រត់ចេញពីផ្ទះម្តាយបង្កើតរយៈពេល ៣ថ្ងៃ ប្រទះឃើញលង់ទឹកស្រះស្លាប់ គួរឲ្យសង្វេគ
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានរត់ចេញ ពីផ្ទះម្តាយបង្កើត រយៈពេល ៣ថ្ងៃ ដោយមិនដឹងមូលហេតុ ស្រាប់តែប្រទះឃើញ លង់ទឹកស្រះធំ ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០និង០០ នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិ ខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ម្តាយបង្កើតរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនប្រុសគាត់បានរត់ចេញ ពីផ្ទះចំនួន ៣ថ្ងៃមកហើយ មិនដឹងថា មានមូលហេតុអី្វនោះទេ គាត់និងប្តី បងប្អូនដើររកគ្រប់ច្រកល្ហក រហូតដល់ស្រុកកំណើត នៅតែរកមិនឃើញ និងបានចំណាយលុយ ជាច្រើនថែមទៀត នៅតែមិនឃើញកូនប្រុស។ ស្ត្រីជាម្តាយបានបន្តថា កូនប្រុសគាត់មានចរិត ស្លូតបូតណាស់ មិនដែលឲ្យម្តាយពិបាកចិត្តទេ និងជាកូនប្រុសម្នាក់ ក្នុងឆាកជីវិតរបស់គាត់ បែរជាបានទទួលដំណឹងអាក្រក់ថា កូនគាត់លង់ទឹកស្រះ ស្លាប់ទៅវិញ។
លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសព លង់ទឹកស្រះស្លាប់ លោកបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំទួលពង្រ ចុះទៅមើល ចំណុចកើតហេតុតែម្តង ។ សាកសពជនរងគ្រោះ មានឈ្មោះ សយ សំបូរ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបជា កម្មករកាប់ដំឡូង មានលំនៅឋានក្នុងភូមិ ខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ សាកសពជនរងគ្រោះ ពិតជាលង់ទឹកស្រះ ស្លាប់បាត់បង់ជីវិតចំនួន ២ថ្ងៃមកហើយ និងពុំមានស្នាកស្នាម អំពើឃាតកម្មនោះទេ ៕ ដោយ ចិន្តា
Source from: watphnom-news.com























Loading...




Post a Comment