្បីល្បាញខាងពូកែទាក់ទាញពុទ្ធបរិស័ទឲ្យចូលរួមធ្វើបុណ្យទាននោះ បានដោះស្បង់ចីពរចេញ រួចចូលច្រៀងខារ៉ាអូខេកៀកកើយស្រីស្រស់ក្មេង ត្រូវសមត្ថកិច្ចស្រុកព្រៃកប្បាសចុះបង្ក្រាបទាន់ពេល កាលពីវេលាម៉ោង០០និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣នេះ ឋិតក្នុងហាងលក់គ្រឿងក្លែមគ្រប់មុខ និងមានដាក់ស្លាកយីហោខារ៉ាអូខេ១៧១ នៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើឲ្យចៅអធិការវត្តទាំង៣អង្គសម្រេចព្រះទ័យផ្លោះរបងដាក់មេផាយចោលកូនសិស្សចំនួន៤នាក់ និងទោចក្រយានយន្តចំនួន៤គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា ព្រះចៅអធិការវត្តទាំង៣អង្គ ដែលដោះស្បង់ចីពរចូលច្រៀងខារ៉ាអូខេ កៀកកើយស្រីស្រស់ក្មេងនោះ មានព្រះនាម ៖ ១-សុខ ហឿន ព្រះជន្ម២៩ព្រះវស្សា ជាចៅអធិការវត្តទួលសំបូរ, ២-ព្រាប ស៊ីណាត ព្រះជន្ម២៩ព្រះវស្សា ជាចៅអធិការវត្តកំពង់ហ្លួង និង៣-ដាលីន ព្រះជន្ម២៩ព្រះវស្សា ជាចៅអធិការវត្តកោះ ។
តាមការបំភ្លឺបញ្ជាក់ពីកូនសិស្សទាំង៤នាក់ដែលចូលច្រៀងខារ៉ាអូខេជាមួយព្រះចៅអធិការវត្តទាំង៣អង្គនោះ បានឲ្យដឹងថា មុនពេលចូលច្រៀង ព្រះចៅអធិការវត្តទាំង៣អង្គ បានដោះស្បង់ចីពរនៅវត្តទួលសំបូរ រួចនាំគ្នាស្លៀកខោ ពាក់អាវ ពាក់មួក និងពាក់វ៉ែនតា ហើយឲ្យពួកគេដឹកមកច្រៀងខារ៉ាអូខេត្តនៅហាងខាងលើ ដែលជាហាងម៉ូយប្រចាំការរបស់ព្រះចៅអធិការវត្តទាំង៣អង្គ ធ្លាប់ចូលច្រៀង និងមានស្រីក្មេងត្រូវព្រះតេជគុណទាំង៣អង្គជួយទំនុកបម្រុងចិញ្ចឹមទៀតផង ។
កូនសិស្សទាំង៤នាក់នោះ បានបំភ្លឺឲ្យដឹងទៀតថា នៅពេលចូលច្រៀង ព្រះចៅអធិការវត្តទាំង៣អង្គបានកម្មង់ហៅស្រាបៀរ១កេស សាច់ក្លែម និងស្រីក្មេងៗចំនួន៣នាក់ អង្គុយកំដរ ដែលសុទ្ធតែជាស្រីកំណាន់ចិត្តរបស់ព្រះចៅអធិការវត្តទាំង៣អង្គ ដោយម្ចាស់ហាងបិទទ្វារចាក់សោបន្ទប់ក្នុងបំណងជួយលាក់បាំង ប៉ុន្តែត្រូវសមត្ថកិច្ចតាមដាន និងចុះបង្ក្រាបទាន់ ធ្វើឲ្យចៅអធិការវត្តទាំង៣អង្គលោតផ្លោះរបងរត់ដាក់មេផាយអស់ បន្សល់ទុកតែពួកគេទាំង៤នាក់ ព្រមទាំងទោចក្រយានយន្តចំនួន៤គ្រឿង ។
ប្រភពព័ត៌មានពីក្រុមប្រជាពលរដ្ឋរស់នៅស្រុកអង្គរបុរី បានឲ្យដឹងថា ព្រះចៅអធិការវត្តទាំង៣អង្គនេះល្បីល្បាញខាងពូកែទាក់ទាញពុទ្ធបរិស័ទឲ្យចូលរួមធ្វើបុណ្យទានផង និងខិលខូចយូរមកហើយផង តែត្រូវបានព្រះអនុគណស្រុក និងប្រធានការិយាល័យធម្មកាស្រុកអង្គរបុរី ព្យាយាមជួយលាក់បាំងជាថ្នូរនឹងផលប្រយោជន៍ ទើបធ្វើឲ្យព្រះសង្ឃទាំង៣អង្គនេះឡើងចាងហ៊ានប្រព្រឹត្តល្មើសនឹងធម្មវិន័យលើសដើម ។
លោក ស្វាយ យ៉ន ប្រធានការិយាល័យធម្មការស្រុកអង្គរបុរី បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីលោកទទួលបានសំណុំរឿងពីសមត្ថកិច្ចគ្រប់គ្រាន់ហើយ គឺខាងធម្មការនឹងផ្សឹកព្រះសង្ឃជាចៅអធិការវត្តទាំង៣អង្គនោះ លែងឲ្យគង់នៅក្នុងវត្តទៀតទេ ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្យានុភាពសាសនាព្រះពុទ្ធ ដែលអាចធ្វើឲ្យបាត់បង់ជំនឿទុកចិត្តពីពុទ្ធបរិស័ទ ៕
Source from: www.dtn7.com























Loading...




Post a Comment