Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បុរស​ខ្លាំង​អាច​ជាប់​ឈ្មោះ​ជា​ជន​កំសាក​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ប្រសិនបើ​មិន​ហ៊ាន​សម្រេចចិត្ត​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​

​ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ "​គ​.​ជ​.​ប​"​ ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នា​ថ្ងៃ​អា​ទ្យិ​ ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៣​ភ្លាមៗ​ ដែល​បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ទូ​ទាំង​ប្រទេស​ចំនួន​ ៣.២៣៥.៩៦៩​សំឡេង​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​ ២.៩៤៦.១៧៦​សំឡេង​នោះ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តវ៉ា​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រោះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជា​មុន​ សឹម​ឲ្យ​ គ​.​ជ​.​ប​ ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​តាម​ក្រោយ​ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ណា​ឈ្នះ​ឆ្នោត​បាន​ឈ្នះ​ដោយ​ថ្លៃថ្នូរ​ និង​គណបក្ស​នយោបាយ​ណា​ចាញ់ឆ្នោត​បាន​ចាញ់​ដោយ​អស់ចិត្ត​ ប៉ុន្តែ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ត្រូវ​បាន​ច្រានចោល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​ ដោយ​គណបក្ស​គ្រប់គ្រង​អំណាច​អះអាង​ថា​ ជា​សំណើ​ខុសច្បាប់​ ឬ​រំលោភ​បំពាន​ច្បាប់​របស់​ប្រទេស​ជាតិ​ ។​

​ក្រោយមក​ ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​អ្នកគាំទ្រ​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ដោយសារ​គណបក្សប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​យល់​ឃើញ​ថា​ ការ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ក៏​ដោយ​ ក៏​ គ​.​ជ​.​ប​ បាន​សម្រេច​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​ នៅ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ពិនិត្យ​ និង​សម្រេច​លើ​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ចប់​សព្វគ្រប់​នា​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដែល​លទ្ធផល​ឆ្នោត​ផ្លូវការ​បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​៦៨​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៥​សរុប​ចំនួន​១២៣​អាសនៈ​ ។​

​តម​ក​ទៀត​ ទោះបី​លទ្ធផល​ឆ្នោត​ផ្លូវការ​ត្រូវ​បាន​ប្រកាស​ដោយ​ គ​.​ជ​.​ប​ រួច​ហើយ​ និង​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​ បាន​ចូល​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥​លើក​ដំបូង​ ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​គ្មាន​អំណាច​ នា​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៣​ក៏​ដោយ​ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ដឹកនាំ​អ្នកគាំទ្រ​ធ្វើ​មហា​បាតុកម្ម​ជា​ហូរហែ​ ដោយ​ប្តូរ​ពី​ការ​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​មិន​ប្រក្រតី​នែ​ការ​បោះ​ឆ្នោត​ មក​ជា​ការ​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រាល់​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា​ ចាប់តាំងពី​នីតិកាល​ទី​១​មក​ម្ល៉េះ​ដែល​កាល​ណោះ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​អាជ្ញាធរ​អង្គការសហប្រជាជាតិ​ទៀត​ផង​ គឺ​គណបក្ស​នយោបាយ​ដែល​ចាញ់ឆ្នោត​ (​នីតិកាល​ទី​១​ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​)​ តែងតែ​ឡាំប៉ា​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ឡើយ​ ហើយ​ក្លាយជា​វប្បធម៌​ដ៏​អាក្រក់​មួយ​នៅ​កម្ពុជា​ ។​ ដូច្នេះ​ បើ​នៅ​អាណត្តិ​ទី​៥​នេះ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ (​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​)​ រួមដៃគ្នា​ប្តេជ្ញា​ចិត្ត​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​ធ្វើការ​កែ​លម្អ​ច្បាប់​ដែល​ខ្វះខាត​ និង​ គ​.​ជ​.​ប​ ដែល​មិនសូវ​ទុកចិត្ត​ ព្រមទាំង​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​ជា​ប្រវត្តិសាស្ត្រ​ ដើម្បី​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​បាន​ឈ្នះ​ដោយ​ថ្លៃថ្នូរ​ និង​គណបក្ស​ចាញ់ឆ្នោត​បាន​ចាញ់​ដោយ​អស់ចិត្ត​នោះ​ គឺជា​ប្រការ​ល្អ​ប្រសើរ​ណាស់​ ដែល​ម្យ៉ាង​អាច​បង្ហាញ​អំពី​ភាព​ក្លាហាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ និង​ម្យ៉ាងទៀត​អាច​ឈាន​ទៅ​លុប​បំបាត់​វប្បធម៌​ឡាំប៉ា​នៅ​ពេល​ចាញ់ឆ្នោត​ផង​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ក្រៅ​អំពី​ការ​ពិនិត្យ​លទ្ធភាព​នៃ​ការ​កៀរគរ​រក​ថវិកា​យក​មក​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ គឺ​ការ​រៀបចំ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​ហាក់​មិន​មាន​ឧបសគ្គ​ទៅ​លើ​ផ្លូវច្បាប់​ទេ​ ឲ្យ​តែ​អ្នកនយោបាយ​ ជា​ពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឆន្ទៈ​ និង​មាន​សេចក្តី​ក្លាហាន​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​ ដ្បិត​កុំ​ថា​ឡើយ​ត្រឹម​ច្បាប់បោះឆ្នោត​ សូ​ម្បី​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ "​លើកលែង​មាត្រា​៧​ វាក្យខណ្ឌ​ទី​១"​ ក៏​មនុស្ស​អាច​ធ្វើ​វិសោធនកម្ម​បាន​ដែរ​ ។​

​អ្នក​តាមដាន​កិច្ចការ​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​មិន​វះកាត់​ដោះស្រាយ​តាម​រយៈ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទេ​នោះ​ គឺ​ពាក្យ​ចោទប្រកាន់​ទាំងឡាយ​របស់​គណបក្ស​នយោបាយ​ប្រឆាំង​ទៅ​គណបក្សកាន់អំណាច​ ដូច​ជា​ការ​គាបសង្កត់​ ការ​លួច​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ នឹង​ក្លាយទៅជា​ការ​ពិត​ ហើយ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​រហស្សនាម​ជា​បុរស​ខ្លាំង​ ដែល​ចូល​ចិត្ត​ និង​ញៀន​នឹង​មុខ​តំណែង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ នឹង​ជាប់​ឈ្មោះ​ជា​ជន​កំសាក​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ដោយសារ​មិន​ហ៊ាន​សម្រេចចិត្ត​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​ តាម​ការ​ទាមទារ​របស់​គណបក្សប្រឆាំង​ ៕​

Hun-Sen-09-01


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item