
លោក មាន ប៊ុនធឿន ប្រធានស្នាក់ការសន្តិសុខ៧០២ ចាប់ក្មេងប្រុសម្នាក់វាយទាត់ធាក់រហូតសន្លប់ ហើយចរចាបញ្ចប់រឿងក្រៅផ្លូវតុលាការ
ខេត្តកំពង់ចាម ៖ លោក មាន ប៊ុនធឿន ជាប្រធានស្នាក់ការ សន្តិសុខលេខ៧០២ ដែលមានទីតាំងស្ថិតនៅស្រុកមេមត់ ចំណុះឲ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ចាម ដែលគ្រប់គ្រងដោយលោក វ៉ា សារិទ្ធ បានប្រព្រឹត្តអំពើមិនគប្បីដោយចាប់អូសដៃក្មេងប្រុសអាយុ ១៥ឆ្នាំ ម្នាក់ចេញពីកន្លែងរាំវង់ វាយទាត់ធាក់រហូតដល់សន្លប់ ហើយបើពិនិត្យរឿងរ៉ាវ នៃធាតុផ្សំបទល្មើសវិញ ការប្រព្រឹត្តរបស់លោក មាន ប៊ុនធឿន គឺជាបទប៉ុនប៉ងមនុស្សឃាត ប៉ុន្តែអំណាចលុយ និងស្បែកជាមន្ត្រី កងរាជអាវុធហត្ថ គ្មាននរណាហ៊ានធ្វើអ្វីលោក មាន ប៊ុនធឿន នោះទេ ហើយគ្រួសារជនរងគ្រោះ បានត្រឹមតែទទួលយកសំណង បន្តិចបន្តួច តាមរយៈការសម្របសម្រួលក្រៅផ្លូវតុលាការ ដើម្បីបញ្ចប់រឿងស្ងាត់ៗ។
ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង ៨និង២០ នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះអ្នកស្រុក ក្បែរផ្សារថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំ មានរៀបចំពិធីមង្គលការមួយ ខណៈពេលដែលភ្ញៀវ កំពុងផឹកស៊ីរាំសប្បាយ ស្រាប់តែមានការផ្អើលឆោឡោ ទំនងជាក្មេងៗក្នុងភូមិ រាំជាន់ជើងគ្នា ក៏បង្កជាជម្លោះ វាយតប់ផ្អើលរោងការ។ ភ្លាមៗនោះ គេឃើញកុមារាម្នាក់ឈ្មោះ សៀង ចាន់រ៉ាណែត អាយុ ១៥ឆ្នាំ មានទីលំនៅ ក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំ មានឪពុកឈ្មោះ សៀង ណាត ជាមន្ត្រីយោធា ត្រូវបានលោក មាន ប៊ុនធឿន ជាប្រធានស្នាក់ការ សន្តិសុខលេខ៧០២ ចាប់អូសដៃចេញមកក្រៅវង់រាំ រួចបានប្រើអំពើហិង្សាទាត់ធាក់យ៉ាងព្រៃផ្សៃ រហូតទាល់តែសន្លប់បាត់ស្មារតី គ្មាននរណាហ៊ានចូល ទៅជួយឃាត់នោះទេ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយ ទៅតាមនីតិវិធី ព្រោះវាជាបទល្មើស នៃការប៉ុនប៉ងមនុស្សឃាត ឬការប្រើប្រាស់អំពើហិង្សាដោយចេតនា ក្នុងស្ថានទម្ងន់ទោស ប៉ុន្តែលោក មាន ប៊ុនធឿន បានប្រើវិធីគំរាមផង ចរចាផង ឲ្យក្រុមគ្រួសារជនរងគ្រោះបញ្ចប់រឿង ដោយចរចាផ្តល់សំណង ទៅតាមស្ថានភាពជាក់ស្តែង។ ប្រភពដែលជិតដិត នឹងសំណុំរឿងមួយនេះ បានលើកឡើងថា ពីដំបូងឡើយក្រុមគ្រួសារជនរងគ្រោះ បានប្តឹងទាមទារសំណងចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ថ្លៃព្យាបាលរបួសស្នាម និងសុំឲ្យច្បាប់ផ្តន្ទាទោសលោក មាន ប៊ុនធឿន ប៉ុន្តែក្រោយមកលោក មាន ប៊ុនធឿន បានចរចាសម្របសម្រួល ផ្តល់សំណងត្រឹមតែ ៦ពាន់ ដុល្លារប៉ុណ្ណោះ ហើយបានបញ្ចប់រឿងយ៉ាងស្ងាត់ៗ កាលពីថ្ងៃទី១២ ខែមីនា មិនបញ្ជូនសំណុំរឿង ទៅកាន់តុលាការនោះទេ គឺជាការចរចាបញ្ចប់រឿង ក្រៅផ្លូវតុលាការ។
បើពិនិត្យពីអង្គហេតុនិងអង្គច្បាប់ គេអាចមើលឃើញថា អំពើហិង្សាដ៏ឃោរឃៅ ដែលលោក មាន ប៊ុនធឿន បានចាប់ក្មេងប្រុសអាយុ ១៥ឆ្នាំ វាយរហូតដល់សន្លប់ គឺជាការប៉ុនប៉ងមនុស្សឃាត ទោះជាមានការចរចាផ្តល់សំណងដល់ គ្រួសារជនរងគ្រោះក៏ដោយ វាគ្រាន់តែជាសំណងរដ្ឋប្បវេណីប៉ុណ្ណោះ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការ ដើម្បីដោះស្រាយ ទៅតាមច្បាប់បន្តទៅទៀត។ មានការបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋ ក្រីក្រទន់ខ្សោយ គ្រាន់តែមានជម្លោះបន្តិចបន្តួច ឬដេញវាយតប់គ្នាតាមផ្លូវ មិនមានរបួសស្នាមអ្វីផង ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ប៉ុន្តែសម្រាប់លោក មាន ប៊ុនធឿន ដែលវាយក្មេងប្រុសម្នាក់ ឲ្យសន្លប់យ៉ាងសាហាវឃោរឃៅ នៅកណ្តាលចំណោមមនុស្ស ហេតុអ្វីក៏គ្មានទោសពៃរ៍។
យ៉ាងណាក៏ដោយ លោក មាន ប៊ុនធឿន មិនទាន់អាចសុំការបំភ្លឺបានទេ។ សូមបញ្ជាក់ថា ជារឿយៗមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឲ្យមន្ត្រីនិងពលអាវុធហត្ថទាំងអស់ គោរពឲ្យបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំង ប៉ុន្តែលោក មាន ប៊ុនធឿន មិនដែលឈឺក្បាលវិលមុខ ពីសេចក្តីណែនាំ របស់ថ្នាក់លើនោះទេ។ ក្រៅពីការប្រើអំពើហិង្សា ដ៏ឃោរឃៅទៅលើកុមារាអាយុ ១៥ឆ្នាំ រហូតសន្លប់បាត់ស្មារតី លោក មាន ប៊ុនធឿន ក៏ធ្លាប់ជាប់ពាក់ព័ន្ធរឿងអាស្រូវ នៃការចាត់ចែងឲ្យមន្ត្រីក្រោមឱវាទ ប្រចាំនៅស្នាក់ការសន្តិសុខលេខ៧០២ បង្កើតប៉ុស្តិ៍ជជុះ ចាំប្រមូលលុយពីឡានដឹកឈើ ឡានដឹកជន្លង់ម្រេច យ៉ាងប្រសេចប្រសាច ហើយគេចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើល ភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ៕
Source from: watphnom-news.com
Post a Comment