Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បណ្តឹង​ប្រឆាំង​ឯកឧត្តម​ កឹ​ម​ សុខា​ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ខណៈ​ឯកឧត្តម​មិន​ទាន់​មាន​អភ័យឯកសិទ្ធិ​សភា​ពេញលេញ​

​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ នីតិកាល​ទី​៤​ និង​ជា​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​ខេ​ត្ក​កំពង់ចាម​ បាន​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​អាជ្ញាធរ​ពី​បទ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​តុលាការ​ចេញ​ដីកាកោះ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ដោះ​បន្ទុក​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៤​ខាង​មុខ​ ។​

​គេ​មិន​ទាន់​អាច​ដឹង​បាន​ថា​ បន្ទាប់​ពី​មានការ​ឆ្លើយ​បំភ្លឺ​ដោះ​បន្ទុក​រួច​ហើយ​ តើ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​លោក​ ហៀ​ង​ សុ​ភក្ត្រ​ ជា​ព្រះរាជអាជ្ញា​រង​ នឹង​ធ្វើការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ឯកឧត្តម​ កឹ​ម​ សុខា​ ឲ្យ​មានឈ្មោះ​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ ឬ​ក៏​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​យ៉ាងណា​នោះ​នៅឡើយ​ទេ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​៨២​ វាក្យខណ្ឌ​ទី​៣​ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​២​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១០០៦/០២៥/​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០០៦​ គឺ​ដើម្បី​ឲ្យ​ក្លាយជា​តំណាងរាស្ត្រ​ពេញលេញ​ ជា​តំណាង​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ ត្រូវ​តំណាងរាស្ត្រ​ដែល​បាន​ជ្រើសតាំង​ដោយ​ការ​បោះ​ឆ្នោត​ជាស​កល​ ក្រោយ​ពី​បាន​ប្រកាស​សុពលភាព​ និង​ធ្វើ​សច្ចាប្រណិធាន​ស្បថ​ចូល​កាន់​តំណែង​រួច​ហើយ​ ។​ ដោយឡែក​ បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ ដែល​ក្នុង​នោះ​ក៏​មាន​ឯកឧត្តម​ កឹ​ម​ សុខា​ ផង​ដែរ​ ទទួល​បាន​សុពលភាព​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ស្បថ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ ដូច្នេះ​មិន​ទាន់​ក្លាយជា​តំណាងរាស្ត្រ​ ជា​តំណាង​របស់​ប្រជាជាតិ​ទាំងមូល​នៅឡើយ​ ។​

​យោង​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ និង​មាត្រា​៤,​ មាត្រា​៧,​ មាត្រា​៩​ និង​មាត្រា​១១​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ គឺ​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​ដែល​អាច​ធានា​មិន​ឲ្យ​មានការ​ចោទប្រកាន់​ ការ​ឃាត់ខ្លួន​ ការ​ចាប់ខ្លួន​ ឬ​ការ​ឃុំខ្លួន​តំណាងរាស្ត្រ​ណាមួយ​តាម​រូបភាព​ជា​អភ័យឯកសិទ្ធិ​ដោយ​ប្រៀប​របស់​តំណាងរាស្ត្រ​ ។​ នឹង​អាច​អនុញ្ញាត​បើក​ឲ្យ​ធ្វើការ​ចោទប្រកាន់​ ការ​ឃាត់ខ្លួន​ ការ​ចាប់ខ្លួន​ ឬ​ការ​ឃុំខ្លួន​តំណាងរាស្ត្រ​ណាមួយ​តាម​ច្បាប់​ និង​នីតិវិធី​បាន​ លុះត្រាតែ​មានការ​លើក​អភ័យឯកសិទ្ធិ​សភា​មុន​សិន​ ។​ ការ​លើក​អភ័យឯកសិទ្ធិ​សភា​ត្រូវការ​កូរ៉ុម​ប្រជុំ​លើស​ពី​២/៣​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​ និង​ត្រូវការ​អនុម័ត​តាម​មតិ​ភាគច្រើន​២/៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ។​ ដូច្នេះ​ ក្នុង​ករណី​មាន​បណ្តឹង​ប្រឆាំង​នឹង​ឯកឧត្តម​ កឹ​ម​ សុខា​ បែប​នេះ​ ហើយ​ប្រសិនបើ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ចំនួន​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ជា​តំណាងរាស្ត្រ​ តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​មាន​អភ័យឯកសិទ្ធិ​សភា​ពេញលេញ​នោះ​ គឺ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​អនុម័ត​លើក​អភ័យឯកសិទ្ធិ​សភា​ឯកឧត្តម​ កឹ​ម​ សុខា​ ឲ្យ​តុលាការ​បើក​ការ​ចោទប្រកាន់​បាន​ឡើយ​ ដែល​ខុស​ពី​រដ្ឋសភា​នីតិកាល​ទី​៤​កន្លង​មក​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ចំនួន​រហូត​ដល់​៩០​រូប​ អាច​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​ ធ្វើ​ផ្គរ​ ធ្វើ​រន្ទះ​ស្រេច​នឹង​ចិត្ត​ ក្នុង​ការ​លើក​អភ័យឯកសិទ្ធិ​សភា​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ណា​ម្នាក់​ ។​

​ឥឡូវនេះ​ ទោះ​យ៉ាងណា​ក៏​ដោយ​ បណ្តឹង​ប្រឆាំង​ឯកឧត្តម​ កឹ​ម​ សុខា​ បាន​កើត​មាន​ឡើង​ហើយ​នៅ​ស្ថាប័ន​តុលាការ​ ដោយ​មាន​អាជ្ញាធរ​ រាជរដ្ឋាភិបាល​ ជាដើម​បណ្តឹង​ ខណៈ​ដែល​ឯកឧត្តម​ កឹ​ម​ សុខា​ មិន​ទាន់​មាន​អភ័យឯកសិទ្ធិ​សភា​ពេញលេញ​នៅឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​តុលាការ​ងាយ​សួ​ល​នឹង​ធ្វើការ​ចោទប្រកាន់​បំផុត​ ប្រសិនបើ​តុលាការ​មាន​ចេតនា​ ឬ​អ្នកបញ្ជា​ពីលើ​តុលាការ​មាន​ចេតនា​ចង់​បើក​ការ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ដើម្បី​ដាក់​សម្ពាធ​អ្វីមួយ​មែន​នោះ​ ទៅ​លើ​ឯកឧត្តម​ កឹ​ម​ សុខា​ ឬ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ ៕​

Kem Sokha


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item