
កូនស្រីទោលបងធំទី១ ប៉ុល ពត ឬ សាឡុត ស ចូលរោងការនៅម៉ាឡៃខេត្តបន្ទាយមានជ័យ
នៅថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០១៤នេះ កូនស្រីទោលរបស់ សាឡុត ស ហៅ ប៉ុល ពត ដែលជាបងធំទី១ របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានចូលរោងការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
កូនស្រីទោលរបស់បងធំទី១ ប៉ុល ពត ឬសាឡុត ស ដែលបានចូលរោងការនៅថ្ងៃអាទិត្យនេះ គឺកញ្ញា ស ពុទ្ធចតា អាយុ២៦ឆ្នាំ ជាកូនស្រីតែមួយគត់របស់ សាឡុត ស ហៅ ប៉ុល ពត អតីតលេខាបក្សកុម្មុយនិស្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាមួយនឹងអ្នកស្រី មាស សោម ដែលជាប្រពន្ធក្រោយរបស់ ប៉ុល ពត ។ កូនកម្លោះដែលរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីទោលរបស់ ប៉ុល ពត នោះមានឈ្មោះ ស៊ី វិច្ឆិកា ។
ប្រភពព័ត៌មានពីស្រុកម៉ាឡៃបានឲ្យដឹងថា កញ្ញា ស ពុទ្ធចតា គឺជាកូនស្រីចុងរបស់លោក ទេព ឃុនណាល់អតីតអភិបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលក្រោមការទំនុកបម្រុងផ្ចុងផ្តើមពីសំណាក់ឪពុកចុង នាងបានទៅបន្តការសិក្សានៅប្រទេសម៉ាឡេស៊ី ហើយក៏បានស្គាល់គ្នាជាមួយនឹងកូនកម្លោះ ខណៈពួកគេកំពុងសិក្សានៅទីនោះលើមុខវិជ្ជាភាសាអង់គ្លេស ។
សាឡុត ស ហៅ ប៉ុល ពត ដែលជាបងធំទី១នារបបកម្ពុជាប្រជាធិបតេយ្យ ដែលគេហៅថាជារបបវាលពិឃាដ បានទទួលមរណភាពក្រោមពិធីរៀបចំបុណ្យទានយ៉ាងសាមញ្ញនៅដើមខែមេសា ឆ្នាំ១៩៩៨ ។ ប៉ុល ពត មានប្រពន្ធដើមឈ្មោះ ខៀវ ប៉ុណ្ណារី ប៉ុន្តែមិនមានកូនចៅទេ និងក្រោយមក ប៉ុល ពត ក៏បានយកប្រពន្ធក្រោយឈ្មោះ មាស សោម នាអំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០ ដោយទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះ ស ពុទ្ធចតា ។
បច្ចុប្បន្ន ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យជាមិត្តរួមការងារជាមួយ ប៉ុល ពត គឺលោក នួន ជា ដែលជាបងធំទី២ និងលោក ខៀវ សំផន កំពុងជាប់ឈ្មោះជាជនជាប់ចោទនៅសាលាក្តីខ្មែរក្រហម ដែលកំពុងដំណើរការនីតិវិធីវិនិច្ឆ័យផ្តន្ទាទោសនៅឡើយ ៕
Source from: www.dtn7.com
Post a Comment