
ទៅចែកធៀបឡើងផ្ទះថ្មី បើកឡានបុកគ្នា ស្លាប់ទាហានស័ក្តិ ៤កន្លះម្នាក់ របួសធ្ងន់ ២នាក់
ខេត្តសៀមរាប ៖ មន្ត្រីយោធាស័ក្តិ ៤កន្លះម្នាក់ បានបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសាររថយន្ត ក្រុមហ៊ុនស្រាបៀរអង្គរនិងរថយន្តធុនពីរបាំង ពាក់ស្លាកលេខ ខ.ម បើកបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០និង៥៥ នាទី លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ អ៊ុក ប៊ុណ្ណារិទ្ធិ ភេទប្រុស អាយុ ៥១ឆ្នាំ ជាយោធាស័ក្តិ៤កន្លះ មានតួនាទីជា នាយការិយាល័យ ទំនាក់ទំនងព្រំដែន នៃតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ។ ចំណែកជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ទី១. ឈ្មោះ ជុំ សុខន ប្តីជាអ្នកបើកបររថយន្តម៉ាកអ៊ីស៊ុយហ្សុយ ធុនពីរបាំង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ២.៧៥២៩ ក្នុងដំណើរពីកើតទៅលិច និងឈ្មោះ ចាន់ ពិសី ជាប្រពន្ធ អ្នកទាំង២ មិនបានស្គាល់អាយុទេ គ្រាន់តែដឹងថាមានទីលំនៅ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បានដើរអញ្ជើញសំបុត្រ ក្នុងពិធីឡើងគេហដ្ឋានថ្មី ដែលស្ថិតក្នុងសង្កាត់គោកចក ដោយបាននាំមិត្តភក្តិ ដែលស្លាប់ទៅជាមួយដែរ។ ចំណែករថយន្តសណ្ដោង ធុនយីឌុបភ្លៅ៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣B-៧៧៨៧ ដែលមានសណ្តោងកន្ទុយ ផ្ទុកដំឡូងមីពេញប្រៀប បើកបរពីលិចទៅកើត។ ពុំមានសាក្សីណាម្នាក់បញ្ជាក់អំពី ហេតុការណ៍គ្រោះថ្នាក់នេះ ឲ្យបានជាក់លាក់ថា រថយន្តមួយណាជាអ្នកបង្ក ព្រោះបន្ទាប់ពីឮសូរប្រាវកក្រើកមួយកំណាត់ភូមិ គេឮសម្លេងខ្សាវៗ ស្រែកឲ្យជួយ ប៉ុន្តែពេលនាំគ្នាទៅមើល ឃើញតែអ្នកដេកស្លាប់ក្នុងថ្លុកឈាម និងអ្នករបួសដែលសន្លប់ប៉ុណ្ណោះ៕
Source from: watphnom-news.com
Post a Comment