
ប្រើល្បិចទម្លាក់ស៊ីម៉ង់ត៍មិនអស់ ប្រុងយកទៅលក់នៅកន្លែងផ្សេង ត្រូវអ្នកទិញចាប់ឲ្យប៉ូលីស
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ដែលជាអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍ ត្រូវបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យ រួមនឹងកម្មករ ៤នាក់ទៀត បានដឹកស៊ីម៉ង់ត៍ទៅទម្លាក់ នៅក្នុងឡក្បឿងមួយកន្លែង តែទម្លាក់មិនអស់ បម្រុងយកទៅលក់កន្លែងផ្សេងទៀត ត្រូវបានអ្នកទិញសង្ស័យថា ស៊ីម៉ង់ត៍ដែលនៅសល់ លើរថយន្តជារបស់ខ្លួន ក៏ប្តឹងឲ្យនគរបាលឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង ៤និង៣០ នាទីល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបរិវេណឡដ្ឋ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យមានគ្នា ៥នាក់ ក្នុងនោះឃាត់ខ្លួនបានម្នាក់ឈ្មោះ ចាន់ លីន ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាអ្នក បើកបររថយន្តដឹកស៊ីម៉ង់ រស់នៅក្នុងភូមិលូប្រាំ សង្កាត់ទួលពង្រ ខណ្ឌសែនសុខ រីឯជនងសង្ស័យ ៤នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមប្រមាញ់ នាំមកផ្តន្ទាទោសតាមច្បាប់។ ជនរងគ្រោះ មានឈ្មោះ ង៉ាន់ ភារម្យ ភេទប្រុស អាយុ ៣១ឆ្នាំ ជាអ្នកកម្មង់ទិញស៊ីម៉ង់ត៍ រស់នៅក្នុងក្រុងភ្នំពេញ ។
មុនពេលកើតហេតុ ជនរងគ្រោះបានទិញស៊ីម៉ង់ត៍ ចំនួន ១៦តោន លុះពេលជនសង្ស័យទាំង ៥នាក់ ដឹកស៊ីម៉ង់ត៍មកទម្លាក់រួចហើយ បើកត្រឡប់ទៅវិញ ជនរងគ្រោះមានការសង្ស័យ បានឡើងមើលលើរថយន្ត ស្រាប់តែឃើញស៊ីម៉ង់ត៍ នៅសល់លើរថយន្តនោះចំនួន ៣០បាវ។ ភ្លាមៗនោះអ្នកបើកបររថយន្ត និងកម្មករទម្លាក់ស៊ីម៉ង់ត៍ បាននាំគ្នារត់គេចខ្លួន ប៉ុន្តែជនរងគ្រោះដេញតាមចាប់បានម្នាក់ ជាអ្នកបើកបររថយន្ត យកមកប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ដើមមាន ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com
Post a Comment