មន្ត្រីសហគមន៍ព្រៃចាស់ បើកដៃឲ្យមានបទល្មើសនេសាទ ក្នុងអតីតដែនឡូត៍លេខ១២
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានរិះគន់ថា ឈ្មោះ ផៃ ឈ្មោះ ហៀង និងឈ្មោះ គឹម យឿង ជាមន្ត្រីសហគមន៍ព្រៃចាស់ បានទទួលប្រាក់សំណូក ទើបបើកដៃឲ្យឈ្មួញ ប្រព្រឹត្តបទល្មើសនេសាទ តាមតែអំពើចិត្ត ដាក់ណបរ៉ាវតាមដងអូរព្រែក នៅដើមខែមករា ឆ្នាំ២០១៤ ត្រង់ចំណុចឡូតិ៍នេសាទ១២ ក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ ខេត្តបន្ទាយមានជ័យ។
តាមប្រភពពីប្រជានេសាទ ជាលក្ខណៈគ្រួសារ បានអោយដឹងថា ការដាក់ណបរ៉ាវ តាមដងអូរព្រែក ជាច្រើនកន្លែង បណ្តាលអោយត្រីរាំងស្ទះ មិនអាចចរាចរណ៍ឡើងចុះបាន ហើយអ្នកប្រព្រឹត្តល្មើស ធ្វើសកម្មភាពយកផលតែឯង ចំណែកប្រជានេសាទ ជាលក្ខណៈគ្រួសារ មិនបានទទួលត្រី សំរាប់ហូបឡើយ។ អ្នកធ្វើនេសាទល្មើសច្បាប់ទាំងនេះ រួមមានឈ្មោះ រ៉ាត់ ដាក់នៅអូរយីប ឈ្មោះ យូ ហ៊ត ដាក់នៅអូរឯក ឈ្មោះ ស្រី ដាក់នៅអូរឡឹង ឈ្មោះ ម៉ៅ ឡី និងកូនដាក់នៅអូរធាក់ ហើយអូរព្រែកទាំងនេះ ឋិតក្នុងដែនឡូតិ៍នេសាទ១២ ក្រោមការគ្រប់គ្រង របស់សហគមន៍ព្រៃចាស់ របស់ឈ្មោះ ផៃ ឈ្មោះ ហៀង និងឈ្មោះ គឹម យឿង ជាមន្ត្រីសហគមន៍។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកខ្លួនបានស្តាប់ឮការពិភាក្សា និងខ្វែងគំនិតគ្នា រវាងឈ្មោះ ផៃ ឈ្មោះ ហៀង និងឈ្មោះ គឹម យឿង ជាមន្ត្រីសហគមន៍ ដែលបានយកប្រាក់ ពីពួកល្មើសនេសាទ នៅចំណុចកើតហេតុខាងលើ។ ក្នុងករណីនេះ អ្នកយកព័ត៌មាន មិនអាចទំនាក់ទំនង សុំការបំភ្លឺពីឈ្មោះ ផៃ ឈ្មោះ ហៀង និងឈ្មោះ គឹម យឿង ជាមន្ត្រីសហគមន៍ព្រៃចាស់ បានទេ ហើយលោក នឹម សោម នាយសង្កាត់ជលផលបាក់ព្រា ក៏មិនលើកទូរស័ព្ទ ដើម្បីបំភ្លឺនោះទេ៕ ដោយ សុខជា
Source from: watphnom-news.com























Loading...




Post a Comment