Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បណ្តឹង​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ជា​សម្ពាធ​ឲ្យ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​វិល​ចូល​កាន់​តំណែង​ក្នុង​រដ្ឋសភា​ឬទេ​ ?

​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ចំនួន​ត្រឹម​៦៨​រូប​ បាន​បើក​សម័យប្រជុំ​លើក​ដំបូង​របស់​ខ្លួន​ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដោយ​គ្មាន​វត្តមាន​របស់​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​រហូត​មក​ទល់​បច្ចុប្បន្ន​ គឺ​មាន​រយៈពេល​ជា​៣​ខែ​ហើយ​ ខណៈ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​មាត្រា​៧៦​បាន​ចែង​ថា​ "​រដ្ឋសភា​មាន​សមាជិក​ជា​តំណាងរាស្ត្រ​យ៉ាងតិច​១២០​រូប​ ។​ "​ និង​ច្បាប់​ស្តី​ពី​ការ​កំណត់​ចំនួន​អាសនៈ​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៥​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០១១២/០០៣​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១២​ ត្រង់​មាត្រា​១​បាន​ចែង​ថា​ "​ចំនួន​អាសនៈ​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៥​ ត្រូវ​កំណត់​ត្រឹម​១២៣​ ។​ "​ ។

​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ មិន​ត្រឹមតែ​មិន​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​ប៉ុណ្ណោះ​ទេ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​អ្នកគាំទ្រ​គណបក្ស​របស់​ខ្លួន​ធ្វើ​មហា​បាតុកម្ម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​សា​ជា​ថ្មី​ឡើង​វិញទៀត​ផង​ ដោយសារ​គណបក្សប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​នេះ​ ចោទប្រកាន់​ថា​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​មក​ មាន​ភាព​មិន​ប្រក្រតី​យ៉ាងធ្ងន់ធ្ងរ​ ។​ ក្រៅពី​កម្មវត្ថុ​នៃ​ការ​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​នោះ​ គឺ​សម្រែក​ស្នើ​សុំ​ថា​ "​ហ៊ុន​ សែន​ អើយ​ ចុះ​ចេញ​ទៅ​!!!"​ បាន​លាន់ឮ​សូរ​កងរំពង​កក្រើក​រាជធានី​ភ្នំពេញ​ ចេញពី​មាត់​របស់​ក្រុម​បាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ម៉ឺន​ រាប់​សែន​នាក់​ និង​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ។​

​សន្ទុះ​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជំរុញ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហៅ​បុរស​ខ្លាំង​នៃ​កម្ពុជា​ បញ្ចេញ​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ព្រមទាំង​បាន​គំរាម​ប្រើ​ "​បាតដៃ​ទី​៣"​ របស់​ខ្លួន​ទៀត​ផង​ ។​

​នៅ​ទីបំផុត​ កាលពី​ថ្ងៃ​ទី​០២-០៣​ ខែមករា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ក៏​លេច​ចេញ​មាន​អំពើ​ហិង្សា​ ដោយសារ​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ បាន​បង្ក្រាប​យ៉ាង​សាហាវ​ទៅ​លើ​តំណាង​សហជីព​ កម្មករ​ កម្មការិនី​ បណ្តាល​ឲ្យ​ពលរដ្ឋ​ស៊ី​វិល​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​ និង​លើស​ពី​នេះ​ទៀត​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​កោះ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៤​ខាង​មុខ​ ។​

​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រសិនបើ​តុលាការ​ដែល​ជា​ស្ថាប័ន​ត្រូវ​បាន​វាយតម្លៃ​ថា​ ជា​ស្ថាប័ន​មិន​ឯករាជ្យ​នោះ​រក​ឃើញ​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ ពិតជា​មាន​ពិរុទ្ធ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​មែន​ គឺ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បណ្តឹង​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​អាជ្ញាធរ​ទៅ​ស្ថាប័ន​តុលាការ​ ដែល​ជា​ស្ថាប័ន​មិន​ឯករាជ្យ​ និង​ជា​ឧបករណ៍​របស់​គណបក្ស​នយោបាយ​កាន់​អំណាច​នោះ​ គឺ​អាច​ក្លាយជា​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ​ ដើម្បី​ឲ្យ​តំណាងរាស្ត្រ​ចាប់ឆ្នោត​របស់​បក្ស​ប្រឆាំង​វិល​ចូល​ធ្វើ​សច្ចាប្រណិធាន​កាន់​មុខ​តំណែង​ក្នុង​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​បង្ខំ​ចិត្តបាន​ ទោះបី​មិន​ចង់​ក៏​ដោយ​ ៕​

Untitled-2.jpgss


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item