
បំបែកសំបុកក្រុមចោរប្លន់ ដែលជ្រកក្រោមស្លាក ហាងកែសម្ផស្ស របស់កញ្ញា សៀង ម៉ី
រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថ និងនគរបាល ខណ្ឌសែនសុខ សហការជាមួយ នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់-ស្រាល រាជធានីភ្នំពេញ បានសហការគ្នាតាមប្រមាញ់ បង្ក្រាបបានចោរប្លន់និងគូកន ៤ នាក់ កាលពីវេលាម៉ោង ១និង៣៥នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមផ្លូវលេខ១៩៨៦ ក្បែរស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីមានការ ឡោមព័ទ្ធហាងកែសម្ផស្ស មួយកន្លែង ដែលមាន ម្ចាស់ហាងឈ្មោះ សៀង ម៉ី ដោយដកហូតបានម៉ូតូ ២គ្រឿង ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមចោរប្លន់ខាងលើ កាលពីប៉ុន្មានថ្ងៃមុន បានធ្វើសកម្មភាព ប្លន់ម៉ូតូនៅតាមផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ទើបសមត្ថកិច្ចស្រាវជ្រាវ និងតាមប្រមាញ់ ឃាត់ខ្លួនបានតែម្តង។ មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូធុនធំមួយគ្រឿង តាមផ្លូវលេខ២៧១ មុខផ្សារទំនើបសុវណ្ណា ស្រាប់តែបុរសម្នាក់ឈ្មោះ អ៊ាង វិច្ឆិកា អាយុ ២២ឆ្នាំ ដែលឃើញម៉ូតូជារបស់ខ្លួន ត្រូវចោរប្លន់កាលពីពេលថ្មីៗនេះ ក៏ជិះតាមពីក្រោយ រហូតដល់ហាង កែសម្ផស្សខាងលើ ទើបរាយការាណ៍ ជូនសមត្ថកិច្ច ចុះទៅឡោមព័ទ្ធតែម្ដង ។
ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ខ្លួនបានបាត់ម៉ូតូនៅម្ដុំផ្លូវរថភ្លើង ត្រឡោកបែក ស្រាប់តែឃើញជនសង្ស័យ ជិះម៉ូតូនៅមុខផ្សារសុវណ្ណា ហើយស្គាល់ច្បាស់ថា ជាម៉ូតូរបស់ខ្លួន ក៏ជិះតាមពីក្រោយរហូតដល់ ចំណុចកើតហេតុខាងលើនេះ។ នៅពេលសមត្ថកិច្ច ចុះទៅដល់ទីនោះ ស្រាប់តែឈ្មោះ សៀង ម៉ី ជាម្ចាស់ហាង ចេញមកចង្អុលមុខ និងជេរប្រមាថ សមត្ថកិច្ច ហើយគំរាមប្ដឹងទៀតផង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ ៤នាក់ និងម៉ូតូចំនួន ២គ្រឿង ដែលពួកគេ បានប្តូរស្លាកលេខ ហើយកញ្ញា សៀង ម៉ី ដែលជាម្ចាស់ហាង ក៏ត្រូវឃាត់ខ្លួន ដើម្បីសួរនាំផងដែរ៕
Source from: watphnom-news.com
Post a Comment