
ផឹកស្រាក្លែមសំដីក្លាយជាជម្លោះកាប់ចាក់គ្នាពេលយប់ ព្រលឹមឡើងដេកស្លាប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធ័ម នៅក្បែរខ្ទមស្រះចិញ្ចឹមត្រីមួយកន្លែង ស្ថិតនៅភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាក្នុងវង់ផឹកស៊ីឈានដល់ ការប្រើអំពើហិង្សា ប្រយុទ្ធគ្នាយកឈ្នះចាញ់ កាលពីនៅយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុច កើតហេតុខាងលើ ។
រហូតដល់ព្រឹកព្រលឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ប្រជាពលរដ្ឋបានប្រទះឃើញ ជនជាតិវៀតណាមម្នាក់ឈ្មោះ ផាម យ៉ាំងប៉ាវ អាយុ ៥០ឆ្នាំ មុខរបរដេរអួន និងស៊ីឈ្មួញចិញ្ចឹមត្រី មានទីលំនៅ ក្នុងភូមិ-សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យសាកសព ឃើញជនរងគ្រោះ មានស្នាមវាយដំ ដោយវត្ថុរឹង ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះដែលបាត់បង់ជីវិតនេះ ដោយសារគេធ្វើឃាត តែមិនមានការបញ្ជាក់ ពីមូលហេតុអ្វីនោះឡើយ។
សាក្សីបានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ គេបានឃើញជនរងគ្រោះ បានអង្គុយផឹកស៊ី ជាមួយមិត្ដភក្ដិ ៣-៤ នាក់ទៀត ដែលជាជនជាតិវៀតណាម និងជាកម្មករចិញ្ចឹមត្រីដូចគ្នា នៅចំណុចកើតហេតុខាងលើ ។ មួយសន្ទុះក្រោយមកស្រាប់តែមាន ឮសំឡេងជជែកគ្នាខ្លាំងៗ តែគេមិនដឹងថា ជម្លេះនេះកើតឡើង ដោយសាររឿងអ្វីនោះទេ ហើយអ្នកជិតខាងនឹកស្មានថា ពួកគេស្រវឹងតែងតែ ជជែកគ្នាខ្លាំងយ៉ាងនេះ ក៏នាំគ្នាដេកលក់អស់ទៅ ។
លុះព្រឹកឡើង ស្រាប់តែមានការភ្ញាក់ផ្អើល ទើបគេសង្ស័យថា ជនរងគ្រោះស្លាប់ ដោយសារមិត្ដភក្ដិ វាយសម្លាប់ក្រោយពេល មានទំនាស់នឹងគ្នា ហើយមកដល់ពេល នេះមិត្ដភក្ដិ ៣-៤ នាក់ដែលផឹកស៊ី ជាមួយជនរងគ្រោះ បានគេចខ្លួនបាត់អស់ហើយ។ យ៉ាងណាក៏ដោយ ជនសង្ស័យទាំង ៣-៤ នាក់ នោះសមត្ថកិច្ចបានស្គាល់ អត្ដសញ្ញាណអស់ហើយ ដូច្នេះសមត្ថកិច្ចកំពុងទំនាក់ទំនង ជាមួយតុលាការ សុំដីកាចាប់ខ្លួនជនទាំងនេះ មកផ្ដន្ទាទោស តាមច្បាប់ឱ្យខាងតែបាន ៕
Source from: watphnom-news.com
Post a Comment