Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តបាត់ដំបង៖មន្ត្រី​​ជា​ច្រើន​​បាន​​ស​ម្តែងភាព​មិន​​ស​ប្បាយ​ចិត្តពី​​ទ​ង្វើ​​របស់​លោកអ៊ា​មសេង​​អឿនជា​​មេ​បញ្ជា​ការ

ខេត្តបាត់ដំបង ៖ មន្ត្រី​​ជា​ច្រើន​​បាន​​ស​ម្តែង ភាព​មិន​​ស​ប្បាយ​ចិត្ត ពី​​ទ​ង្វើ​​របស់​លោក អ៊ា​ម សេង​​អឿន ជា​​មេ​បញ្ជា​ការ កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​សំ​ឡូត ខេត្ត​បាត់​ដំ​បង ដែល​ជា​​ជើង​​ខ្លាំង ល្បី​​រឿង​​កាប់​​ដាវ ក្នុង​ការ​​ការ​ពារ​​ក្រុម​​ អ្នក​រក​ស៊ី​​ខុស​​ច្បាប់ ដែល​បាន​ប្រើប្រាស់​កាំភ្លើង​ឡុ​ក ដ៏​ទំនើប​របស់គាត់ បាញ់​ឡើង​ទៅលើ​មេឃ​ជាច្រើន​គ្រាប់ ដើម្បី​អបអរសាទរ និង​សុំ​លាភ​សុំ​ជ័យ អំឡុង​ពិធី​ឡើងផ្ទះ​ថ្មី របស់គាត់​ស្ថិតនៅ​ភូមិ​អូរ​ទន្ទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ដែលមាន​ភ្ញៀវ​គ្រប់​មជ្ឈដ្ឋាន ទៅ​ចូលរួម​ផឹកស៊ី​ជាង​៧០​តុ កាលពី​រាត្រី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣​។​

​មកដល់ពេលនេះ​លោក ប៉ោ វណ្ណៈ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង មិនទាន់​ដាក់ពិន័យ​ផ្នែក​រដ្ឋបាល ឬ​ចាត់វិធានការ​តាមច្បាប់ ចំពោះ​អំពើ​បាញ់បោះ​សេរី​របស់លោក អ៊ា​ម សេង​អឿន នៅឡើយ​ទេ​។ មន្ត្រី​ម្នាក់​ដែល​បាន​ទៅ​ចូលរួម ក្នុង​ពិធី​ឡើងផ្ទះ​របស់លោក អ៊ា​ម សេង​អឿន បាន​ឲ្យ​ដឹងថា ខណៈដែល​ភ្ញៀវ កំពុង​នាំគ្នា​ផឹកស៊ី​ហ៊ោកញ្ជ្រៀវ ជាមួយ​សំឡេង​តន្ត្រី​លន្លង់លន្លោច នៅវេលា​ម៉ោង ៩​យប់​ថ្ងៃទី​១៥ ខែធ្នូ លោក អ៊ា​ម សេង​អឿន បានប្រកាស​ប្រាប់​ភ្ញៀវ​ទាំងអស់​ថា ''​ពេលនេះ​រាសី​ខ្ញុំ បាន​បើក​វិញ​ហើយ​''​។

​បន្ទាប់មកទៀត​លោក អ៊ា​ម សេង​អឿន បាន​ដើរ​ទៅមុខ​វេទិកា​តន្ត្រី ដែលមាន​ភ្ញៀវ​កំពុង​ផឹកស៊ី និង​ភ្ញៀវ​ខ្លះទៀត​កំពុង​រាំ​កម្សាន្ត ញ័រញាក់​កន្ត្រាក់​អារម្មណ៍ ស្រាប់តែ​លោក អ៊ា​ម សេង​អឿន ដក​កាំភ្លើងខ្លី​ម៉ា​កឡុក បាញ់​ឡើង​ទៅលើ​មេឃ​ជាច្រើន​គ្រាប់ ធ្វើ​ឲ្យ​អ្នកភ្លេង​ភ័យ​ស្លន់ស្លោ បញ្ឈប់​ការប្រគំ​តន្ត្រី លោត​ចុះ​ពីលើ​ឆាក ហើយ​ភ្ញៀវ​ខ្លះទៀត ផ្អើល​រត់​ជាន់ជើងគ្នា​។ ក្នុង​អំពើ​បាញ់បោះ​សេរី របស់លោក អ៊ា​ម សេង​អឿន នោះបាន​ធ្វើ​ឲ្យ​ភ្ញៀវ ជាង​ពាក់កណ្តាល ភ័យ​បែកញើស​ថ្ងាស មិនបាន​វិលត្រឡប់ មក​រើស​ស្បែកជើង​វិញ​ទេ ហើយ​ភ្ញៀវ​មួយចំនួនទៀត ក៏​នៅតែ​បន្ត​ផឹកស៊ី ថែមទាំង​ជូនពរ​ឲ្យ​លោក អ៊ា​ម សេង​អឿន មាន​រាសី​ខ្ពស់ត្រដែត បន្ទាប់ពី​បាញ់កាំភ្លើង ឡើង​ទៅលើ​មេឃ​ផងដែរ​។

