Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទោះបី​គ្មាន​សង្ឃឹមថានឹង​ឈ្នះក្តី​ក៏​មាន​យុវជន​២​នាក់​ហើយ​ដែល​បញ្ចេញភាព​ក្លាហាន​ហ៊ាន​ប្តឹង​បុរស​ខ្លាំង​ទៅ​តុលាការ​

​នៅ​ថ្ងៃ​ចន្ទ​ ទី​០៦​ ខែមករា​ ឆ្នាំ​២០១៤​នេះ​ មាន​យុវជន​ម្នាក់​ឋិត​ក្នុង​ក្រុម​បណ្តាញ​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ ឈ្មោះ​ នាង​ សុ​ឃុន​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​ដាក់​ពាក្យ​ប្តឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ចោទប្រកាន់​ពី​បទ​កាត់​ទឹកដី​កម្ពុជា​ឲ្យ​ទៅ​ប្រទេស​វៀតណាម​ និង​ក្លែងបន្លំ​ឯកសារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ខុសច្បាប់​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ឈ្មោះ​ សួង​ សុ​ភ័​ណ្ឌ​ អាយុ​២៦​ឆ្នាំ​ រស់នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​ដាក់​ពាក្យ​ប្តឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​បុរស​ខ្លាំង​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ចំនួន​៣៥៣​នាក់​ និង​រង​របួស​ជាង​៤០០​នាក់​ នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ នា​រាត្រី​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិក​ ឆ្នាំ​២០១០​ ។​ ប៉ុន្តែ​បណ្តឹង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ ។​ មាន​ន័យ​ថា​ យុវជន​ សួង​ សុ​ភ័​ណ្ឌ​ ចាញ់ក្តី​បុរស​ខ្លាំង​នៅ​តុលាការ​ ។​

​នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៣​ យុវជន​ សួង​ សុ​ភ័​ណ្ឌ​ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​ខេត្ត​ប៉ៃលិន​ផង​នោះ​ បាន​ដាក់​ពាក្យ​ប្តឹង​បុរស​ខ្លាំង​មួយ​ករណី​ទៀត​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បណ្តោយ​ឲ្យ​ជនជាតិ​យួន​ចូល​មក​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ ។​ ប៉ុន្តែ​ពាក្យបណ្តឹង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ ដូច​ករណី​ពាក្យបណ្តឹង​លើក​មុន​ដែរ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយសារ​ស្ថាប័ន​តុលាការ​កម្ពុជា​មិន​ឯករាជ្យ​ និង​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​របស់​បុរស​ខ្លាំង​នោះ​ គឺ​ពាក្យបណ្តឹង​របស់​យុវជន​ នាង​ សុ​ឃុន​ ដែល​ប្តឹង​ប្រឆាំង​នឹង​បុរស​ខ្លាំង​ ក៏​អាច​ត្រូវ​បាន​តុលាការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ដូច​ករណី​យុវជន​ សួង​ សុ​ភ័​ណ្ឌ​ ប្តឹង​បុរស​ខ្លាំង​ ដូច​គ្នា​ ។​

​រួម​សេចក្តី​មក​ ទោះបី​គ្មាន​សង្ឃឹមថានឹង​ឈ្នះក្តី​ក៏​ដោយ​ ក៏​មាន​យុវជន​ពីរ​នាក់​ហើយ​ដែល​បញ្ចេញ​សេចក្តី​ក្លាហាន​ហ៊ាន​ប្តឹង​ប្រឆាំង​នឹង​បុរស​ខ្លាំង​ទៅ​តុលាការ​ ហើយ​គេ​មិន​អាច​ទស្សន៍​ទាយ​ជា​មុន​បាន​ថា​ តើ​បុរស​ខ្លាំង​នឹង​ប្តឹង​បក​ប្រឆាំង​មក​លើ​យុវជន​ជាដើម​បណ្តឹង​វិញ​ ស្រប​តាម​បញ្ញត្តិ​មាត្រា​១៤១​ និង​មាត្រា​១៤២​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​យ៉ាងណា​នោះ​ទេ​ ៕​

សួង-សុភ័ណ្ឌ


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item