
មេការរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ប្រមូលទិញឈើតម្លៃថោកៗ ពីប្រជាពលរដ្ឋដែលចូលទៅកាប់ តាមតំបន់អភិរក្ស និងតំបន់កន្ទុយនាគ
រាជធានីភ្នំពេញ ៖ ច្រើនឆ្នាំមកហើយដែល ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា កំពុងតែសម្រុកក្នុងការប្រមូលទិញឈើ និងដឹកជញ្ជូនយកទៅលក់ នៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង មិនដែលមាននរណាហ៊ានហើបមាត់ ជាពិសេសសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅតាមតំបន់ព្រៃការពារ និងតំបន់អភិរក្សមួយចំនួន ក្នុងទឹកដីខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ផ្តើមឡើងដោយមេការសំខាន់ៗ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា គេមិនដែលឃើញមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ការបង្ក្រាប ឲ្យមានប្រសិទ្ធភាពម្តងណាឡើយ មិនដឹងជាឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ពាយលុយប៉ុន្មាន យកទៅបិទភ្នែក បិទមាត់និងបិទត្រចៀកមន្ត្រី ក៏ដូចជាសមត្ថកិច្ចទាំងនោះទេ។
តាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ថា នៅក្នុងទឹកដីខេត្តស្ទឹងត្រែង នៅចំណុចភូមិសាស្ត្រស្រុកសេសាន និងស្រុកថាឡាបរិវាត់ មានការកាប់បំផ្លាញឈើប្រណីត យ៉ាងវិនាសហិនយោច នៅតាមតំបន់ព្រៃការពារ និងតំបន់អភិរក្សនៅក្រៅ បរិវេណតំបន់ស្តារបាតអាង ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលអនុវត្តន៍ដោយក្រុមហ៊ុន របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលនៅទីនោះ មានមេការឈ្មោះ សាន ចយ និងឈ្មោះ ម៉ាប់ ជាអ្នកដើរប្រមូលទិញឈើ ឬជាអ្នកចាត់ចែងចេញលុយ ឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើ យកមកលក់ឲ្យពួកគេក្នុងតម្លៃថោកៗ។ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា កំពុងតែបណ្តាក់ទុន រកស៊ីក្នុងការប្រមូលទិញឈើ ដែលប្រជាពលរដ្ឋចូលទៅកាប់បំផ្លាញ នៅតំបន់ឧទ្យានជាតិវីរៈជ័យ ឬតំបន់កន្ទុយនាគផងដែរ ដោយមានឈ្មោះ ចយ និងឈ្មោះ ម៉ាប់ ជាអ្នកចាត់ចែង សម្របសម្រួលការងារប្រចាំថ្ងៃ ។
ឈើប្រណីតដែលត្រូវបានកាប់បំផ្លាញ នៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ឬតំបន់កន្ទុយនាគ ត្រូវបានប្រមូល យកមកស្តុកទុកក្នុងព្រៃ ឬតាមមាត់ទន្លេ ក្នុងភូមិតាឡាត់ ភូមិរំពាត់ និងភូមិស្វាយរៀង នៃខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ជាមួយ ខេត្តរតនគិរី។ សកម្មភាពកាប់បំផ្លាញឈើប្រណីត ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ដែលលាតសន្ធឹងលើផ្ទៃដី រាប់ម៉ឺនហិកតា ប្រមូលបានឈើប្រណីតរាប់ពាន់ម៉ែត្រគូប ដឹកជញ្ជូនជាប់ជាប្រចាំ ចេញពីចំណុចដែលប្រមូលគរទុក រៀបចំដឹកតាមរថយន្តយីឌុបខ្នាតយក្ស ចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ចំណុចអូរពងមាន់ ឡើងមកកាន់ស្រុកស្នួល ខេត្តក្រចេះ និងនាំចេញទៅលក់ នៅស្រុកយួន តាមច្រកព្រំដែនមួយចំនួនក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។ គ្រប់សកម្មភាព ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មិនដែលមាននរណាហ៊ានប៉ះពាល់ ឬហ៊ានរំខាននោះទេ ក៏ព្រោះតែមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទទួលបានផលប្រយោជន៍ ពីឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ជាប់ជាប្រចាំ។
កន្លងមកឡានដឹកឈើយីឌុប ខ្នាតយក្សរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលដឹកជញ្ជូនលើសទម្ងន់ បានធ្វើឲ្យខូចខាតផ្លូវ និងបាក់ស្ពានរំខានការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី គេមិនដែលឃើញអភិបាលខេត្តទាំង៣នេះ យកចិត្តទុកដាក់ទប់ស្កាត់ ភាពអនាធិបតេយ្យ ដែលបង្កឡើងដោយឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ម្តងណាឡើយ។ ឈ្មោះ ម៉ាប់ និងឈ្មោះ សាន ចយ ដែលជាមេការរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ជាមនុស្សពោរពេញ ដោយអំណាចនិងឥទ្ធិពល សូម្បីតែឈ្មោះ សាន ចយ បើកឡានបុកអ្នកស្រុកស្លាប់តាមផ្លូវ ក៏គ្មាននរណាហ៊ានក្អក ព្រោះឈ្មោះ សាន ចយ មានលុយចាយបិទមាត់ បិទភ្នែកសមត្ថកិច្ច មិនឲ្យមើលឃើញ ពីអំពើខុសច្បាប់ របស់ពួកគេនោះទេ។
គេចាំបានថាឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានយកអាជ្ញាប័ណ្ណ នៃការស្តារបាតអាងទំនប់វារីអគ្គិសនី របស់លោកឧកញ៉ា គិត ម៉េង ទៅធ្វើជាខែលដើម្បី កាប់បំផ្លាញឈើប្រណីត រាប់ពាន់ម៉ែត្រគូប នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មិនត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញកោះហៅ ទៅសួរនាំម្តងណាឡើយ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានចេញលិខិត ឲ្យផ្អាកសកម្មភាពប្រមូលទិញឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដើម្បីការពារកុំឲ្យមានភាពអនាធិបតេយ្យ នៃការកាប់បំផ្លាញព្រៃឈើ នៅក្បែរតំបន់ទំនប់វារីអគ្គិសនីក៏ដោយ។ សូមរំលឹកថា ក្រោយពេលរដ្ឋាភិបាល បានផ្អាកសកម្មភាពមិនឲ្យឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ប្រមូលទិញឬកាប់ឈើ នៅជុំវិញតំបន់ទំនប់វារីអគ្គិសនី សេសានក្រោម២ ក៏ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា នៅតែមានឱកាសបង្កព្យុះភ្លៀង តាមតែទំនើងចិត្ត តាមរយៈការចាយលុយបិទភ្នែក សមត្ថកិច្ចនិងមន្ត្រីជំនាញ ហើយបន្តការប្រមូលទិញឈើ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ចេញពីតំបន់ហាមឃាត់៕
Source from: watphnom-news.com
Post a Comment