នាងក្រមុំដ៏ស្រស់ស្អាតបាត់ពីផ្ទះ បងស្រីចង់បានដំណឹងតាមទូរស័ព្ទ ០៩៧ ៧៦៧ ៦៩៩១
ខេត្ដកំពង់ឆ្នាំង ៖ ដោយមានក្ដីព្រួយបារម្ភ ចំពោះប្អូនស្រីក្រមុំ ដ៏ស្រស់ស្អាត អាយុទើបតែ ២០ឆ្នាំ ដែលបានចេញពីផ្ទះ បាត់ដំណឹងនិងដោយមានជំនឿថា ការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន អាចជួយនាងបាន នារីម្នាក់ក្នុងទឹកមុខស្រពាប់ស្រពោន បានកាន់រូបថតប្អូនស្រីមួយសន្លឹក ដើរស្វែងរកអ្នកសារព័ត៌មាន សុំឱ្យជួយផ្សព្វផ្សាយដំណឹង រកប្អូនស្រីរបស់នាង ដែលបានបាត់ខ្លួន ព្រោះតែក្រុមគ្រួសារនាង មានជីវភាពក្រីក្រគ្មានលទ្ធភាព និងគ្មានលុយដើររកនាងឡើយ ។
ស្ដ្រីជាបងមានឈ្មោះ ឃួន ស្រីម៉ៅ អាយុ ៣០ឆ្នាំ ជាកូនច្បងក្នុងចំណោម បងប្អូនស្រី ៤នាក់ រស់នៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយថា ឪពុករបស់នាងឈ្មោះ យឹម វណ្ណៈ អាយុ ៥៣ឆ្នាំ មានសតិមិនសូវល្អទេ ចំណែកម្ដាយបានស្លាប់ ចោលពួកនាង ១០ឆ្នាំមកហើយ ។ ប្អូនស្រីដែលបាត់ខ្លួននេះ មានឈ្មោះ ឃួន ស្រីឡា អាយុ ២០ឆ្នាំ ជាកូនពៅ ហើយនាងបានបាត់ខ្លួនគ្មានដំណឹង មិនដឹងថា នាងទៅទីណា ឬមានគ្រោះថ្នាក់ យ៉ាងណានោះទេ ។
មានការបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែមីនា ពេលត្រឡប់មកពីហូបការមិត្ដភក្ដិ នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំងវិញ ប្អូនស្រីបានមកផ្ទះ ជាធម្មតាទេ ប៉ុន្ដែយប់នោះនៅម៉ោងប្រហែលជាង១០ ប្អូនស្រីបានលើកទូរស័ព្ទពីជនម្នាក់ និយាយគ្នាបានបន្ដិច នាងក៏លួចចេញពីផ្ទះទៅបាត់ មិនដឹងទៅណា ។ ព្រឹកឡើងស្ត្រីជាបង បានដើរស៊ើបសួររក ហើយបានទទួលដំណឹងថា ប្អូនស្រីបានជិះម៉ូតូ ជាមួយយុវជនម្នាក់ ទៅរាជធានីភ្នំពេញ ហើយនាងបានចុះនៅមុខស្ថានីយ ទូរទស្សន៍ស៊ីធីអិន ដើម្បីដើររកមិត្ដភក្ដិរបស់នាង ។
មកដល់ពេលនេះ មិនដឹងថា នាងទៅដេកនៅទីណាទេ ព្រោះពេលចេញពីផ្ទះ នាងស្លៀកខោខូយប៊ូវខ្លី និងពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ គ្មានលុកកាក់ជាប់ខ្លួនទេ។ ចំណែកទូរស័ព្ទរបស់នាងបានបិទរហូត មិនដឹងថាសុខ ឬទុក្ខយ៉ាងណាទេ ។ ស្ត្រីជាបងមានការព្រួយបារម្ភ ខ្លាចប្អូនស្រីលង់ចាញ់ ក្នុងឧបាយកលជនខិលខូច យកនាងទៅលក់ បើសិនជាប្អូនស្រី បានទទួលដំណឹងនេះហើយ នាងសុខទុក្ខយ៉ាងណា សូមជួយផ្ដល់ដំណឹងមកបងផង គ្រាន់តែប្រាប់ថា សុខសប្បាយជាធម្មតា គឺអស់ចិត្ដហើយ។ បើបងប្អូនណាបានឃើញ មេត្ដាជួយផ្ដល់ដំណឹងមកស្ត្រីជាបង តាមទូរស័ព្ទលេខ ០៩៧ ៧៦៧ ៦៩៩ ១ ៕
Source from: watphnom-news.com























Loading...




Post a Comment