​ប្រជាពលរដ្ឋ​នៅក្បែរ​ពិធី​ឡើងផ្ទះ របស់លោក អ៊ា​ម សេង​អឿន បាន​ភ័យ​ស្លន់ស្លោ ហើយ​ចំអក​ថា ជាធម្មតា​ពិធី​ឡើងផ្ទះ គេ​ទិញ​កាំជ្រួច​យកមក​បាញ់ ដើម្បី​មាន​សិរី​សួស្តី និង​ឲ្យ​ប្រជាពលរដ្ឋ​មើល​លេង​កម្សាន្ត ប៉ុន្តែ​សម្រាប់​លោក អ៊ា​ម សេង​អឿន វិញ មិនបាន​ទិញ​កាំជ្រួច មក​បាញ់​ដូច​គេឯង​នោះទេ បែរជាយក​កាំភ្លើង ម៉ា​កឡុក​របស់គាត់ បាញ់​ឡើងលើ​មេឃ ដើម្បី​សុំ​លាភ​សុំ​ជ័យ​ទៅវិញ ហើយ​នៅ​ស្រុក​ខ្មែរ​ទើបតែ មាន​លោក អ៊ា​ម សេង​អឿន ម្នាក់​ប៉ុណ្ណោះ ដែល​ហ៊ាន​ប្រព្រឹត្ត អំពើ​បាញ់បោះ​សេរី ដោយ​គ្មាន​ក្រែង​ញញើត អ្វី​ទាំងអស់​។​

​អ្នកចូលរួម​ក្នុង​កម្មវិធី​ឡើងផ្ទះ ដែលមាន​ការបាញ់​កាំភ្លើង សុំ​លាភ​សុំ​ជ័យ​នោះ​ក៏បាន​បង្ហើប ឲ្យ​ដឹងផង​ដែរ​ថា អ្នក​ដែល​រង​នូវ​ភាពអាម៉ាស់ និង​បាក់មុខ​ជាងគេ គឺ​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម ក្នុង​ពិធី​ឡើងផ្ទះ​របស់លោក អ៊ា​ម សេង​អឿន ក្នុងនាម​ជា​ភ្ញៀវកិត្តិយស និង​ជា​មេ​កើយ ក៏បាន​ភ័យ​ស្លន់ស្លោ​រត់​ជាមួយ​គេ​ផងដែរ ក្រោយ​ពេលឮ ស្នូរ​អាវុធ​ផ្ទុះ​ផ្ទួនៗ​។ គេ​មិនដឹងថា តើ​លោក អ៊ា​ម សេង​អឿន ដែលជា​ជើង​ខ្លាំង ប្រចាំ​ស្រុក​សំឡូត ប្រព្រឹត្ត​បែបនេះ ដើម្បី​អ្វី​នោះទេ ហើយ​បើ​គិតថា បាញ់កាំភ្លើង​ឡើងលើ​មេឃ ដើម្បី​សុំ​លាភ​សុំ​ជ័យ​ឬ​សុំ​បើក​រាសី​ក៏​មិន​ទំនង​។​

​ព្រោះ​ការបាញ់​ឡើង​ទៅលើ​មេឃ អាចធ្វើ​ឲ្យ​ទេវតា​ក្តៅក្រហាយ ហើយ​បើ​គិតពី​ផ្លូវច្បាប់​វិញ គឺ​ត្រូវ​មានទោស​ចំពោះ អំពើ​បាញ់បោះ​សេរី ដូច្នេះ​គេ​កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ថា លោក ប៉ោ វណ្ណៈ ត្រូវ​ចាត់វិធានការ យ៉ាងដូចម្តេច ចំពោះ​អំពើ​បាញ់បោះ​សេរី របស់លោក អ៊ា​ម សេង​អឿន​។ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​សំឡូត កំពុង​តាមដាន​យ៉ាង យកចិត្តទុកដាក់​ថា​តើ ក្រោយពេល​ឡើងផ្ទះ​ថ្មី ដែលមាន​បាញ់កាំភ្លើង អបអរសាទរ​ជាមួយនឹង សំឡេង​ដែល​លោក អ៊ា​ម សេង​អឿន ប្រកាសថា រាសី​របស់គាត់​បើក​ឡើងវិញ​ហើយ​នោះ អាចជួយ​ឲ្យ​គាត់​មាន​រាសី​ល្អ​កាន់តែ​ខ្ពស់ត្រដែត ឬ​ត្រូវ​ស្រុតចុះ​របូត​ពី​តំណែង​រង​នូវ​ការដាក់ពិន័យ ពី​ថ្នាក់លើ​ឬ​យ៉ាងណា​នោះទេ​។

​យ៉ាងណាក៏ដោយ ចំពោះ​អំពើ​បាញ់បោះ​សេរី គ្មាន​បែបបទ​ដែល​ប្រព្រឹត្ត ដោយ​លោក អ៊ា​ម សេង​អឿន បើ​គិតពី​សេចក្តីណែនាំ និង​បទបញ្ជា​របស់ មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ច្បាស់​ណាស់​ដែលថា លោក អ៊ា​ម សេង​អឿន នឹងត្រូវ​ទទួលរង ការដាក់ពិន័យ​ពី​ថ្នាក់លើ ឬ​ដក​បញ្ឈរជើង ជាមិនខាន​ឡើយ​។ លោក អ៊ា​ម សេង​អឿន បាន​បង្ក​ការបាញ់បោះ ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច និង​ធ្វើ​ឲ្យ​បាត់បង់​ភាពថ្លៃថ្នូរ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ ប្រចាំ​ស្រុក​សំឡូត ព្រោះ​ជានិច្ចកាល មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ណែនាំ​ឲ្យ​មន្ត្រី កងរាជអាវុធហត្ថ រក្សា​ភាពថ្លៃថ្នូរ និង​គោរព​ច្បាប់ទម្លាប់​ដើម្បី​ជា គំរូ​ដល់​ប្រជាពលរដ្ឋ​៕

Wat por vannak


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item