រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលប្រទះឡាង បានចាប់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញតាមបណ្តឹងរបស់ ឪពុកម្តាយនារីរងគ្រោះ ដោយចោទប្រកាន់ថា ជនសង្ស័យបានលួងលោម ចាប់កូនស្រីរបស់គាត់ រំលោភបានសម្រេច ខណៈដែលកូនស្រី មិនទាន់គ្រប់អាយុ។
ករណីឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីភាគីទាំងពីរ ចរចាគ្នាមិនត្រូវរ៉ូវ ដោយសារឪពុកម្តាយខាងស្រី ខ្លាចជនសង្ស័យ មិនទទួលខុសត្រូវ លើវាសនាកូនស្រីគាត់ ក៏នាំខ្លួនជនសង្ស័យ មកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ជនសង្ស័យមានឈ្មោះគឹម គឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានស្រុកកំណើត នៅភូមិក្រាំងល្ពៅ ឃុំដំណាក់សុក្រម ស្រុកដងទង់ ខេត្តកំពត។
ចំណែកនារីរងគ្រោះ មានឈ្មោះ ឆោម ស្រីនិច អាយុ ១៤ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរ នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ មានទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យបានទូរស័ព្ទ ណាត់ជាមួយនារីរងគ្រោះថា ទៅលេងស្រុកនៅខេត្តកំពត ពេលនោះពួកគេ ក៏នាំគ្នាទៅស្រុក លុះព្រឹកឡើងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ក៏ត្រឡប់មកភ្នំពេញវិញ ។
ពេលនោះពួកគេ បាននាំគ្នាចូលដេកផ្ទះជួលរបស់ខ្លួន នៅភូមិព្រៃទា ចំណែកឪពុកម្តាយនារីរងគ្រោះ បានដើររកកូនស្រី ក៏ប្រទះឃើញដេកជាមួយគ្នា នៅផ្ទះជួលរបស់ជនសង្ស័យ ហើយបានលួងលោម ឲ្យកូនមកផ្ទះវិញ និងបានហៅជនសង្ស័យ មកជាមួយផងដែរ។ ដោយសារតែ ឪពុកម្តាយនារីរងគ្រោះ ខ្លាច ជនសង្ស័យ មិនទទួលខុសត្រូវ លើវាសនាកូនស្រីគាត់ ក៏នាំខ្លួនឲ្យសមត្ថកិច្ច តែនារីរងគ្រោះក៏បានគំរាម សម្លាប់ខ្លួនផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment